ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​តែ​តម្រង់​ជួរ​ រង់​ចាំ​ឡើង​ជិះ​យន្ត​ហោះ មាន​មនុស្ស​ម្នាក់​ប៉ះ​ស្មា​ខ្ញុំ​។​ ខ្ញុំ​ក៏​បាន​ងាក​មក​រក​គាត់ ហើយ​ក៏​បាន​ទទួល​ការ​ស្វាគមន៍​ដ៏​កក់​ក្តៅ។ គាត់​ក៏​បាន​សួរ​ខ្ញុំ​ថា “អេលីសា(Elisa)! នៅ​ចាំ​ខ្ញុំ​ទេ? ខ្ញុំ​ឈ្មោះ​ចូន(Joan)”។ ពេល​នោះ ខ្ញុំ​ក៏​បាន​ខំ​នឹក​គិត អំពី​មនុស្ស​ទាំង​ប៉ុន្មាន​នាក់ ដែល​មាន​ឈ្មោះ​ចូន ដែល​ខ្ញុំ​បាន​ស្គាល់ ប៉ុន្តែ ខ្ញុំនៅ​តែ​នឹក​មិន​ឃើញ​ថា ធ្លាប់​ស្គាល់​គាត់​ពី​ពេល​ណា។ តើ​គាត់​ជា​អ្នក​ជិត​ខាង ដែល​ខ្ញុំ​ធ្លាប់​រស់​នៅ​ក្បែរ កាល​ពី​មុន? ឬ​ជា​មិត្ត​រួម​ការងារ​កាល​ពី​មុន? ខ្ញុំ​រក​នឹក​មិន​ឃើញ​ទេ។

ពេល​គាត់​ឃើញ​ខ្ញុំ​ពិបាក​រក​នឹក​ដូច​នេះ គាត់​ក៏​បាន​ប្រាប់​ខ្ញុំ​ថា “អេលីសា យើង​ធ្លាប់​ស្គាល់​គ្នា​កាល នៅ​រៀន​នៅ​វិទ្យាល័យ​”។ ​ខ្ញុំ​ក៏​បាន​ចាប់​ផ្តើម​នឹក​ឃើញ​ថា កាល​នោះ គឺ​នៅ​ពេល​យប់​ថ្ងៃ​សុក្រ នៅ​ទីលាន​ប្រកួត​កីឡា​បាល់​ទាត់ យើង​បាន​ស្រែក​ហូរ​កញ្រ្ចៀវ ពី​កន្លែង​ឈរ​ទស្សនា។ ពេល​ដែល​ខ្ញុំ​បាន​គិត​ដល់​បរិបទ​មួយ​នេះ​ហើយ​ ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​គាត់​ឡើង​វិញ។

ក្រោយ​ពេល​ដែល​ព្រះ​យេស៊ូវ​បាន​សុគត​ហើយ នាង​ម៉ារា មក​ពី​ស្រុក​ម៉ាកដាឡា ក៏​បាន​ទៅ​ផ្នូរ​របស់​ព្រះ​អង្គ​នៅ​ពេល​ព្រឹក​ព្រលឹម ហើយ​ក៏​បាន​ឃើញ​ថ្ម​បាន​យក​ចេញ​ពី​មាត់​ផ្នូរ​ហើយ​(យ៉ូហាន ២០:១-២)។ នាង​ក៏​បាន​រត់​ទៅ​ហៅ​សាវ័ក​ពេត្រុស និង​សាវ័ក​យ៉ូហាន។ អ្នក​ទាំង​ពីរ​ក៏​បាន​ត្រឡប់​មក​ផ្នូរ​វិញ ជា​មួយ​នឹង​នាង ហើយ​ក៏​បាន​ឃើញ​ផ្នូរ​ព្រះ​អង្គ​នៅ​ទទេ(ខ.៣-១០)។ តែ​នាង​ម៉ារា​បាន​ឈរ​យំ​នៅ​ខាង​ក្រៅ​ផ្នូរ​(ខ.១១)។ ពេល​ដែល​ព្រះ​យេស៊ូវ​បង្ហាញ​ព្រះ​អង្គ​ទ្រង់ នៅ​ទីនោះ “នាង​មើល​ទ្រង់​មិន​ស្គាល់​ទេ”(ខ.១៤) ដោយ​នឹក​ស្មាន​ថា ទ្រង់​ជា​អ្នក​ថែ​ចំការ​(ខ.១៥)។

តើ​ហេតុ​អ្វី បាន​ជា​នាង​មើល​ព្រះយេស៊ូវ​មិន​ស្គាល់ យ៉ាង​ដូច្នេះ? តើ​ព្រះ​កាយ​របស់​ព្រះ​អង្គ ដែល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង បាន​ជា​នាង​ពិបាក​នឹង​មើល​ទ្រង់​ស្គាល់​ឬ? ប្រហែល​មក​ពី​នាង​កំពុង​តែ​គិត អំពី​ព្រះអង្គ ក្នុង​បរិបទ​នៃ​ការ​សុគត​របស់​ទ្រង់ ដោយ​មិន​នឹក​ស្មាន​ថា ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​នោះ​ទេ។

រឿង​នេះ បាន​ក្រើន​រំឭក​ខ្ញុំ​ថា ជា​ញឹក​ញាប់ យើង​ប្រហែល​ជា​ភ្លេច​ថា អ្នក​ដែល​នៅ​ក្បែរ និង​កំពុង​និយាយ​មក​កាន់​យើង គឺ​ជា​ព្រះ​យេស៊ូវ គឺ​ដូច​ជា ក្នុង​អំឡុង​ពេល​យើង​អធិស្ឋាន ឬ​អាន​ព្រះ​គម្ពីរ ​ឬ​ក៏​មាន​បន្ទូល​ខ្សឹប​ៗ​ក្នុង​ចិត្ត​យើង​ជា​ដើម? —ELISA MORGAN