ខណៈពេលដែលខ្ញុំកំពុងតែតម្រង់ជួរ រង់ចាំឡើងជិះយន្តហោះ មានមនុស្សម្នាក់ប៉ះស្មាខ្ញុំ។ ខ្ញុំក៏បានងាកមករកគាត់ ហើយក៏បានទទួលការស្វាគមន៍ដ៏កក់ក្តៅ។ គាត់ក៏បានសួរខ្ញុំថា “អេលីសា(Elisa)! នៅចាំខ្ញុំទេ? ខ្ញុំឈ្មោះចូន(Joan)”។ ពេលនោះ ខ្ញុំក៏បានខំនឹកគិត អំពីមនុស្សទាំងប៉ុន្មាននាក់ ដែលមានឈ្មោះចូន ដែលខ្ញុំបានស្គាល់ ប៉ុន្តែ ខ្ញុំនៅតែនឹកមិនឃើញថា ធ្លាប់ស្គាល់គាត់ពីពេលណា។ តើគាត់ជាអ្នកជិតខាង ដែលខ្ញុំធ្លាប់រស់នៅក្បែរ កាលពីមុន? ឬជាមិត្តរួមការងារកាលពីមុន? ខ្ញុំរកនឹកមិនឃើញទេ។
ពេលគាត់ឃើញខ្ញុំពិបាករកនឹកដូចនេះ គាត់ក៏បានប្រាប់ខ្ញុំថា “អេលីសា យើងធ្លាប់ស្គាល់គ្នាកាល នៅរៀននៅវិទ្យាល័យ”។ ខ្ញុំក៏បានចាប់ផ្តើមនឹកឃើញថា កាលនោះ គឺនៅពេលយប់ថ្ងៃសុក្រ នៅទីលានប្រកួតកីឡាបាល់ទាត់ យើងបានស្រែកហូរកញ្រ្ចៀវ ពីកន្លែងឈរទស្សនា។ ពេលដែលខ្ញុំបានគិតដល់បរិបទមួយនេះហើយ ខ្ញុំក៏បាននឹកចាំ អំពីគាត់ឡើងវិញ។
ក្រោយពេលដែលព្រះយេស៊ូវបានសុគតហើយ នាងម៉ារា មកពីស្រុកម៉ាកដាឡា ក៏បានទៅផ្នូររបស់ព្រះអង្គនៅពេលព្រឹកព្រលឹម ហើយក៏បានឃើញថ្មបានយកចេញពីមាត់ផ្នូរហើយ(យ៉ូហាន ២០:១-២)។ នាងក៏បានរត់ទៅហៅសាវ័កពេត្រុស និងសាវ័កយ៉ូហាន។ អ្នកទាំងពីរក៏បានត្រឡប់មកផ្នូរវិញ ជាមួយនឹងនាង ហើយក៏បានឃើញផ្នូរព្រះអង្គនៅទទេ(ខ.៣-១០)។ តែនាងម៉ារាបានឈរយំនៅខាងក្រៅផ្នូរ(ខ.១១)។ ពេលដែលព្រះយេស៊ូវបង្ហាញព្រះអង្គទ្រង់ នៅទីនោះ “នាងមើលទ្រង់មិនស្គាល់ទេ”(ខ.១៤) ដោយនឹកស្មានថា ទ្រង់ជាអ្នកថែចំការ(ខ.១៥)។
តើហេតុអ្វី បានជានាងមើលព្រះយេស៊ូវមិនស្គាល់ យ៉ាងដូច្នេះ? តើព្រះកាយរបស់ព្រះអង្គ ដែលមានព្រះជន្មរស់ឡើងវិញ មានការផ្លាស់ប្តូរយ៉ាងខ្លាំង បានជានាងពិបាកនឹងមើលទ្រង់ស្គាល់ឬ? ប្រហែលមកពីនាងកំពុងតែគិត អំពីព្រះអង្គ ក្នុងបរិបទនៃការសុគតរបស់ទ្រង់ ដោយមិននឹកស្មានថា ទ្រង់មានព្រះជន្មរស់ឡើងវិញនោះទេ។
រឿងនេះ បានក្រើនរំឭកខ្ញុំថា ជាញឹកញាប់ យើងប្រហែលជាភ្លេចថា អ្នកដែលនៅក្បែរ និងកំពុងនិយាយមកកាន់យើង គឺជាព្រះយេស៊ូវ គឺដូចជា ក្នុងអំឡុងពេលយើងអធិស្ឋាន ឬអានព្រះគម្ពីរ ឬក៏មានបន្ទូលខ្សឹបៗក្នុងចិត្តយើងជាដើម? —ELISA MORGAN