ទីបំផុត នៅថ្ងៃទី៨ ខែមករា ឆ្នាំ ១៩៦៤ ក្មេងប្រុសអាយុ១៧ឆ្នាំ ឈ្មោះ រែនឌី ហ្កាតន័រ(Randy Gardner) បានធ្វើនូវរឿងមួយ ដែលគាត់មិនធ្លាប់ធ្វើពីមុនមក ដោយព្យាយាមឃាត់ខ្លួនឯងមិនឲ្យដេក អស់រយៈពេល១១ថ្ងៃ និង២៥នាទី។ កាលនោះ គាត់ចង់បំបែកឯកត្តកម្ម របស់សៀវភៅឯកត្តកម្មពិភពលោកហ្គីននេស ដែលបានកត់ត្រាអំពីរយៈពេលដ៏វែងបំផុត ដែលរូបកាយរបស់មនុស្សអាចរស់នៅ ដោយមិនបានដេក។ ហ្កាន័របានផឹកភេសជ្ជៈ ហើយទៅលេងកីឡាវាយកូនបាល់ និងកីឡាបោះប៊ូលីងដើម្បីឃាត់ខ្លួនឯងមិនឲ្យគេង អស់រយៈពេល១សប្តាហ៍កន្លះ។ ទីបំផុត មុនពេលគាត់ដួលដោយការហត់នឿយពេក គាត់ក៏បាត់បង់ការគ្រប់គ្រងការដឹងរស់ជាតិ ការធំក្លិន និងការស្តាប់។ ប៉ុន្មានទសវត្សរ៍ក្រោយមក គាត់ក៏បានកើតជម្ងឺគេងមិនលក់ដ៏ធ្ងន់ធ្ងរ មួយរយៈពេលខ្លី។ គាត់បានបំបែកកំណត់ត្រា តែទន្ទឹមនឹងនោះគាត់ក៏បានបញ្ជាក់ឲ្យគេដឹងកាន់តែច្បាស់ថា ការគេង គឺពិតជាសំខាន់ណាស់។
មនុស្សជាច្រើនមានការពិបាក នៅក្នុងការគេង នៅពេលយប់។ ហ្កាន័រមិនបានដេកជាច្រើនថ្ងៃ ដោយសារគាត់ចង់បំបែកកំណត់ត្រា ប៉ុន្តែ យើងប្រហែលជាមានបញ្ហាដេកមិនលក់ ដោយសារកត្តាជាច្រើន ដែលមានដូចជាការថប់បារម្ភ ដោយសារយើងខ្លាចធ្វើអ្វីមួយមិនបានសម្រេច ឬខ្លាចមិនអាចធ្វើអ្វីដែលគេបានរំពឹងឲ្យយើងធ្វើ ឬដោយសារការរស់នៅ ដោយភាពប្រញាប់ប្រញាល់ជាដើម។ ជួនកាល យើងមានការពិបាក មិនអាចបំបាត់ការភ័យខ្លាច និងមិនអាចសម្រាកបាន។
ទាក់ទងនឹងរឿងនេះ អ្នកនិពន្ធបទគម្ពីរទំនុកដំកើងបានប្រាប់យើងថា “បើគ្មានព្រះយេហូវ៉ាសង់ផ្ទះឡើង” នោះយើងធ្វើការជាឥតប្រយោជន៍ទេ(ទំនុកដំកើង ១២៧:១)”។ ការ “ហត់នឿយ” និងការប្រឹងប្រែងរបស់យើង គ្មានប្រយោជន៍ទេ បើសិនជាព្រះជាម្ចាស់មិនបានប្រទានអ្វី ដែលយើងត្រូវការទេនោះ។ តែអរព្រះគុណព្រះអង្គ ដែលទ្រង់បានប្រទានអ្វីៗដែលយើងត្រូវការ។ ទ្រង់ប្រទានដំណេក ដល់អ្នកដែលទ្រង់ស្រឡាញ់(ខ.២)។ ហើយសេចក្តីស្រឡាញ់របស់ព្រះអង្គ បានចែកផ្សាយដល់យើងរាល់គ្នា។ ទ្រង់បានអញ្ជើញយើង ឲ្យថ្វាយការថប់បារម្ភ ដល់ទ្រង់ ហើយចូលទៅក្នុងការសម្រាក និងព្រះគុណរបស់ទ្រង់។ —WINN COLLIER