ទី​បំផុត នៅ​ថ្ងៃ​ទី៨ ខែ​មករា ឆ្នាំ ១៩៦៤ ក្មេង​ប្រុស​អាយុ​១៧​ឆ្នាំ ឈ្មោះ រែនឌី ហ្កាតន័រ(Randy Gardner) បាន​ធ្វើ​នូវ​រឿង​មួយ ដែល​គាត់​មិន​ធ្លាប់​ធ្វើ​ពី​មុន​មក ដោយ​ព្យាយាម​ឃាត់​ខ្លួន​ឯង​មិន​ឲ្យ​ដេក អស់​រយៈ​ពេល​១១​ថ្ងៃ និង​២៥​នាទី​។ កាល​នោះ គាត់​ចង់​បំបែក​ឯកត្ត​កម្ម របស់​សៀវភៅ​ឯកត្ត​កម្ម​ពិភព​លោក​ហ្គីននេស ដែល​បាន​កត់​ត្រា​អំពី​រយៈ​ពេល​ដ៏​វែង​បំផុត ដែល​រូប​កាយ​របស់​មនុស្ស​អាច​រស់​នៅ ដោយ​មិន​បាន​ដេក។ ហ្កាន័រ​បាន​ផឹក​ភេស​ជ្ជៈ ហើយ​ទៅ​លេង​កីឡា​វាយ​កូន​បាល់ និង​កីឡា​បោះប៊ូលីង​ដើម្បី​ឃាត់​ខ្លួន​ឯង​មិន​ឲ្យ​គេង អស់​រយៈ​ពេល​១​សប្តាហ៍​កន្លះ។ ទី​បំផុត មុនពេល​គាត់​ដួល​ដោយ​ការ​ហត់​នឿយ​ពេក គាត់​ក៏​បាត់​បង់​ការ​គ្រប់​គ្រង​ការ​ដឹង​រស់​ជាតិ ការ​ធំ​ក្លិន និង​ការ​ស្តាប់។ ប៉ុន្មានទសវត្សរ៍​ក្រោយ​មក គាត់​ក៏​បាន​កើត​ជម្ងឺ​គេង​មិន​លក់​ដ៏​ធ្ងន់​ធ្ងរ មួយ​រយៈ​ពេល​ខ្លី។ គាត់​បាន​បំបែក​កំណត់​ត្រា តែ​ទន្ទឹម​នឹង​នោះ​គាត់​ក៏​បាន​បញ្ជាក់​ឲ្យ​គេ​ដឹង​កាន់​តែ​ច្បាស់​ថា ការ​គេង គឺ​ពិត​ជា​សំខាន់​ណាស់។

មនុស្ស​ជា​ច្រើន​មាន​ការ​ពិបាក នៅ​ក្នុង​ការ​គេង នៅ​ពេល​យប់។ ហ្កាន័រ​មិន​បាន​ដេក​ជា​ច្រើន​ថ្ងៃ ដោយសារ​គាត់​ចង់​បំបែក​កំណត់​ត្រា ប៉ុន្តែ យើង​ប្រហែល​ជា​មាន​បញ្ហា​ដេក​មិន​លក់ ដោយសារ​កត្តា​ជា​ច្រើន ដែល​មាន​ដូច​ជា​ការ​ថប់​បារម្ភ ដោយសារ​យើង​ខ្លាច​ធ្វើ​អ្វី​មួយ​មិន​បាន​សម្រេច ឬ​ខ្លាច​មិន​អាច​ធ្វើ​អ្វី​ដែល​គេ​បាន​រំពឹង​ឲ្យ​យើង​ធ្វើ ឬ​ដោយ​សារ​ការ​រស់​នៅ ដោយ​ភាព​ប្រញាប់​ប្រញាល់​ជា​ដើម។​ ជួន​កាល យើង​មាន​ការ​ពិបាក មិន​អាច​បំបាត់​ការ​ភ័យ​ខ្លាច និង​មិន​អាច​សម្រាក​បាន។

ទាក់​ទង​នឹង​រឿង​នេះ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​បាន​ប្រាប់​យើង​ថា “បើ​គ្មាន​ព្រះយេហូវ៉ា​សង់​ផ្ទះ​ឡើង” នោះ​យើងធ្វើ​ការ​ជា​ឥត​ប្រយោជន៍​ទេ(ទំនុកដំកើង ១២៧:១)”។ ការ “ហត់នឿយ” និង​ការ​ប្រឹង​ប្រែង​របស់​យើង គ្មាន​ប្រយោជន៍​ទេ បើ​សិន​ជា​ព្រះ​ជា​ម្ចាស់​មិន​បាន​ប្រទាន​អ្វី ដែល​យើង​ត្រូវ​ការ​ទេ​នោះ។ តែ​អរ​ព្រះ​គុណ​ព្រះ​អង្គ ដែល​ទ្រង់​បាន​ប្រទាន​អ្វី​ៗ​ដែល​យើង​ត្រូវ​ការ។ ទ្រង់​ប្រទាន​ដំណេក ដល់​អ្នក​ដែល​ទ្រង់​ស្រឡាញ់​(ខ.២)។ ហើយ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ បាន​ចែក​ផ្សាយ​ដល់​យើង​រាល់​គ្នា។ ទ្រង់​បាន​អញ្ជើញ​យើង ឲ្យ​ថ្វាយ​ការ​ថប់​បារម្ភ ដល់​ទ្រង់​ ហើយ​ចូល​ទៅ​ក្នុង​ការ​សម្រាក និង​ព្រះ​គុណ​របស់​ទ្រង់។ —WINN COLLIER