ក្នុងក្រុងរបស់ខ្ញុំ មានហាងកាហ្វេមួយ នៅក្បែរផ្ទះខ្ញុំ ដែលមានឈ្មោះថា ហាងកាហ្វេហ្វ៊ីកា។ ពាក្យ ហ្វ៊ីកា គឺជាពាក្យជាភាសាស៊ុយអែត ដែលមានន័យថា សម្រាកញាំកាហ្វេ និងនំផ្សេងៗ ជាមួយក្រុមគ្រួសារ មិត្តរួមការងារ ឬមិត្តភក្តិ។ ខ្ញុំមិនមែនជាជនជាតិស៊ុយអែតទេ តែអត្ថន័យនៃពាក្យហ្វ៊ីកា បានពិពណ៌នា អំពីការអ្វីម្យ៉ាង ដែលខ្ញុំស្រឡាញ់បំផុត នៅក្នុងអង្គព្រះយេស៊ូវ គឺការដែលទ្រង់មានទម្លាប់ឈប់ពីការងារ ដើម្បីសោយអាហារ និងសម្រាកជាមួយអ្នកដទៃ។
អ្នកប្រាជ្ញព្រះគម្ពីរទាំងឡាយបានមានប្រសាសន៍ថា ព្រះយេស៊ូវមិនបានសោយអាហារ ដោយចៃដន្យឡើយ។ លោកម៉ាក គ្លែនវីល(Mark Glanville) ដែលជាទេវវិទូបានហៅការសោយអាហាររបស់ព្រះអង្គថា “ការសោយអាហារតាមបែបអ៊ីស្រាអែល ដែលមានអាហារពីមុខ ដ៏រីករាយ និងជាការអបអរ តាមព្រះគម្ពីរសញ្ញាចាស់។ ពេលព្រះយេស៊ូវគង់នៅតុអាហារ ព្រះអង្គបានសម្តែងចេញនូវលក្ខណៈ ដែលព្រះជាម្ចាស់សព្វព្រះទ័យឲ្យជនជាតិអ៊ីស្រាអែលមាន គឺធ្វើជាចំណុចកណ្តាលនៃក្តីអំណរ ការអបអរ និងយុត្តិធម៌ សម្រាប់លោកិយទាំងមូល”។
រាប់ចាប់ពីពេលដែលទ្រង់ប្រទានអាហារដល់មនុស្ស៥ពាន់នាក់ រហូតដល់ពេលដែលទ្រង់សោយអាហារជាលើកចុងក្រោយ មុនពេលទ្រង់សុគត និងសូម្បីតែនៅពេលទ្រង់សោយអាហារជាមួយអ្នកជឿពីរនាក់ បន្ទាប់ពីទ្រង់មានព្រះជន្មរស់ឡើងវិញ(លូកា ២៤:៣០) ព្រះរាជកិច្ចនៃតុអាហាររបស់ព្រះអង្គ បានអញ្ជើញយើង ឲ្យផ្អាកភាពមមាញឹកមួយរយៈពេលសិន ហើយចូលក្នុងព្រះវត្តមានទ្រង់វិញ។ ជាការពិតណាស់ ទាល់តែអ្នកជឿទាំងពីរនាក់នោះបានញាំអាហារជាមួយព្រះយេស៊ូវ ទើបពួកគេមើលទ្រង់ស្គាល់ ហើយដឹងថា ទ្រង់ជាព្រះអម្ចាស់ដែលបានមានព្រះជន្មរស់ឡើងវិញ។ “ទ្រង់យកនំបុ័ងមកប្រទានពរ រួចកាច់ប្រទានទៅឲ្យគេ។ នោះភ្នែកគេបានបើកភ្លឺឡើង ហើយគេបានស្គាល់” ព្រះគ្រីស្ទដ៏មានព្រះជន្មរស់(ខ.៣០-៣១)។
កាលពីពេលថ្មីៗនេះ ខ្ញុំបានអង្គុយ ជាមួយមិត្តភក្តិ នៅក្នុងហាងកាហ្វេហ្វ៊ីកា ដោយអរសប្បាយនឹងទឹកសូកូឡាក្តៅ ជាមួយនឹងនំប៉័ងដុំមូលៗ ហើយយើងក៏បានជជែកគ្នា អំពីព្រះយេស៊ូវផងដែរ។ ព្រះអង្គជានំប៉័ងជីវិត។ ចូរយើងនៅចូលតុជាមួយព្រះអង្គ ហើយស្វែងយល់បន្ថែមអំពីព្រះអង្គ។—PATRICIA RAYBON