ការ​រស់​នៅ​របស់​ខ្ញុំ ច្រើន​តែ​មាន​អារម្មណ៍​ថា ប្រញាប់​ប្រញាល់ និង​បន្ទាន់។ ខ្ញុំ​បាន​ប្រញាប់​ចេញ​ពី​កន្លែង​ណាត់​ជួប​មួយ ទៅ​កន្លែង​ណាត់​ជួប​មួយ​ទៀត និង​ទូរស័ព្ទ​ទៅ​រក​គេវិ​ញ ហើយ​នៅ​តាម​ផ្លូវ ខ្ញុំ​ក៏​បាន​បើក​មើល​បញ្ជីរ​កិច្ច​ការ​ដែល​ខ្ញុំ​ត្រូវ​ធ្វើ ដែល​ហាក់​ដូច​ជា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។ ពេល​ថ្ងៃ​អាទិត្យ​មក​ដល់ ខ្ញុំ​ក៏​បាន​ប្រាស​ខ្លួន​សម្រាក នៅ​លើអង្រឹង​ក្រោយ​ផ្ទះ ដោយ​ការ​ខ្សោះ​អស់​កម្លាំង។ ខ្ញុំ​បាន​ទុក​ទូរ​ស័ព្ទ​ក្នុង​ផ្ទះ ហើយ​កូន​ៗ និង​ស្វាមី​ខ្ញុំ​ក៏​នៅ​ក្នុង​ផ្ទះ​ដែរ។ ពី​ដំបូង ខ្ញុំ​មាន​គម្រោង​អង្គុយ​នៅ​លើ​អង្រឹង​នោះ តែ​ពីរ​បី​នាទី​ទេ ប៉ុន្តែ ពេល​ដែល​ខ្ញុំ​កំពុង​នៅ​ស្ងៀម ដោយ​គ្មាន​ការ​រំខាន ខ្ញុំ​ក៏​បាន​ចាប់​ផ្តើម​កត់​សំគាល់​ឃើញ​ថា មាន​អ្វី​មួយ ដែល​បាន​ឃាត់​ខ្ញុំ ឲ្យ​នៅ​បន្ត​អង្គុយ​កាន់​តែ​យូរ​ថែម​ទៀត។​ ខ្ញុំ​អាច​ឮ​សម្លេង​អង្រឹង​យោល​ចុះ​ឡើង​ថ្មម​ៗ សម្លេង​សត្វ​ឃ្មំ​ទទះ​ស្លាប​ហើរ នៅ​ក្បែរ​ដើម​ផ្កា​ឡាវែនដឺរ ដែល​នៅ​ជិត​នោះ និង​សម្លេង​សត្វ​បក្សី​ទទះ​ស្លាប​ហើរ នៅ​ពី​លើ​ក្បាល​ខ្ញុំ។ ផ្ទៃ​មេឃ​មាន​ពណ៌​ខៀវ​ស្រស់ ហើយ​ពពក​កំពុង​រសាត់​តាម​ខ្យល់។

ខ្ញុំ​ក៏​បាន​ស្រក់​ទឹក​ភ្នែក​ដោយ​មិន​ដឹង​ខ្លួន ជា​ការ​ឆ្លើយ​តប ចំពោះ​ភាព​អស្ចារ្យ​នៃ​ស្នា​ព្រះ​ហស្ត​ទ្រង់ នៅ​ថ្ងៃ​នោះ។ ខ្ញុំ​ក៏​បាន​យោល​អង្រឹង​យឺត​ៗ​ល្មម​នឹង​អាច​ទទួល​យក​នូវ​ភាព​អស្ចារ្យ​ជា​ច្រើន តាម​រយៈ​ភ្នែក និង​ត្រចៀក​របស់​ខ្ញុំ ហើយពេល​នោះ ខ្ញុំ​ក៏​បាន​ទទួល​ការ​បណ្តាល​ចិត្ត ឲ្យ​ថ្វាយ​បង្គំ​ព្រះ​ជា​ម្ចាស់ ដោយ​ការ​ដឹង​គុណ ចំពោះ​អំណាច​នៃ​ការ​បង្កើត​ដ៏ប៉ិន​ប្រសប់​របស់​ទ្រង់។​ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​១០៤ ក៏​បាន​បន្ទាប​ខ្លួន​ចុះ ដោយសារ​ភាព​អស្ចារ្យ​នៃ​ស្នាព្រះ​ហស្ត​របស់​ព្រះ​ផង​ដែរ បាន​ជា​គាត់​បន្លឺ​សម្លេង​ឡើង​ថា “ទ្រង់​ស្រោច​អស់​ទាំង​ភ្នំ​ពី​ដំណាក់​ទ្រង់ ហើយ​ផែនដី​បាន​ពេញ​ដោយ​ផល​នៃ​ស្នាដៃ​ទ្រង់”(ខ.១៣)។

ក្នុង​ការ​រស់​នៅ​ដ៏​ប្រញាប់​ប្រញាល់ ការ​ចំណាយ​ពេល​ស្ងាត់​ស្ងៀម​ជា​មួយ​ព្រះ អាច​ជួយ​រំឭក​យើង អំពី​ភាព​អស្ចារ្យ​នៃ​ស្នា​ព្រះ​ហស្ត​ទ្រង់។ ព្រះ​អង្គ​បាន​ហ៊ុម​ព័ទ្ធ​យើង ដោយ​របស់​សព្វ​សារពើ ដែល​ជា​ភស្តុតាង​នៃ​អំណាច​ចេស្តា និង​ភាព​ស្រទន់​របស់​ទ្រង់ ដែល​មាន​ដូច​ជា ភ្នំ​ខ្ពស់​ៗ និង​មែក​ឈើ​ដែល​សត្វ​បក្សី​ទំពី​លើ​ជា​ដើម។​ “ទ្រង់​បាន​ធ្វើ​ទាំង​អស់​ដោយ​ប្រាជ្ញា”(ខ.២៤)។—KIRSTEN HOLMBERG