កាល​ខ្ញុំ និង​ភរិយា​របស់​ខ្ញុំ​បាន​ធ្វើ​ដំណើរ ទៅ​ទី​ក្រុង​ញូយ៉ក កាល​ពី​ពេល​ថ្មី​ៗ​នេះ យើង​ចង់​ចេញ​ទៅ​ខាង​ក្រៅ ដោយ​មិន​ខ្លាច​អាកាស​ធាតុ​ត្រជាក់ ដែល​មាន​ព្រឹល​ធ្លាក់​ខ្លាំង​នៅ​ពេល​ល្ងាច។ យើង​ក៏​បាន​ជួល​ឡាន​តាក់​ស៊ី ដើម្បី​ធ្វើ​ដំណើរ​ចម្ងាយ​ជាង​៤​គីឡូ​ម៉ែត្រ ពី​សណ្ឋាគា​របស់​យើង ទៅ​កាន់​ភោជនីយ​ដ្ឋាន​របស់​ជន​ជាតិ​គុយ​បា។ ពេល​ដែល​ខ្ញុំ​បំពេញ​ព័ត៌​មាន នៅ​ក្នុង​App របស់​តាក់​ស៊ី ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ពេល​ដែល​កញ្ចក់​ទូរស័ព្ទ​របស់​ខ្ញុំ​បាន​បង្ហាញ​ទឹក​ប្រាក់ $1,547.26 ដែល​ខ្ញុំ​នឹង​ត្រូវ​បង់​សម្រាប់​ការ​ធ្វើ​ដំណើរ​នោះ។ បន្ទាប់​ពី​ខ្ញុំ​សម្រួល​អារម្មណ៍​ឡើង​វិញ​ហើយ ខ្ញុំ​ក៏​បាន​ដឹងថា តាម​ពិត​ខ្ញុំ​បាន​ច្រឡំ​ប្រើ​app នោះ ដើម្បី​ស្នើ​សុំ​ឲ្យ​ឡាន​តាក់​ស៊ី​ដឹក​យើង ទៅ​ផ្ទះ​របស់​យើង​ដែល​ស្ថិត​នៅ​ចម្ងាយ​រាប់​រយ​គីឡូ​ម៉ែត្រ។

បើ​អ្នក​កំពុង​តែ​ធ្វើ​ការងារ ដោយ​ពឹង​ផ្អែក​ទៅ​លើ​ព័ត៌​មាន​ខុស អ្នក​នឹង​ទទួល​លទ្ធ​ផល​អាក្រក់​មិន​ខាន។ ហេតុ​នេះហើយ​បាន​ជា​បទ​គម្ពីរ​សុភាសិត​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ “​ផ្ចង់​ចិត្ត​ឯង​ចំពោះ​សេចក្តី​ប្រៀនប្រដៅ ហើយ​ផ្ទៀង​ត្រចៀក​ចំពោះ​ពាក្យ​ដែល​ប្រកប​ដោយ​ដំរិះ​”(សុភាសិត ២៣:១២)។ យើង​មិន​ត្រូវ​ស្វែង​រក​យោបល់ ពី​អ្នក​ដែល​ល្ងង់​ខ្លៅ ​ដែល​តាំង​ខ្លួន​ជា​អ្នក​ចេះ ហើយ​បែរ​ខ្នង​ដាក់​ព្រះ​ជា​ម្ចាស់​នោះ​ឡើយ ពុំ​នោះ​ទេ យើង​នឹង​មាន​បញ្ហា​ជា​មិន​ខាន។ ពួក​គេ “មើល​ងាយ​ចំពោះ​ប្រាជ្ញា​នៃ​ពាក្យ​សម្តី” ហើយ​អាច​នាំ​ឲ្យ​យើង​វង្វេង ដោយ​សារ​យោបល​ដែល​គ្មាន​ប្រយោជន៍ ​ឬ​នាំ​យើង​ដើរ​ផ្លូវ​ខុស ឬ​ក៏​បោក​ប្រាស់​យើង(ខ.៩)។

ផ្ទុយ​ទៅ​វិញ យើង​អាច “ផ្ទៀង​ត្រចៀក​ស្តាប់​ពាក្យ​ប្រកប​ដោយ​តម្រិះ”(ខ.១២)។ យើង​អាច​បើក​ចិត្ត​របស់​យើង ហើយទទួល​ការ​ប្រៀន​ប្រដៅ​របស់​ព្រះ ដែល​ជួយ​រំដោះ​យើង គឺ​ព្រះ​បន្ទូល​នៃ​ភាព​ច្បាស់​លាស់ និង​ក្តី​សង្ឃឹម។ ពេល​ដែល​យើង​ស្តាប់​យោបល​របស់​អ្នក​ដែល​មាន​ការ​យល់​ដឹង​ជ្រៅ​ជ្រះ អំពី​ផ្លូវ​របស់​ព្រះ ពួក​គេ​អាច​ជួយ​យើង​ឲ្យ​ទទួល និង​ដើរ​តាម​ប្រាជ្ញា​ដែល​មក​ពី​ព្រះ​អង្គ។ ហើយ​ប្រាជ្ញា​របស់​ព្រះ​ជា​ម្ចាស់ នឹង​មិន​ដែល​នាំ​ឲ្យ​យើង​ដើរ​ផ្លូវ​ខុស​ឡើយ ផ្ទុយ​ទៅ​វិញ ប្រាជ្ញា​ទ្រង់​តែង​តែ​លើក​ទឹក​ចិត្ត និង​ដឹក​នាំ​យើង ទៅ​រក​ជីវិត និង​ភាព​ពេញ​លេញ។—WINN COLLIER