កាលខ្ញុំ និងភរិយារបស់ខ្ញុំបានធ្វើដំណើរ ទៅទីក្រុងញូយ៉ក កាលពីពេលថ្មីៗនេះ យើងចង់ចេញទៅខាងក្រៅ ដោយមិនខ្លាចអាកាសធាតុត្រជាក់ ដែលមានព្រឹលធ្លាក់ខ្លាំងនៅពេលល្ងាច។ យើងក៏បានជួលឡានតាក់ស៊ី ដើម្បីធ្វើដំណើរចម្ងាយជាង៤គីឡូម៉ែត្រ ពីសណ្ឋាគារបស់យើង ទៅកាន់ភោជនីយដ្ឋានរបស់ជនជាតិគុយបា។ ពេលដែលខ្ញុំបំពេញព័ត៌មាន នៅក្នុងApp របស់តាក់ស៊ី ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលកញ្ចក់ទូរស័ព្ទរបស់ខ្ញុំបានបង្ហាញទឹកប្រាក់ $1,547.26 ដែលខ្ញុំនឹងត្រូវបង់សម្រាប់ការធ្វើដំណើរនោះ។ បន្ទាប់ពីខ្ញុំសម្រួលអារម្មណ៍ឡើងវិញហើយ ខ្ញុំក៏បានដឹងថា តាមពិតខ្ញុំបានច្រឡំប្រើapp នោះ ដើម្បីស្នើសុំឲ្យឡានតាក់ស៊ីដឹកយើង ទៅផ្ទះរបស់យើងដែលស្ថិតនៅចម្ងាយរាប់រយគីឡូម៉ែត្រ។
បើអ្នកកំពុងតែធ្វើការងារ ដោយពឹងផ្អែកទៅលើព័ត៌មានខុស អ្នកនឹងទទួលលទ្ធផលអាក្រក់មិនខាន។ ហេតុនេះហើយបានជាបទគម្ពីរសុភាសិតបានលើកទឹកចិត្តយើង ឲ្យ “ផ្ចង់ចិត្តឯងចំពោះសេចក្តីប្រៀនប្រដៅ ហើយផ្ទៀងត្រចៀកចំពោះពាក្យដែលប្រកបដោយដំរិះ”(សុភាសិត ២៣:១២)។ យើងមិនត្រូវស្វែងរកយោបល់ ពីអ្នកដែលល្ងង់ខ្លៅ ដែលតាំងខ្លួនជាអ្នកចេះ ហើយបែរខ្នងដាក់ព្រះជាម្ចាស់នោះឡើយ ពុំនោះទេ យើងនឹងមានបញ្ហាជាមិនខាន។ ពួកគេ “មើលងាយចំពោះប្រាជ្ញានៃពាក្យសម្តី” ហើយអាចនាំឲ្យយើងវង្វេង ដោយសារយោបលដែលគ្មានប្រយោជន៍ ឬនាំយើងដើរផ្លូវខុស ឬក៏បោកប្រាស់យើង(ខ.៩)។
ផ្ទុយទៅវិញ យើងអាច “ផ្ទៀងត្រចៀកស្តាប់ពាក្យប្រកបដោយតម្រិះ”(ខ.១២)។ យើងអាចបើកចិត្តរបស់យើង ហើយទទួលការប្រៀនប្រដៅរបស់ព្រះ ដែលជួយរំដោះយើង គឺព្រះបន្ទូលនៃភាពច្បាស់លាស់ និងក្តីសង្ឃឹម។ ពេលដែលយើងស្តាប់យោបលរបស់អ្នកដែលមានការយល់ដឹងជ្រៅជ្រះ អំពីផ្លូវរបស់ព្រះ ពួកគេអាចជួយយើងឲ្យទទួល និងដើរតាមប្រាជ្ញាដែលមកពីព្រះអង្គ។ ហើយប្រាជ្ញារបស់ព្រះជាម្ចាស់ នឹងមិនដែលនាំឲ្យយើងដើរផ្លូវខុសឡើយ ផ្ទុយទៅវិញ ប្រាជ្ញាទ្រង់តែងតែលើកទឹកចិត្ត និងដឹកនាំយើង ទៅរកជីវិត និងភាពពេញលេញ។—WINN COLLIER