ថ្ងៃមួយ មិត្តភកិ្តខ្ញុំម្នាក់បានបង្ហោះសារនៅលើហ្វេសប៊ុក ដោយប្រកាស់ថា គាត់បានបញ្ចប់គម្រោងមួយ។ អ្នកដទៃបានអបអរគាត់ ប៉ុន្តែ ការបង្ហោះសារនោះបានចាក់ដោតចិត្តខ្ញុំណាស់។ គឺខ្ញុំទេដែលជាអ្នកគួរតែធ្វើគម្រោងនោះ តែគេបានមើលរំលងខ្ញុំ ហើយខ្ញុំមិនដឹងថា ហេតុអ្វីទេ។
លោកយ៉ូសែបក៏ធ្លាប់ត្រូវបានព្រះជាម្ចាស់មើលរំលងផងដែរ ហើយគាត់ដឹងថា មូលហេតុអ្វី។ លោកយ៉ូសែបស្ថិតក្នុងចំណោមមនុស្សពីរនាក់ ដែលត្រូវជំនួសលោកយ៉ូដាស ដែលបានក្បត់ព្រះយេស៊ូវ។ ពួកសាវ័កក៏បានអធិស្ឋានថា “ឱព្រះអម្ចាស់ ជាព្រះដ៏ជ្រាបនូវចិត្តមនុស្សទាំងឡាយអើយ សូមបង្ហាញឲ្យយើងខ្ញុំដឹងថា ទ្រង់រើសអ្នកណាក្នុងបណ្តាអ្នកទាំង២នេះ”(កិច្ចការ ១:២៤)។ ពេលនោះព្រះជាម្ចាស់មិនបានជ្រើសរើសលោកយ៉ូសែបទេ។ បន្ទាប់មក ទ្រង់ក៏បានប្រកាស់ អំពីការសម្រេចព្រះទ័យរបស់ទ្រង់ ដល់ពួកគេ ពេលដែលគេចាប់ឆ្នោតត្រូវលោកម៉ាត់ធាស(ខ.២៦)។
ពួកសាវ័កអបអរសាទរ លោកម៉ាត់ធាស ប៉ុន្តែ ខ្ញុំឆ្ងល់ថា ចុះចំណែកឯលោកយ៉ូសែបវិញ។ តើគាត់អាចទទួលយកការបដិសេធន៍នេះ ដោយរបៀបណា? តើគាត់មានអារម្មណ៍ថា គេបានផ្តាច់ទំនាក់ទំនងជាមួយគាត់ និងមានអារម្មណ៍អាណិតខ្លួនឯង ហើយមានអារម្មណ៍ដាច់ឆ្ងាយពីអ្នកដទៃឬ? ឬមួយគាត់បានទុកចិត្តព្រះជាម្ចាស់ ហើយបានបន្តបំពេញតួនាទីគាំទ្រពួកសាវ័ក ដោយចិត្តក្លៀវក្លា?
ខ្ញុំដឹងថា គាត់ត្រូវសម្រេចចិត្តថា ត្រូវធ្វើដូចម្តេច ស្ថិតក្នុងពេលនោះ។ ហើយខ្ញុំដឹងថា ខ្ញុំក៏ត្រូវសម្រេចចិត្តធ្វើដូចម្តេច។ យើងមិនត្រូវនិយាយថា យើងមានការខ្មាស់អៀន ដែលគេមិនជ្រើសរើសយើង ហើយយើងមិនត្រូវរង់ចាំមើល គេទទួលផលវិបាក ដែលកើតឡើង ដោយសារការមិនជ្រើសរើសយើងនោះឡើយ។ ការសម្រេចចិត្តធ្វើដូចនេះ ប្រហែលជាអាចធ្វើឲ្យយើងមានអារម្មណ៍ល្អជាងមុន តែវាមានភាពអាត្មានិយមណាស់។
ព្រះគម្ពីរបានចែងថា លោកយ៉ូសែបបានឆ្លើយតបយ៉ាងណា ចំពោះការជ្រើសរើសនោះទេ។ តែអ្វីដែលសំខាន់នោះ យើងត្រូវដឹងថា យើងត្រូវឆ្លើយតបយ៉ាងដូចម្តេច ពេលដែលគេមិនជ្រើសរើសយើង។ ចូរយើងចាំថា នគររបស់ព្រះយេស៊ូវ សំខាន់ជាងជោគជ័យរបស់យើង ហើយសូមយើងបម្រើព្រះអង្គ ដោយអំណរ ទោះទ្រង់សម្រេចព្រះទ័យឲ្យយើងមានតួរនាទីអ្វីក៏ដោយ។—MIKE WITTMER