ថ្ងៃ​មួយ មិត្ត​ភកិ្ត​ខ្ញុំ​ម្នាក់​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក ដោយ​ប្រកាស់​ថា គាត់​បាន​បញ្ចប់​គម្រោង​មួយ។ អ្នក​ដទៃ​បាន​អប​អរ​គាត់ ប៉ុន្តែ ការ​បង្ហោះ​សារ​នោះ​បាន​ចាក់​ដោត​ចិត្ត​ខ្ញុំ​ណាស់។ គឺ​ខ្ញុំ​ទេ​ដែល​ជា​អ្នក​គួរ​តែ​ធ្វើ​គម្រោង​នោះ តែគេ​បាន​មើល​រំលង​ខ្ញុំ ហើយ​ខ្ញុំ​មិន​ដឹង​ថា ហេតុ​អ្វី​ទេ។

លោក​យ៉ូសែប​ក៏​ធ្លាប់​ត្រូវ​បាន​ព្រះ​ជា​ម្ចាស់​មើល​រំលង​ផង​ដែរ ហើយ​គាត់​ដឹង​ថា មូល​ហេតុ​អ្វី។ លោក​យ៉ូសែប​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ពីរ​នាក់ ដែល​ត្រូវ​ជំនួស​លោក​យ៉ូដាស ដែល​បាន​ក្បត់​ព្រះ​យេស៊ូវ។ ពួក​សាវ័ក​ក៏​បាន​អធិស្ឋាន​ថា “ឱ​ព្រះ​អម្ចាស់ ជា​ព្រះ​ដ៏​ជ្រាប​នូវ​ចិត្ត​មនុស្ស​ទាំង​ឡាយ​អើយ សូម​បង្ហាញ​ឲ្យ​យើង​ខ្ញុំ​ដឹង​ថា ទ្រង់​រើស​អ្នក​ណា​ក្នុង​បណ្តា​អ្នក​ទាំង​២​នេះ”(កិច្ចការ ១:២៤)។ ពេល​នោះ​ព្រះ​ជា​ម្ចាស់​មិន​បាន​ជ្រើស​រើស​លោក​យ៉ូសែប​ទេ។ បន្ទាប់​មក ទ្រង់​ក៏​បាន​ប្រកាស់ អំពី​ការ​សម្រេច​ព្រះ​ទ័យ​របស់​ទ្រង់ ដល់​ពួក​គេ ពេល​ដែល​គេ​ចាប់​ឆ្នោត​ត្រូវ​លោក​ម៉ាត់ធាស(ខ.២៦)។

ពួក​សាវ័ក​អប​អរសាទរ លោក​ម៉ាត់​ធាស ប៉ុន្តែ ខ្ញុំ​ឆ្ងល់​ថា ចុះ​ចំណែក​ឯ​លោក​យ៉ូសែប​វិញ។ តើ​គាត់​អាច​ទទួល​យកការ​បដិសេធន៍​នេះ ដោយ​របៀប​ណា? តើ​គាត់​មាន​អារម្មណ៍​ថា គេ​បាន​ផ្តាច់​ទំនាក់​ទំនង​ជា​មួយ​គាត់ និង​មាន​អារម្មណ៍​អាណិត​ខ្លួន​ឯង ហើយ​មាន​អារម្មណ៍​ដាច់​ឆ្ងាយ​ពី​អ្នក​ដទៃ​ឬ? ឬ​មួយ​គាត់​បាន​ទុក​ចិត្ត​ព្រះ​ជា​ម្ចាស់ ហើយបាន​បន្ត​បំពេញ​តួនាទី​គាំ​ទ្រ​ពួក​សាវ័ក ដោយ​ចិត្ត​ក្លៀវ​ក្លា?

ខ្ញុំ​ដឹង​ថា គាត់​ត្រូវ​សម្រេច​ចិត្ត​ថា ត្រូវ​ធ្វើ​ដូច​ម្តេច ស្ថិត​ក្នុង​ពេល​នោះ។ ហើយ​ខ្ញុំ​ដឹង​ថា ខ្ញុំ​ក៏​ត្រូវ​សម្រេច​ចិត្ត​ធ្វើ​ដូច​ម្តេច​។ យើង​មិន​ត្រូវ​និយាយ​ថា យើង​មាន​ការ​ខ្មាស់​អៀន ដែល​គេ​មិន​ជ្រើស​រើស​យើង ហើយ​យើង​មិន​ត្រូវ​រង់​ចាំ​មើល ​គេ​ទទួល​ផល​វិបាក ដែល​កើត​ឡើង ដោយ​សារ​ការ​មិន​ជ្រើស​រើស​យើង​នោះ​ឡើយ។ ការ​សម្រេច​ចិត្ត​ធ្វើ​ដូច​នេះ ប្រហែល​ជា​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ​ជាង​មុន តែ​វា​មាន​ភាព​អាត្មា​និយម​ណាស់។

ព្រះគម្ពីរ​បាន​ចែង​ថា លោក​យ៉ូសែប​បាន​ឆ្លើយ​តប​យ៉ាង​ណា ចំពោះ​ការ​ជ្រើស​រើស​នោះ​ទេ។ តែ​អ្វី​ដែល​សំខាន់​នោះ យើង​ត្រូវ​ដឹង​ថា យើង​ត្រូវ​ឆ្លើយ​តប​យ៉ាង​ដូច​ម្តេច ពេល​ដែល​គេ​មិន​ជ្រើស​រើស​យើង។ ចូរ​យើង​ចាំ​ថា នគរ​របស់​ព្រះ​យេស៊ូវ សំខាន់​ជាង​ជោគ​ជ័យ​របស់​យើង ហើយ​សូម​យើង​បម្រើ​ព្រះ​អង្គ ដោយ​អំណរ ទោះ​ទ្រង់​សម្រេច​ព្រះ​ទ័យ​ឲ្យ​យើង​មាន​តួរនាទី​អ្វី​ក៏ដោយ។—MIKE WITTMER