កាលពីឆ្នាំ១៩៩៥ អ្នកវិនិយោគផ្សាហ៊ុននៅអាមេរិក បានទទួលផលចំណេញ ក្នុងកំរិតដ៏ច្រើនបំផុត ក្នុងប្រវត្តិសាស្រ្តនៃផ្សាហ៊ុន ដោយជាមធ្យមពួកគេបានទទួលផលចំណេញ ៣៧,៦ ភាគរយ ពីប្រាក់ដុល្លាដែលពួកគេបានដាក់ក្នុងផ្សាហ៊ុន។ បន្ទាប់មក នៅឆ្នាំ២០០៨ អ្នកវិនិយោគផ្សាហ៊ុនបានខាតបង់ ក្នុងកំរិត ដែលស្ទើរតែស្មើកំរិតនៃការចំពេញកាលពីឆ្នាំ១៩៩៥ គឺបានខាតបង់ ៣៧,០ ភាគរយ។ នៅចន្លោះឆ្នាំ១៩៩៥ ដល់ឆ្នាំ២០០៨ ផលចំណេញបានពីផ្សាហ៊ុន មានការឡើងចុះជានិច្ច ធ្វើអ្នកដែលបានដាក់លុយក្នុងផ្សាហ៊ុន មានការភ័យខ្លាច នៅពេលខ្លះ ដោយមិនដឹងថា ការវិនិយោគរបស់ពួកគេនឹងទៅជាយ៉ាងណា។
មានពេលមួយ ព្រះយេស៊ូវបានធានាដល់អ្នកដើរតាមទ្រង់ថា ពួកគេនឹងបានទទួលផលចំណេញដ៏អស្ចារ្យ ពីការយកជីវិតទៅវិនិយោគ នៅក្នុងទ្រង់។ ពួកគេបាន “លះបង់អ្វីៗគ្រប់យ៉ាង ដើម្បីដើរតាមទ្រង់” ដោយចាកចេញពីផ្ទះ ការងារ ឋានៈ និងក្រុមគ្រួសារ ដើម្បីផ្ញើជីវិតលើទ្រង់(ម៉ាកុស ១០:២៨)។ ប៉ុន្តែ ពួកគេក៏បានចាប់ផ្តើមព្រួយបារម្ភ ដោយខ្លាចមិនបានទទួលផលចំណេញពីការលះបង់របស់ខ្លួន បន្ទាប់ពីបានឃើញបុរសអ្នកមានម្នាក់ កំពុងតែតយុទ្ធនឹងចំណងនៃទ្រព្យសម្បត្តិក្នុងលោកិយ។ ទោះជាយ៉ាងណាក៏ដោយ ព្រះយេស៊ូវក៏បានមានបន្ទូលតបថា អ្នកណាដែលស្ម័គ្រចិត្តធ្វើការលះបង់ ដើម្បីទ្រង់ “នឹងបានទទួលជា១រយភាគឡើង ក្នុងសម័យនេះ ហើយដល់បរលោកនាយ នឹងបានជីវិតរស់អស់កល្បជានិច្ចផង”(ខ.៣០)។ នេះជាផលចំណេញ ដែលលើសផលចំណេញទាំងអស់ ដែលផ្សាហ៊ុនអាចផ្តល់ឲ្យយើង។
យើងមិនចាំបាច់ត្រូវព្រួយបារម្ភ អំពី “អត្រាការប្រាក់” នៅក្នុងការវិនិយោគខាងវិញ្ញាណ ជាមួយនឹងព្រះជាម្ចាស់ឡើយ។ យើងអាចដឹងច្បាស់ អំពីផលចំណេញខាងវិញ្ញាណនេះ ដោយមិនចាំបាច់មានការព្រួយបារម្ភឡើយ។ នៅក្នុងការយកលុយទៅវិនិយោគ គោលបំណងរបស់យើង គឺដើម្បីទទួលផលចំណេញជាអតិបរមា។ តែនៅក្នុងការវិនិយោគខាងវិញ្ញាណជាមួយព្រះជាម្ចាស់ អ្វីដែលយើងនឹងទទួលបានមកវិញ គឺមិនមែនជាលុយដុល្លា ឬមាសប្រាក់ឡើយ តែជាក្តីអំណរ ដែលបានមកពីការស្គាល់ទ្រង់ នៅពេលបច្ចុប្បន្ន និងជារៀងរហូត ហើយបានមកពីការចែករំលែកក្តីអំណរនោះ ជាមួយអ្នកដទៃ។—KIRSTEN HOLMBERG