កាល​ពី​ឆ្នាំ​១៩៩៥ អ្នក​វិនិយោគ​ផ្សា​ហ៊ុន​នៅ​អាមេរិក បាន​ទទួល​ផល​ចំណេញ​ ក្នុង​កំរិត​ដ៏​ច្រើន​បំផុត ក្នុង​ប្រវត្តិ​សាស្រ្ត​នៃ​ផ្សាហ៊ុន ដោយ​ជា​មធ្យម​ពួក​គេ​បាន​ទទួល​ផល​ចំណេញ​ ៣៧,៦ ភាគ​រយ ពី​ប្រាក់​ដុល្លា​ដែល​ពួក​គេ​បាន​ដាក់​ក្នុង​ផ្សា​ហ៊ុន។ បន្ទាប់​មក នៅ​ឆ្នាំ​២០០៨ អ្នក​វិនិយោគ​ផ្សា​ហ៊ុន​បាន​ខាត​បង់ ក្នុង​កំរិត ដែល​ស្ទើរ​តែ​ស្មើ​កំរិត​នៃការ​ចំពេញ​កាល​ពី​ឆ្នាំ១៩៩៥ គឺ​បាន​ខាត​បង់ ៣៧,០ ភាគ​រយ។ នៅ​ចន្លោះ​ឆ្នាំ១៩៩៥ ដល់​ឆ្នាំ​២០០៨ ផលចំណេញ​បាន​ពី​ផ្សាហ៊ុន មាន​ការ​ឡើង​ចុះ​ជា​និច្ច ធ្វើ​អ្នក​ដែល​បាន​ដាក់​លុយ​ក្នុង​ផ្សា​ហ៊ុន​ មាន​ការ​ភ័យ​ខ្លាច នៅ​ពេល​ខ្លះ ដោយ​មិន​ដឹង​ថា ការ​វិនិយោគ​របស់​ពួក​គេ​នឹង​ទៅ​ជា​យ៉ាង​ណា។

មាន​ពេល​មួយ ព្រះ​យេស៊ូវ​បាន​ធានា​ដល់​អ្នក​ដើរ​តាម​ទ្រង់​ថា ពួក​គេ​នឹង​បាន​ទទួល​ផល​ចំណេញ​ដ៏​អស្ចារ្យ ពី​ការ​យក​ជីវិត​ទៅ​វិនិយោគ នៅ​ក្នុង​ទ្រង់។ ពួក​គេ​បាន “លះ​បង់​អ្វី​ៗ​គ្រប់​យ៉ាង ដើម្បី​ដើរ​តាម​ទ្រង់” ដោយ​ចាក​ចេញ​ពី​ផ្ទះ ​ការងារ ឋានៈ និង​ក្រុម​គ្រួសារ ដើម្បី​ផ្ញើ​ជីវិត​លើ​ទ្រង់​(ម៉ាកុស ១០:២៨)។ ប៉ុន្តែ ពួក​គេ​ក៏​បាន​ចាប់​ផ្តើម​ព្រួយ​បារម្ភ ដោយ​ខ្លាច​មិន​បាន​ទទួល​ផល​ចំណេញ​ពី​ការ​លះ​បង់​របស់​ខ្លួន បន្ទាប់​ពី​បាន​ឃើញ​បុរស​អ្នក​មាន​ម្នាក់ កំពុង​តែ​តយុទ្ធ​នឹង​ចំណង​នៃ​ទ្រព្យ​សម្បត្តិ​ក្នុង​លោកិយ​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​យេស៊ូវ​ក៏​បាន​មាន​បន្ទូល​តប​ថា អ្នក​ណា​ដែល​ស្ម័គ្រ​ចិត្ត​ធ្វើ​ការ​លះ​បង់ ដើម្បី​ទ្រង់ “នឹង​បាន​ទទួល​ជា​១​រយ​ភាគ​ឡើង ក្នុង​សម័យ​នេះ​ ហើយ​ដល់​បរលោក​នាយ នឹង​បាន​ជីវិត​រស់​អស់​កល្ប​ជានិច្ច​ផង”(ខ.៣០)។ នេះ​ជា​ផល​ចំណេញ ដែល​លើស​ផល​ចំណេញ​ទាំង​អស់ ដែល​ផ្សា​ហ៊ុន​អាច​ផ្តល់​ឲ្យ​យើង។

យើង​មិន​ចាំ​បាច់​ត្រូវ​ព្រួយ​បារម្ភ អំពី “អត្រា​ការ​ប្រាក់” នៅ​ក្នុង​ការ​វិនិយោគ​ខាង​វិញ្ញាណ ជា​មួយ​នឹង​ព្រះ​ជាម្ចាស់​ឡើយ​។ យើង​អាច​ដឹង​ច្បាស់ អំពី​ផល​ចំណេញ​ខាង​វិញ្ញាណ​នេះ ដោយ​មិន​ចាំ​បាច់​មាន​ការ​ព្រួយ​បារម្ភ​ឡើយ។ នៅ​ក្នុង​ការ​យក​លុយ​ទៅ​វិនិយោគ គោល​បំណង​របស់​យើង គឺ​ដើម្បី​ទទួល​ផល​ចំណេញ​ជា​អតិបរមា។ តែ​នៅ​ក្នុង​ការ​វិនិយោគ​ខាង​វិញ្ញាណ​ជា​មួយ​ព្រះ​ជា​ម្ចាស់ អ្វី​ដែល​យើង​នឹង​ទទួល​បាន​មក​វិញ គឺ​មិន​មែន​ជា​លុយ​ដុល្លា ឬ​មាស​ប្រាក់ឡើយ តែ​ជា​ក្តី​អំណរ ដែល​បាន​មក​ពី​ការ​ស្គាល់​ទ្រង់ នៅ​ពេល​បច្ចុប្បន្ន និង​ជា​រៀង​រហូត ហើយ​បាន​មក​ពី​ការ​ចែក​រំលែក​ក្តី​អំណរ​នោះ ជា​មួយ​អ្នក​ដទៃ។—KIRSTEN HOLMBERG