កាល​ប៉ុន្មាន​ឆ្នាំ​មុន នាយក​នៃ​មហា​វិទ្យាល័យ​មួយ បាន​លើក​ទឹក​ចិត្ត​និស្សិត​ទាំង​ឡាយ ឲ្យ​ចូល​រួម​ជា​មួយ​គាត់ នៅ​ក្នុង​កម្ម​វិធី​ពេល​ល្ងាច​មួយ ដែល​តម្រូវ​ឲ្យ​បិទ​គ្រឿង​អេឡិច​ត្រូនិច​ចោល​។ ទោះ​បី​ជា​សិស្ស​ទាំង​ឡាយ​បាន​យល់​ព្រម​ចូល​រួម​ក៏​ដោយ ក៏​ពួក​គេ​មាន​ការ​ស្ទាក់​ស្ទើរ​យ៉ាង​ខ្លាំង ដោយ​មិន​ចង់​ទុក​ទូរស័ព្ទ​ចោល ដើម្បី​ចូល​ទៅ​ក្នុង​ព្រះ​វិហារ។​ នៅ​ក្នុង​ម៉ោង​បន្ទាប់ ពួក​គេ​ក៏​បាន​អង្គុយ​យ៉ាង​ស្ងាត់​ស្ងៀម នៅ​ក្នុង​កម្ម​វិធី​ថ្វាយ​បង្គំ ដោយ​តន្រ្តី និង​ការ​អធិស្ឋាន។ ក្រោយ​មក អ្នក​ចូល​រួម​ម្នាក់​បាន​រៀប​រាប់​ថា បទ​ពិសោធន៍​ដែល​គាត់​ទទួល​បាន​នៅ​ពេល​នោះ “គឺ​ជា​ឱកាស​ដ៏​អស្ចារ្យ ដែល​ពួក​គេ​បាន​សម្រួល​អារម្មណ៍ នៅ​កន្លែង​នោះ… ដោយ​មិន​បាន​ឮ​សម្លេង​រំខាន”។

ជួន​កាល យើង​ពិបាក​នឹង​គេច​ចេញ​ពី​សម្លេង​រំខាន។ សម្លេង​រំខាន​មក​ពី​ខាង​ក្រៅ និង​នៅ​ខាង​ក្នុង​យើង អាច​ធ្វើ​ឲ្យ​យើង​ពិបាក​នឹង​រក​ស្តាប់​អ្វី​ឲ្យ​យល់។ ប៉ុន្តែ ពេល​ដែល​យើង​ស្ម័គ្រ​ចិត្ត​ស្វែង​រក​ភាព​ស្ងប់​ស្ងាត់ យើង​អាច​យល់ អំពី​សារៈ​សំខាន់​នៃ​ការ​ឈប់​បង្អង់ ដើម្បី​ឲ្យ​បាន​ស្គាល់​ព្រះ​ជា​ម្ចាស់​(ទំនុកដំកើង ៤៦:១០)។ ក្នុង​បទ​គម្ពីរ ១​ពង្សាវតាក្សត្រ ជំពូក ១៩ យើង​ឃើញ​ថា ពេល​ដែល​ហោរា​អេលីយ៉ា​ស្វែង​រក​ព្រះ​អម្ចាស់ គាត់​មិន​បាន​រក​ឃើញ​ទ្រង់ នៅ​ក្នុង​សម្លេង​រំខាន​នៃ​ខ្យល់​បក់ កក្រើក​ដី ខ្យល់​ព្យុះ ឬ​ភ្លើង​ឆេះ​ឡើយ(ខ.៩-១៣)។ ផ្ទុយ​ទៅ​វិញ លោក​អេលីយ៉ា​បាន​រក​ឃើញទ្រង់ នៅ​ក្នុង​សម្លេង​ខ្សិប​ដ៏​ស្រទន់​របស់​ទ្រង់(ខ.១២)។

សម្លេង​រំខាន​កើត​មាន​ជា​ធម្មតា នៅ​ក្នុង​ពិធី​ជួប​ជុំ​។ ពេល​ដែល​ក្រុម​គ្រួសារ និង​មិត្ត​ភក្តិ​ជួប​ជុំ​គ្នា ជា​ពេល​ដែល​មាន​ការ​សន្ទនា​ដ៏​រស់​រវើក ការ​ញាំ​អាហារ​ដ៏​ឆ្ងាញ់​ពិសារ សំណើច​ដ៏​អ៊ូអរ និង​ការ​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់​ដ៏​ផ្អែម​ល្ហែម។ ប៉ុន្តែ ពេល​ដែល​យើង​បើក​ចិត្ត​របស់​យើង ដោយ​ភាព​ស្ងៀម​ស្ងាត់ យើង​នឹង​បាន​ដឹង​ថា ការ​ចំណាយ​ពេល​ជា​មួយ​ព្រះ​មាន​ភាព​ផ្អែម​ល្ហែម​ជាង​នេះ​ទៅ​ទៀត។ យើង​ច្រើន​តែ​ជួប​ព្រះ​ជា​ម្ចាស់ នៅ​ក្នុង​ពេល​ស្ងាត់​ស្ងៀម ដូច​លោក​អេលីយ៉ា​ដែរ។ ហើយ​ជួន​កាល បើ​យើង​បើក​ត្រចៀក​ស្តាប់ យើង​នឹង​បាន​ស្តាប់​សម្លេង​ខ្សិប​ដ៏​ស្រទន់​របស់​ទ្រង់។​ CINDY HESS KASPER