កាលប៉ុន្មានឆ្នាំមុន នាយកនៃមហាវិទ្យាល័យមួយ បានលើកទឹកចិត្តនិស្សិតទាំងឡាយ ឲ្យចូលរួមជាមួយគាត់ នៅក្នុងកម្មវិធីពេលល្ងាចមួយ ដែលតម្រូវឲ្យបិទគ្រឿងអេឡិចត្រូនិចចោល។ ទោះបីជាសិស្សទាំងឡាយបានយល់ព្រមចូលរួមក៏ដោយ ក៏ពួកគេមានការស្ទាក់ស្ទើរយ៉ាងខ្លាំង ដោយមិនចង់ទុកទូរស័ព្ទចោល ដើម្បីចូលទៅក្នុងព្រះវិហារ។ នៅក្នុងម៉ោងបន្ទាប់ ពួកគេក៏បានអង្គុយយ៉ាងស្ងាត់ស្ងៀម នៅក្នុងកម្មវិធីថ្វាយបង្គំ ដោយតន្រ្តី និងការអធិស្ឋាន។ ក្រោយមក អ្នកចូលរួមម្នាក់បានរៀបរាប់ថា បទពិសោធន៍ដែលគាត់ទទួលបាននៅពេលនោះ “គឺជាឱកាសដ៏អស្ចារ្យ ដែលពួកគេបានសម្រួលអារម្មណ៍ នៅកន្លែងនោះ… ដោយមិនបានឮសម្លេងរំខាន”។
ជួនកាល យើងពិបាកនឹងគេចចេញពីសម្លេងរំខាន។ សម្លេងរំខានមកពីខាងក្រៅ និងនៅខាងក្នុងយើង អាចធ្វើឲ្យយើងពិបាកនឹងរកស្តាប់អ្វីឲ្យយល់។ ប៉ុន្តែ ពេលដែលយើងស្ម័គ្រចិត្តស្វែងរកភាពស្ងប់ស្ងាត់ យើងអាចយល់ អំពីសារៈសំខាន់នៃការឈប់បង្អង់ ដើម្បីឲ្យបានស្គាល់ព្រះជាម្ចាស់(ទំនុកដំកើង ៤៦:១០)។ ក្នុងបទគម្ពីរ ១ពង្សាវតាក្សត្រ ជំពូក ១៩ យើងឃើញថា ពេលដែលហោរាអេលីយ៉ាស្វែងរកព្រះអម្ចាស់ គាត់មិនបានរកឃើញទ្រង់ នៅក្នុងសម្លេងរំខាននៃខ្យល់បក់ កក្រើកដី ខ្យល់ព្យុះ ឬភ្លើងឆេះឡើយ(ខ.៩-១៣)។ ផ្ទុយទៅវិញ លោកអេលីយ៉ាបានរកឃើញទ្រង់ នៅក្នុងសម្លេងខ្សិបដ៏ស្រទន់របស់ទ្រង់(ខ.១២)។
សម្លេងរំខានកើតមានជាធម្មតា នៅក្នុងពិធីជួបជុំ។ ពេលដែលក្រុមគ្រួសារ និងមិត្តភក្តិជួបជុំគ្នា ជាពេលដែលមានការសន្ទនាដ៏រស់រវើក ការញាំអាហារដ៏ឆ្ងាញ់ពិសារ សំណើចដ៏អ៊ូអរ និងការបង្ហាញចេញនូវសេចក្តីស្រឡាញ់ដ៏ផ្អែមល្ហែម។ ប៉ុន្តែ ពេលដែលយើងបើកចិត្តរបស់យើង ដោយភាពស្ងៀមស្ងាត់ យើងនឹងបានដឹងថា ការចំណាយពេលជាមួយព្រះមានភាពផ្អែមល្ហែមជាងនេះទៅទៀត។ យើងច្រើនតែជួបព្រះជាម្ចាស់ នៅក្នុងពេលស្ងាត់ស្ងៀម ដូចលោកអេលីយ៉ាដែរ។ ហើយជួនកាល បើយើងបើកត្រចៀកស្តាប់ យើងនឹងបានស្តាប់សម្លេងខ្សិបដ៏ស្រទន់របស់ទ្រង់។ CINDY HESS KASPER