ខណៈពេលដែលកងទ័ពរបស់សត្រូវបានចូលកាន់កាប់ប្រទេសហូឡង់ នៅសម័យសង្រ្គាមលោកលើកទី២ ហើយស្ថានការណ៍កាន់តែមានភាពធ្ងន់ធ្ងរ អ្នកស្រីអ៊ែន ហ្វ្រែង(Anne Frank) និងក្រុមគ្រួសាររបស់គាត់ បានធ្វើការរៀបចំដោយចិត្តក្លាហាន ហើយក៏បានផ្លាស់ទៅរស់នៅ ក្នុងកន្លែងលាក់ខ្លួនសម្ងាត់ ដើម្បីគេចចេញពីគ្រោះថ្នាក់។ ពួកគេបានលាក់ខ្លួន នៅទីនោះអស់រយៈពេល២ឆ្នាំ ក្នុងអំឡុងសម័យសង្រ្គាម ហើយគេក៏បានរកពួកគេឃើញ ហើយក៏បានបញ្ចួនពួកគេ ទៅជំរុំប្រមូលផ្តុំ។ ក្រោយមក អ្នកស្រីអ៊ែនក៏បានសរសេរនៅក្នុងសៀវភៅកំណត់ហេតុរបស់គាត់ថា “ក្នុងរយៈពេលវែង អាវុធដែលមុតស្រួចបំផុត គឺវិញ្ញាណដែលសប្បុរស និងសុភាព”។
ការបង្ហាញចេញនូវចិត្តសុភាព អាចមានភាពស្មុគ្រស្មាញ ខណៈពេលដែលយើងកំពុងតែប្រឈមមុខនឹងជីវិតពិត។
ក្នុងបទគម្ពីរអេសាយ ជំពូក៤០ យើងឃើញថា ព្រះជាម្ចាស់មានព្រះទ័យសុភាព ហើយក៏មានអំណាចចេស្តាផងដែរ។ គឺដូចដែល ខ.១១ បានចែងថា “ទ្រង់នឹងឃ្វាលហ្វូងរបស់ទ្រង់ ដូចជាអ្នកគង្វាល ទ្រង់នឹងប្រមូលអស់ទាំងកូនចៀមមកបីនៅព្រះពាហុ”។ ប៉ុន្តែ ទន្ទឹមនឹងនោះ “ព្រះអម្ចាស់យេហូវ៉ាទ្រង់នឹងយាងមក ដោយមានព្រះចេស្តា ហើយព្រះពាហុនៃទ្រង់នឹងកាន់កាប់ត្រួតត្រាឲ្យទ្រង់”(ខ.១០)។ ព្រះអង្គមានពេញដោយអំណាចចេស្តា តែទ្រង់មានព្រះទ័យសុភាព នៅក្នុងការការពារអ្នកដែលងាយរងគ្រោះ។
ម្យ៉ាងទៀត ព្រះយេស៊ូវបានបណ្តេញពួកអ្នកដូរលុយ នៅក្នុងព្រះវិហារ ដោយផ្កាប់តុពួកគេ តែទ្រង់ក៏យកព្រះទ័យទុកដាក់ចំពោះក្មេងៗ ដោយព្រះទ័យសុភាពផងដែរ។ ព្រះអង្គបានប្រើពាក្យធ្ងន់ៗ ដើម្បីស្តីប្រដៅពួកផារិស៊ី(ម៉ាថាយ ២) តែទ្រង់ក៏បានអត់ទោសបាបឲ្យស្រ្តីម្នាក់ ដែលត្រូវការសេចក្តីមេត្តា ដ៏សុភាពរបស់ទ្រង់(យ៉ូហាន ៨:១-១១)។
មានពេលខ្លះ យើងត្រូវក្រោកឈរឡើង ដើម្បីការពារអ្នកទន់ខ្សោយ ហើយជំរុញចិត្តអ្នកដទៃ ឲ្យស្វែងរកយុត្តិធម៌ តែទន្ទឹមនឹងនោះ យើងក៏ត្រូវបង្ហាញចេញនូវចិត្តសុភាពដល់មនុស្សគ្រប់គ្នាផងដែរ(ភីលីព ៤:៥)។ ខណៈពេលដែលយើងបម្រើព្រះ ជួនកាល ចំណុចខ្លាំងរបស់យើង ស្ថិតនៅត្រង់ចិត្តសុភាព ដែលយើងបានបង្ហាញចេញដល់អ្នកដែលត្រូវការជំនួយ។ —DAVE BRANON