ខណៈ​ពេល​ដែល​កង​ទ័ព​របស់​សត្រូវ​បាន​ចូល​កាន់​កាប់​ប្រទេស​ហូឡង់ នៅ​សម័យ​សង្រ្គាម​លោក​លើក​ទី​២ ហើយស្ថាន​ការណ៍​កាន់​តែ​មាន​ភាព​ធ្ងន់​ធ្ងរ អ្នក​ស្រី​អ៊ែន ហ្វ្រែង(Anne Frank) និង​ក្រុម​គ្រួសារ​របស់​គាត់ បាន​ធ្វើ​ការ​រៀប​ចំ​ដោយ​ចិត្ត​ក្លាហាន ហើយ​ក៏​បាន​ផ្លាស់​ទៅ​រស់​នៅ ក្នុង​កន្លែង​លាក់​ខ្លួន​សម្ងាត់ ដើម្បី​គេច​ចេញ​ពី​គ្រោះ​ថ្នាក់។ ពួក​គេ​បាន​លាក់​ខ្លួន នៅ​ទីនោះ​អស់​រយៈ​ពេល​២​ឆ្នាំ ក្នុង​អំឡុង​សម័យ​សង្រ្គាម ហើយ​គេ​ក៏​បាន​រក​ពួក​គេ​ឃើញ ហើយ​ក៏​បាន​បញ្ចួន​ពួក​គេ ទៅ​ជំរុំ​ប្រមូល​ផ្តុំ។ ក្រោយ​មក អ្នក​ស្រីអ៊ែន​ក៏​បាន​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​របស់​គាត់​ថា “ក្នុង​រយៈ​ពេល​វែង អាវុធ​ដែល​មុត​ស្រួច​បំផុត គឺ​វិញ្ញាណ​ដែល​សប្បុរស និង​សុភាព”។

ការ​បង្ហាញ​ចេញ​នូវ​ចិត្ត​សុភាព អាច​មាន​ភាព​ស្មុគ្រ​ស្មាញ ខណៈ​ពេល​ដែល​យើង​កំពុង​តែ​ប្រឈម​មុខ​នឹង​ជីវិត​ពិត។

ក្នុង​បទ​គម្ពីរ​អេសាយ ជំពូក​៤០ យើង​ឃើញ​ថា ព្រះ​ជា​ម្ចាស់​មាន​ព្រះ​ទ័យ​សុភាព ហើយ​ក៏​មាន​អំណាច​ចេស្តា​ផង​ដែរ​។ គឺ​ដូច​ដែល​ ខ.១១ បាន​ចែង​ថា “ទ្រង់​នឹង​ឃ្វាល​ហ្វូង​របស់​ទ្រង់ ដូច​ជា​អ្នក​គង្វាល ទ្រង់​នឹង​ប្រមូល​អស់​ទាំង​កូន​ចៀម​មក​បី​នៅ​ព្រះពាហុ”។ ប៉ុន្តែ ទន្ទឹម​នឹង​នោះ “ព្រះ​អម្ចាស់​យេហូវ៉ា​ទ្រង់​នឹង​យាង​មក ដោយ​មាន​ព្រះចេស្តា ហើយ​ព្រះពាហុ​នៃ​ទ្រង់​នឹង​កាន់​កាប់​ត្រួត​ត្រា​ឲ្យ​ទ្រង់”(ខ.១០)។ ព្រះ​អង្គ​មាន​ពេញ​ដោយ​អំណាច​ចេស្តា តែ​ទ្រង់​មាន​ព្រះ​ទ័យ​សុភាព នៅ​ក្នុង​ការ​ការពារ​អ្នក​ដែល​ងាយ​រង​គ្រោះ។​

ម្យ៉ាងទៀត ព្រះ​យេស៊ូវ​បាន​បណ្តេញ​ពួក​អ្នក​ដូរ​លុយ នៅ​ក្នុង​ព្រះ​វិហារ ដោយ​ផ្កាប់​តុ​ពួក​គេ តែ​ទ្រង់​ក៏​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​ក្មេង​ៗ ដោយ​ព្រះ​ទ័យ​សុភាព​ផង​ដែរ។ ព្រះ​អង្គ​បាន​ប្រើ​ពាក្យ​ធ្ងន់​ៗ ដើម្បី​ស្តី​ប្រដៅ​ពួក​ផារិស៊ី​(ម៉ាថាយ ២) តែ​ទ្រង់​ក៏​បាន​អត់​ទោស​បាប​ឲ្យ​ស្រ្តី​ម្នាក់ ដែល​ត្រូវ​ការ​សេចក្តី​មេត្តា ដ៏​សុភាព​របស់​ទ្រង់(យ៉ូហាន ៨:១-១១)។

មាន​ពេល​ខ្លះ យើង​ត្រូវ​ក្រោក​ឈរ​ឡើង ដើម្បី​ការពារ​អ្នក​ទន់​ខ្សោយ ហើយ​ជំរុញ​ចិត្ត​អ្នក​ដទៃ ឲ្យ​ស្វែង​រក​យុត្តិ​ធម៌ តែ​ទន្ទឹម​នឹង​នោះ យើង​ក៏​ត្រូវ​បង្ហាញ​ចេញ​នូវ​ចិត្ត​សុភាព​ដល់​មនុស្ស​គ្រប់​គ្នា​ផង​ដែរ​(ភីលីព ៤:៥)។ ខណៈ​ពេល​ដែល​យើង​បម្រើ​ព្រះ​ ជួន​កាល ចំណុច​ខ្លាំង​របស់​យើង ស្ថិត​នៅ​ត្រង់​ចិត្ត​សុភាព ដែល​យើង​បាន​បង្ហាញ​ចេញ​ដល់​អ្នក​ដែល​ត្រូវ​ការ​ជំនួយ។ —DAVE BRANON