ប្រទេសម៉ូលដូវ៉ាស្ថិតក្នុងចំណោមប្រទេសក្រីក្របំផុត នៅទ្វីបអឺរ៉ុប។ កាលមិត្តភក្តិខ្ញុំកំពុងរស់នៅក្នុងប្រទេសនេះ ពួកគេមានចិត្តរំភើបរីករាយយ៉ាងខ្លំាង ចំពោះការស្វាគមន៍ដ៏កក់ក្តៅ ដែលពួកគេបានទទួល ជាពិសេសពីគ្រីស្ទបរិស័ទដទៃទៀត។ មានពេលមួយ ពួកគេបានយកខោអាវ និងអាហារខ្លះៗ ទៅឲ្យប្តីប្រពន្ធមួយគូ ដែលទៅថ្វាយបង្គំនៅព្រះវិហារជាមួយពួកគេ។ ប្តីប្រពន្ធមួយគូនេះកំពុងរស់នៅក្នុងភាពក្រីក្រ ដោយចិញ្ចឹមក្មេងៗជាច្រើននាក់។ គ្រួសារមួយនេះបានចាត់ទុកមិត្តភក្តិខ្ញុំ ជាភ្ញៀវកិត្តិយស ដោយដាក់តែផ្អែម និងអាហារខ្លះៗ ដើម្បីទទួលមិត្តភក្តិខ្ញុំ ទោះពួកគេបដិសេធក៏ដោយ។ ពេលដែលមិត្តភក្តិខ្ញុំត្រឡប់មកវិញ ម្ចាស់ផ្ទះក៏បានឲ្យផ្លែឪឡឹក និងផ្លែឈើ ព្រមទាំងបន្លែដទៃទៀត ពួកគេបានស្ញើចសរសើរ ចំពោះភាពចៅរ៉ាវ ដែលពួកគេបានទទួលនៅពេលនោះ។
គ្រីស្ទបរិស័ទទាំងនេះបានបង្ហាញចេញនូវការស្វាគមន៍ ដែលព្រះជាម្ចាស់បានបង្គាប់រាស្រ្តទ្រង់ គឺពួកអ៊ីស្រាអែល ឲ្យអនុវត្តតាម។ ព្រះអង្គបានបង្គាប់ពួកគេឲ្យ “ដើរតាមគ្រប់ទាំងផ្លូវរបស់ទ្រង់ ដោយការស្តាប់បង្គាប់ ហើយឲ្យស្រឡាញ់ទ្រង់ព្រមទាំងគោរពប្រតិបត្តិដល់ទ្រង់ ឲ្យអស់ពីចិត្ត អស់ពីព្រលឹងផង”(ចោទិយថា ១០:១២)។ តើពួកអ៊ីស្រាអែលបានអនុវត្តតាមបង្គាប់របស់ទ្រង់ ដោយរបៀបណា? ពួកគេអាចអនុវត្តតាមព្រះបន្ទូលទ្រង់ ដោយ “ស្រឡាញ់អ្នកប្រទេសក្រៅចុះ ដ្បិតពួកគេក៏ជាពួកអ្នកប្រទេសក្រៅ ពីកាលនៅស្រុកអេស៊ីព្ទដែរ”(ខ.១៩)។ ការស្វាគមន៍អ្នកស្រុកក្រៅ គឺជាការបម្រើ និងថ្វាយព្រះកតិ្តនាមដល់ព្រះជាម្ចាស់ ហើយការបង្ហាញចេញនូវសេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ ចំពោះអ្នកស្រុកក្រៅ គឺជាការបង្ហាញនូវសេចក្តីជំនឿ ដែលពួកគេមានចំពោះទ្រង់។
ស្ថានភាពរបស់យើង ប្រហែលជាខុសពីប្រជាជននៅប្រទេសម៉ូលដូវ៉ា ឬអ៊ីស្រាអែល តែយើងក៏អាចបង្ហាញចេញនូវសេចក្តីស្រឡាញ់ ចំពោះព្រះជាម្ចាស់ ដោយការស្វាគមន៍អ្នកដទៃផងដែរ។ ទោះយើងបើកទ្វារផ្ទះទទួលស្វាគមន៍អ្នកដទៃ ឬស្វាគមន៍គេ ដោយការញញឹម ដាក់អ្នកដែលយើងជួបក្តី យើងអាចបង្ហាញឲ្យពួកគេស្គាល់ព្រះទ័យរបស់ព្រះជាម្ចាស់ ដែលទ្រង់ស្រឡាញ់ និងស្វាគមន៍មនុស្សគ្រប់គ្នា នៅក្នុងលោកិយដ៏ឯកោ និងឈឺចាប់។—AMY BOUCHER PYE