កម្មវិធីទូរទស្សន៍មួយបានចាក់បញ្ចាំង អំពីយុវជនវ័យក្មេង ដែលស្លៀកឯកសណ្ឋានសិស្សវិទ្យាល័យ ដើម្បីស្វែងយល់ អំពីជីវិតរបស់ក្មេងជំទង់។ ពួកគេបានរកឃើញថា ក្មេងជំទង់បានប្រើបណ្តាញសង្គម ដើម្បីវាស់ស្ទង់តម្លៃរបស់ខ្លួនឯង។ ក្នុងកម្មវិធីទូរទស្សន៍នោះ អ្នកចូលរួមម្នាក់បានធ្វើការសង្កេតឃើញថា “សិស្សសាលា បានឲ្យតម្លៃខ្លួនឯង ដោយផ្អែកទៅលើបណ្តាញសង្គម ដោយរាប់ចំនួន ឡែក(like) ដែលពួកគេបានទទួល សម្រាប់រូបថត ដែលពួកគេបានបង្ហោះ ក្នុងហ្វេសប៊ុក”។ ពួកគេត្រូវការការទទួលស្គាល់ពីអ្នកដទៃ ដែលអាចជំរុញពួកគេ ឲ្យបង្ហាញចេញនូវអាកប្បកិរិយ៉ាដែលហួសហេតុ។
ការស្រេកឃ្លានការទទួលស្គាល់ពីអ្នកដទៃ គឺកើតមានតាំងពីដើមមក។ ក្នុងបទគម្ពីរលោកុប្បត្តិ ជំពូក ២៩ នាងលេអាស្រេកឃ្លានសេចក្តីស្រឡាញ់របស់លោកយ៉ាកុប ដែលជាស្វាមី។ នាងបានឆ្លុះបញ្ចាំង អំពីបញ្ហានេះ នៅក្នុងការដាក់ឈ្មោះឲ្យកូនបីនាក់ដំបូងរបស់នាង ដែលសុទ្ធតែបង្ហាញអំពីភាពឯកោរបស់នាង(ខ.៣១-៣៤)។ ប៉ុន្តែ គួរឲ្យស្តាយណាស់ ដែលលោកយ៉ាកុបមិនបានបង្ហាញចេញនូវការទទួលស្គាល់ ដែលនាងត្រូវការឡើយ។
នៅកំណើតកូនទី៤ នាងលេអាក៏បានងាកទៅរកព្រះជាម្ចាស់ ជាជាងងាកទៅរកប្តីរបស់នាង ដោយដាក់ឈ្មោះកូនទី៤របស់នាងថា យូដា ដែលមានន័យថា “ការសរសើរដំកើង”(ខ.៣៥)។ ទីបំផុត នាងលេអាបានរកឃើញតម្លៃរបស់នាង នៅក្នុងព្រះជាម្ចាស់។ នាងក៏បានក្លាយជាផ្នែកមួយនៃរឿងនៃសេចក្តីសង្រ្គោះរបស់ព្រះ ដោយលោកយូដា ដែលជាកូនរបស់នាង បានធ្វើជាបុព្វបុរសរបស់ស្តេចដាវីឌ ហើយក្រោយមក ក៏បានធ្វើជាបុព្វបុរសរបស់ព្រះយេស៊ូវទៀត។
យើងអាចព្យាយាមស្វែងរកតម្លៃរបស់យើង តាមមធ្យោបាយជាច្រើន តែមានតែក្នុងព្រះយេស៊ូវទេ ដែលយើងអាចរកឃើញអត្តសញ្ញាណរបស់យើង ដែលជាកូនរបស់ព្រះ ជាអ្នកស្នងមរតកជាមួយព្រះគ្រីស្ទ និងជាអ្នកដែលនឹងបានទៅនៅជាមួយព្រះវរបិតាដែលគង់នៅស្ថានសួគ៌អស់កល្បជានិច្ច។ គឺដូចដែលសាវ័កប៉ុលបានសរសេរថា ក្នុងលោកនេះ គ្មានអ្វីដែលអាចប្រៀបផ្ទឹមនឹងការដែលបានស្គាល់ព្រះគ្រីស្ទឡើយ (ភីលីព ៣:៨)។—PETER CHIN