នៅសម័យសង្រ្គាមលោកលើកទី២ ខណៈពេលដែលអ្នកដឹកនាំពួកជំនុំអាឡឺម៉ង់ភាគច្រើន ចុះចូលនឹងលោកអ៊ីត្លែ ដែលជាមេដឹកនាំផ្តាច់ការរបស់ប្រទេសអាឡឺម៉ង់ លោកម៉ាទីន នេម៉ូល័រ(Martin Niemöller) ដែលជាទេវវិទូ និងជាគ្រូគង្វាល ស្ថិតក្នុងចំណោមអ្នកក្លាហានមួយចំនួន ដែលបានប្រឆាំងនឹងអំពើអាក្រក់របស់របបណាហ្ស៊ី។ ខ្ញុំបានអានរឿងមួយ ដែលពិពណ៌នា អំពីជនជាតិអាឡឺម៉ង់វ័យចំណាស់មួយក្រុម កំពុងឈរនៅខាងក្រៅសណ្ឋាគារធំមួយ នៅទសវត្សរ៍ឆ្នាំ១៩៧០ ហើយក្នុងចំណោមពួកគេមានបុរសវ័យក្មេងម្នាក់ កំពុងតែជញ្ជូនវ៉ាលីរបស់ក្រុមនោះ យ៉ាងញាប់ដៃញាប់ជើង។ មានមនុស្សម្នាក់បានសួរថា តើមនុស្សមួយក្រុមនេះជានរណា? គេក៏បានឆ្លើយថា “ពួកគេជាគ្រូគង្វាលអាឡឺម៉ង់”។ “ចុះចំណែកឯបុរសវ័យក្មេងនោះ ជានរណាដែរ?” “គាត់គឺលោកម៉ាទីន នេម៉ូល័រ។ គាត់មានអាយុ៨០ឆ្នាំហើយ។ ប៉ុន្តែ គាត់ក្មេងជាងវ័យ ដោយសារគាត់ មិនចេះភ័យខ្លាច ”។ លោកនេម៉ូល័រអាចជម្នះការភ័យខ្លាច មិនមែនដោយសារគាត់មានហ្សែនជាមនុស្សអស្ចារ្យពីកំណើត ដែលមិនចេះភ័យខ្លាចនេះឡើយ ប៉ុន្តែ គឺដោយសារតែព្រះគុណរបស់ព្រះប៉ុណ្ណោះ។ តាមពិត កាលពីមុន គាត់ធ្លាប់មានទស្សនៈប្រឆាំងនឹងជនជាតិយូដា ឬជ្វីប។ ប៉ុន្តែ គាត់បានលន់តួរបាប ហើយព្រះជាម្ចាស់ក៏បានស្អាងគាត់ឡើងវិញ ហើយជួយឲ្យគាត់និយាយ និងរស់នៅតាមសេចក្តីពិតរបស់ទ្រង់។
លោកម៉ូសេលើកទឹកចិត្តប្រជាជនអ៊ីស្រាអែល ឲ្យជម្នះការភ័យខ្លាច ហើយដើរតាមព្រះ ក្នុងសេចក្តីពិត។ ពេលដែលពួកគេបានទទួលដំណឹងថា ព្រះជាម្ចាស់នឹងដកលោកម៉ូសេចេញពីពួកគេ ពួកគេក៏មានការភ័យខ្លាច បានជាអ្នកដឹកនាំរូបនេះកំឡាចិត្តពួកគេ ដោយពាក្យសម្តីដ៏មុតមាំថា “ចូរមានកំឡាំងហើយចិត្តក្លាហានឡើង កុំឲ្យខ្លាច ឬមានសេចក្តីភ័យញ័រចំពោះគេឡើយ ដ្បិតគឺព្រះយេហូវ៉ា ជាព្រះនៃឯង ដែលយាងទៅជាមួយនឹងឯង”(ចោទិយកថា ៣១:៦)។ យើងគ្មានហេតុផលអ្វី ដែលត្រូវភ័យញ័រ នៅចំពោះពេលអនាគត ដែលពួកគេមិនដឹងច្បាស់នោះឡើយ ព្រោះព្រះជាម្ចាស់តែងតែគង់នៅជាមួយពួកគេជានិច្ច។
ទោះអ្នកកំពុងតែស្ថិតក្នុងភាពងងឹតយ៉ាងណា ទោះមានរឿងអ្វីក៏ដោយ ព្រះជាម្ចាស់គង់នៅជាមួយអ្នកជានិច្ច។ ដោយសារសេចក្តីមេត្តារបស់ព្រះ នោះអ្នកអាចប្រឈមមុខដាក់ការភ័យខា្លចរបស់អ្នក ដោយដឹងថា “ព្រះអង្គនឹងមិនចាកចេញពីអ្នក ឬបោះបង់អ្នកចោលឡើយ”(ខ.៦,៨)។—WINN COLLIER