អ្នកស្រីគីមចាប់ផ្តើមប្រយុទ្ធនឹងជម្ងឺមហារីកដោះ ក្នុងឆ្នាំ ២០១៣។ បន្ទាប់ពីការព្យាបាលរបស់គាត់បានបញ្ចប់ បានរយៈពេល៤ថ្ងៃ វេជ្ជបណ្ឌិតក៏បានរកឃើញថា គាត់មានជម្ងឺសួតដែលកំពុងតែរីករាលដាល ហើយក៏បានប្រាប់គាត់ថា គាត់អាចរស់នៅបានតែ៣ទៅ៥ឆ្នាំទៀតប៉ុណ្ណោះ។ គាត់ក៏បានសោកសង្រេង ដោយអធិស្ឋានទាំងខ្សឹកខ្សួល ខណៈពេលដែលគាត់បង្ហាញចេញនូវអារម្មណ៍របស់គាត់ នៅចំពោះព្រះជាម្ចាស់ នៅក្នុងឆ្នាំដំបូង។ ប៉ុន្តែ ពេលដែលខ្ញុំបានជួបអ្នកស្រីគីម នៅឆ្នាំ២០១៥ ខ្ញុំក៏បានដឹងថា គាត់បានថ្វាយទុក្ខលំបាករបស់គាត់ ដាច់ដល់ទ្រង់ ហើយក៏បានបង្ហាញចេញនូវក្តីអំណរ និងសន្តិភាព ដែលគាត់មានក្នុងចិត្ត។ ទោះនៅថ្ងៃខ្លះ គាត់នៅតែមានការពិបាក ព្រះជាម្ចាស់បានបន្តកែប្រែទុក្ខលំបាកដែលធ្វើឲ្យចិត្តរីករៃ ឲ្យក្លាយទៅជាទីបន្ទាល់ដ៏ថ្លៃថា្ល នៃការសរសើរដំកើង ពេញដោយសង្ឃឹម ខណៈពេលដែលគាត់លើកទឹកចិត្តអ្នកដទៃ។
សូម្បីតែនៅពេលដែលយើងស្ថិតក្នុងកាលៈទេសៈដ៏ពិបាកយ៉ាងណាក៏ដោយ ក៏ព្រះជាម្ចាស់ អាចកែប្រែការទួញយំរបស់យើង ឲ្យក្លាយជាការលោតរាំ។ ទោះការប្រោសឲ្យជារបស់ទ្រង់ មិនតែងតែដូចអ្វីដែលយើងសង្ឃឹមចង់បានក្តី ក៏យើងអាចទុកចិត្តថា ផ្លូវរបស់ទ្រង់តែងតែល្អជានិច្ច(ទំនុកដំកើត ៣០:១-៣)។ ទោះដំណើរជីវិតយើងបានប្រឡាក់ទៅដោយទឹកភ្នែកយ៉ាងណាក្តី ក៏យើងនៅតែមានហេតុផលជាច្រើនរាប់មិនអស់ ដើម្បីនឹងសរសើរដំកើងព្រះអង្គ(ខ.៤)។ យើងអាចអរសប្បាយក្នុងព្រះជាម្ចាស់ ខណៈពេលដែលទ្រង់ជួយឲ្យជំនឿយើងមានភាពរឹងមាំ(ខ.៥-៧)។ យើងអាចស្រែករកសេចក្តីមេត្តារបស់ទ្រង់(ខ.៨-១០) ដោយអបអរចំពោះសេចក្តីសង្ឃឹម ដែលទ្រង់បានប្រទាន ដល់អ្នកថ្វាយបង្គំជាច្រើនដែលទួញយំ។ មានតែព្រះជាម្ចាស់ទេ ដែលអាចកែប្រែទំនួញនៃភាពអស់សង្ឃឹម ឲ្យក្លាយជាក្តីអំណរដ៏រស់រវើក ដែលមិនពឹងផ្អែកលើកាលៈទេសៈ(ខ.១១-១២)។
ខណៈពេលដែលព្រះនៃយើងដែលប្រកបដោយសេចក្តីមេត្តា កម្សាន្តចិត្តយើង ពេលដែលយើងមានទុក្ខព្រួយ ទ្រង់ក៏បានហ៊ុមព័ទ្ធយើង ដោយសន្តិភាព ហើយប្រទានកម្លាំង ឲ្យយើងអាចចែករំលែកសេចក្តីអាណឹត ទៅដល់អ្នកដទៃ និងខ្លួនយើង។ ព្រះអម្ចាស់នៃយើង ដែលប្រកបដោយក្តីស្រឡាញ់ និងស្មោះត្រង់ ពិតជាអាចកែប្រែការទួញយំរបស់យើង ឲ្យក្លាយជាការថ្វាយបង្គំ ដែលអាចនាំឲ្យយើងមានការទុក្ខចិត្តដ៏ជ្រាលជ្រៅ ការសរសើរដំកើង និងការរាំដោយអំណរ។—XOCHITL DIXON