កាលពីខែវិច្ឆិការ ឆ្នាំ២០១៦ ព្រះច័ន្ទបានរះធំបំផុត ជាព្រឹត្តិការណ៍ដ៏កម្រ ដែលគេដាក់រហ័សនាមឲ្យថា ស៊ូព័រមូន។ នៅយប់នោះ ព្រះច័ន្ទបានដើរក្នុងគន្លងរបស់វា ដោយស្ថិតក្នុងចម្ងាយដែលជិតបំផុតពីផែនដី ក្នុងរយៈពេលជាង៦០ឆ្នាំ ហើយមើលទៅមានទំហំធំជាង និងមានពន្លឺភ្លឺជាងពេលធម្មតា។ ប៉ុន្តែ សម្រាប់ខ្ញុំវិញ នៅយប់នោះ ខ្ញុំងើយទៅលើ មើលឃើញតែផ្ទៃមេឃពណ៌ប្រផេះ។ ទោះខ្ញុំបានមើលរូបថត នៃទិដ្ឋភាពដ៏អស្ចារ្យនេះ ដែលមិត្តភក្តិខ្ញុំថតបាន នៅកន្លែងផ្សេងក៏ដោយ ក៏ខ្ញុំត្រូវតែមានជំនឿថា ព្រះច័ន្ទដ៏ធំចម្លែក កំពុងតែលាក់ខ្លួននៅពីក្រោយពពក នៅពេលយប់នោះ។
សាវ័កប៉ុលបានជំរុញពួកជំនុំ នៅក្រុងកូរិនថូស ឲ្យជឿលើអ្វីដែលមើលមិនឃើញ តែមានភាពស្ថិតស្ថេរជាដរាប ខណៈពេលដែលពួកគេកំពុងតែជួបប្រទះទុក្ខលំបាក។ គាត់ប្រាប់ពួកគេថា ទុក្ខលំបាកដែលពួកគេជួបប្រទះ ដែលមានរយៈពេលបណ្តោះអាសន្ន នឹងនាំឲ្យពួកគេទទួលសិរីល្អដ៏អស់កល្បជានិច្ច(២កូរិនថូស ៤:១៧)។ ដូចនេះ ពួកគេត្រូវផ្តោតចិត្តទៅលើអ្វីដែលមើលមិនឃើញ ព្រោះអ្វីដែលមើលមិនឃើញ គឺស្ថិតនៅអស់កល្បជានិច្ច(ខ.១៨)។ សាវ័កប៉ុលចង់ឲ្យជំនឿរបស់ពួកជំនុំនៅក្រុងកូរិនថូស មានការចម្រើនឡើង ហើយទោះបីជាពួកគេរងទុក្ខយ៉ាងណាក៏ដោយ ពួកគេត្រូវទុកចិត្តព្រះអង្គ។ ពួកគេមិនអាចមើលឃើញទ្រង់មែន តែពួកគេអាចជឿថា ទ្រង់កំពុងតែធ្វើឲ្យពួកគេមានភាពថ្មីឡើងពីមួយថ្ងៃទៅមួយថ្ងៃ(ខ.១៦)។
នៅយប់នោះ ខ្ញុំបានមើលទៅពពក ដោយដឹងថា ព្រះច័ន្ទដ៏ធំចម្លែកកំពុងតែលាក់ខ្លួននៅពីក្រោយពពក ហើយរឿងនេះបានរំឭកខ្ញុំថា យើងមិនអាចមើលព្រះជាម្ចាស់ឃើញ ប៉ុន្តែ ទ្រង់មានភាពស្ថិតស្ថេរអស់កល្ប។ ហើយខ្ញុំសង្ឃឹមថា ថ្ងៃក្រោយ ពេលខ្ញុំជួបការល្បួង ឲ្យជឿថា ព្រះជាម្ចាស់គង់នៅឆ្ងាយពីខ្ញុំ ខ្ញុំនឹងងាកមកផ្តោតចិត្តទៅលើព្រះអង្គ ដែលខ្ញុំមើលមិនឃើញវិញ។ —AMY BOUCHER PYE