កាល​ពី​ខែ​វិច្ឆិការ ឆ្នាំ២០១៦ ព្រះ​ច័ន្ទ​បាន​រះ​ធំ​បំផុត ជា​ព្រឹត្តិការណ៍​ដ៏​កម្រ ដែល​គេ​ដាក់​រហ័ស​នាម​ឲ្យ​ថា ស៊ូព័រមូន។ នៅ​យប់​នោះ ព្រះ​ច័ន្ទ​បាន​ដើរ​ក្នុង​គន្លង​របស់​វា ដោយ​ស្ថិត​ក្នុង​ចម្ងាយ​ដែល​ជិត​បំផុត​ពី​ផែនដី ក្នុង​រយៈ​ពេល​ជាង​៦០ឆ្នាំ ហើយ​មើល​ទៅ​មាន​ទំហំ​ធំ​ជាង និង​មាន​ពន្លឺ​ភ្លឺ​ជាង​ពេល​ធម្មតា។ ប៉ុន្តែ សម្រាប់​ខ្ញុំ​វិញ នៅ​យប់​នោះ ខ្ញុំ​ងើយ​ទៅលើ​ មើល​ឃើញ​តែ​ផ្ទៃ​មេឃ​ពណ៌​ប្រផេះ។ ទោះ​ខ្ញុំ​បាន​មើល​រូប​ថត នៃ​ទិដ្ឋ​ភាព​ដ៏​អស្ចារ្យ​នេះ ដែល​មិត្ត​ភក្តិ​ខ្ញុំ​ថត​បាន ​នៅ​កន្លែង​ផ្សេង​ក៏​ដោយ ក៏​ខ្ញុំ​ត្រូវ​តែ​មាន​ជំនឿ​ថា ព្រះ​ច័ន្ទ​ដ៏​ធំ​ចម្លែក កំពុង​តែ​លាក់​ខ្លួន​នៅ​ពី​ក្រោយ​ពពក នៅ​ពេល​យប់​នោះ។

សាវ័ក​ប៉ុល​បាន​ជំរុញ​ពួក​ជំនុំ នៅ​ក្រុង​កូរិនថូស ឲ្យ​ជឿ​លើអ្វី​ដែល​មើល​មិន​ឃើញ​ តែ​មាន​ភាព​ស្ថិត​ស្ថេរ​ជា​ដរាប ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​តែ​ជួប​ប្រទះ​ទុក្ខ​លំបាក។ គាត់​ប្រាប់​ពួក​គេ​ថា ទុក្ខ​លំបាក​ដែល​ពួក​គេ​ជួប​ប្រទះ ដែលមាន​រយៈ​ពេល​បណ្តោះ​អាសន្ន នឹង​នាំ​ឲ្យ​ពួក​គេ​ទទួល​សិរីល្អ​ដ៏​អស់​កល្ប​ជា​និច្ច(២កូរិនថូស ៤:១៧)។ ដូច​នេះ ពួក​គេ​ត្រូវ​ផ្តោត​ចិត្ត​ទៅ​លើ​អ្វី​ដែល​មើល​មិន​ឃើញ ព្រោះ​អ្វី​ដែល​មើល​មិន​ឃើញ គឺ​ស្ថិត​នៅ​អស់​កល្ប​ជានិច្ច(ខ.១៨)។ សាវ័ក​ប៉ុល​ចង់​ឲ្យ​ជំនឿ​របស់​ពួក​ជំនុំ​នៅ​ក្រុង​កូរិនថូស មាន​ការ​ចម្រើន​ឡើង ហើយ​ទោះ​បី​ជា​ពួក​គេ​រង​ទុក្ខ​យ៉ាង​ណាក៏​ដោយ ពួក​គេ​ត្រូវ​ទុក​ចិត្ត​ព្រះ​អង្គ។ ពួក​គេ​មិន​អាច​មើល​ឃើញ​ទ្រង់​មែន តែ​ពួក​គេ​អាច​ជឿ​ថា ទ្រង់​កំពុង​តែ​ធ្វើ​ឲ្យពួក​គេ​មាន​ភាព​ថ្មី​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ(ខ.១៦)។

នៅ​យប់​នោះ ខ្ញុំ​បាន​មើល​ទៅ​ពពក ដោយ​ដឹង​ថា ព្រះ​ច័ន្ទ​ដ៏​ធំ​ចម្លែក​កំពុង​តែ​លាក់​ខ្លួន​នៅ​ពី​ក្រោយ​ពពក ហើយ​រឿង​នេះ​បាន​រំឭក​ខ្ញុំ​ថា យើង​មិន​អាច​មើល​ព្រះ​ជា​ម្ចាស់​ឃើញ ប៉ុន្តែ ទ្រង់​មាន​ភាព​ស្ថិត​ស្ថេរ​អស់​កល្ប។ ហើយ​ខ្ញុំ​សង្ឃឹម​ថា ថ្ងៃ​ក្រោយ ពេល​ខ្ញុំ​ជួប​ការ​ល្បួង ឲ្យ​ជឿ​ថា ព្រះ​ជា​ម្ចាស់​គង់​នៅ​ឆ្ងាយ​ពី​ខ្ញុំ ខ្ញុំ​នឹង​ងាក​មក​ផ្តោត​ចិត្ត​ទៅ​លើ​ព្រះអង្គ ដែល​ខ្ញុំ​មើល​មិន​ឃើញ​វិញ។ —AMY BOUCHER PYE