ក្នុង​អំឡុង​ពេល​នៃ​ចលនា​ផុស​ផល​នៅ​ប្រទេស​វេល ក្នុង​ដើម​សតវត្សរ៍​ទី​២០ លោក​ជី ខេមបេល ម៉រហ្គិន(G. Campbell Morgan) ដែល​ជា​គ្រូ​បង្រៀន​ព្រះ​គម្ពីរ និង​អ្នក​និពន្ធ បាន​ពិពណ៌​នា អំពី​អ្វី​ដែល​គាត់​បាន​ឃើញ។ គាត់​ជឿ​ថា ព្រះ​វត្ត​មាន​នៃ​ព្រះ​វិញ្ញាណ​របស់​ព្រះ កំពុង​តែ​ធ្វើ​ការ​ទ្រង់ នៅ​ក្នុង​រលក​នៃ​ទំនុក​បទ​ចម្រៀង​ដ៏​បរិសុទ្ធ។ លោកម៉ូហ្គិន​បាន​សរសេរ​ថា គាត់​សង្កេត​ឃើញ​ថា តន្រ្តី​មាន​ឥទ្ធិពល​នៃ​ការ​រួប​រួម នៅ​ក្នុង​ការ​ជួប​ជុំ ដែល​លើក​ទឹក​ចិត្ត​ឲ្យមាន​ការ​អធិស្ឋាន ការ​លន់​តួ​បាប​ស្ម័គ្រ​ពី​ចិត្ត និង​បន្លឺ​សម្លេង​ច្រៀង​ឡើង ចេញ​ពី​ក្នុង​ចិត្ត។ បើ​មាន​នរណា​ម្នាក់​មានអារម្មណ៍​ដែល​ហោះ​ហើរ​ទៅ​ឆ្ងាយ ហើយ​អធិស្ឋាន​វែង​ពេក ឬ​និយាយ​អ្វី ដែល​មិន​ស៊ី​សង្វាក់​នឹង​អ្នក​ដទៃ ក្នុងចំណោម​ពួក​គេ នឹង​មាន​នរណា​ម្នាក់ នឹង​ចាប់​ផ្តើម​ច្រៀង​យ៉ាង​ស្រទន់។ អ្នក​ដទៃ​នឹង​ចូល​រួម​យ៉ាង​សុភាព បទចម្រៀង​ខ្លី​នោះ ក៏​បាន​កើន​សម្លេង​កាន់​តែ​ឮ ហើយ​ក៏​បាន​លប់​ពី​លើ​សម្លេង​ដទៃ​ទៀត។

ការ​ផុស​ផល ក្នុង​ការ​ច្រៀង​សរសើរ​ព្រះ ដែល​លោក​ម៉ូហ្គិន​បាន​ពិពណ៌នា ក៏​មាន​ចែង នៅ​ក្នុង​ព្រះ​គម្ពីរ​បរិសុទ្ធ​ផង​ដែរ ដែល​ក្នុង​នោះ បទ​ចម្រៀង​បាន​ដើរ​តួនាទី​ដ៏​សំខាន់។ គេ​បាន​ប្រើ​បទ​ចម្រៀង ដើម្បី​អប​អរ​ជ័យ​ជម្នះ (និក្ខមនំ ១៥:១-២១) និង​សម្រាប់​ពិធី​សម្ភោត​ព្រះវិហារ(២កូរិនថូស ៥:១២-១៤) ហើយ​ជា​ផ្នែក​មួយ នៃ​យុទ្ធ​សាស្រ្ត​សង្រ្គាម(២០:២១-២៣)។ នៅ​កណ្តាល​ព្រះ​គម្ពីរ​មាន​កណ្ឌ​បទ​ចម្រៀង​(ទំនុកដំកើង ១-១៥០)។ ហើយ​ក្នុង​សំបុត្រ​សញ្ញាថ្មី​របស់​សាវ័ក​ប៉ុល ដែល​គាត់​បាន​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ក្រុង​អេភេសូរ គាត់​បាន​រៀប​រាប់​ថា ការ​រស់​នៅ ក្នុង​ព្រះ​វិញ្ញាណ គឺ​ត្រូវ “និយាយ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​បទ​ទំនុក​ដំកើង ទំនុក​បរិសុទ្ធ នឹង​ចំរៀង​ខាង​ឯ​វិញ្ញាណ”(អេភេសូរ ៥:១៨-១៩)។

នៅ​ក្នុង​ការ​ប៉ះ​ទង្គិច ឬ​ជម្លោះ ​ក្នុង​ជីវិត បទ​ចម្រៀង​នៃ​សេចក្តី​ជំនឿ ដែល​យើង​ច្រៀង​ក្នុង​ការ​ថ្វាយ​បង្គំ អាច​ជួយ​យើង ​ឲ្យ​រក​ឃើញ​សម្លេង​តែ​មួយ។ នៅ​ក្នុង​ភាព​សុខដុម​រវាង​អ្នក​ចាស់ និង​អ្នក​ថ្មី យើង​នឹង​បាន​ត្រឡប់​ថ្មី​ឡើង មិន​មែន​ដោយ​អំណាច ឬ​ដោយ​កម្លាំង​អ្វី​ទេ តែ​ដោយ​ព្រះ​វិញ្ញាណ និង​បទ​ចម្រៀង​របស់​ព្រះ​នៃ​យើង។—MART DEHAAN