ក្នុងអំឡុងពេលនៃចលនាផុសផលនៅប្រទេសវេល ក្នុងដើមសតវត្សរ៍ទី២០ លោកជី ខេមបេល ម៉រហ្គិន(G. Campbell Morgan) ដែលជាគ្រូបង្រៀនព្រះគម្ពីរ និងអ្នកនិពន្ធ បានពិពណ៌នា អំពីអ្វីដែលគាត់បានឃើញ។ គាត់ជឿថា ព្រះវត្តមាននៃព្រះវិញ្ញាណរបស់ព្រះ កំពុងតែធ្វើការទ្រង់ នៅក្នុងរលកនៃទំនុកបទចម្រៀងដ៏បរិសុទ្ធ។ លោកម៉ូហ្គិនបានសរសេរថា គាត់សង្កេតឃើញថា តន្រ្តីមានឥទ្ធិពលនៃការរួបរួម នៅក្នុងការជួបជុំ ដែលលើកទឹកចិត្តឲ្យមានការអធិស្ឋាន ការលន់តួបាបស្ម័គ្រពីចិត្ត និងបន្លឺសម្លេងច្រៀងឡើង ចេញពីក្នុងចិត្ត។ បើមាននរណាម្នាក់មានអារម្មណ៍ដែលហោះហើរទៅឆ្ងាយ ហើយអធិស្ឋានវែងពេក ឬនិយាយអ្វី ដែលមិនស៊ីសង្វាក់នឹងអ្នកដទៃ ក្នុងចំណោមពួកគេ នឹងមាននរណាម្នាក់ នឹងចាប់ផ្តើមច្រៀងយ៉ាងស្រទន់។ អ្នកដទៃនឹងចូលរួមយ៉ាងសុភាព បទចម្រៀងខ្លីនោះ ក៏បានកើនសម្លេងកាន់តែឮ ហើយក៏បានលប់ពីលើសម្លេងដទៃទៀត។
ការផុសផល ក្នុងការច្រៀងសរសើរព្រះ ដែលលោកម៉ូហ្គិនបានពិពណ៌នា ក៏មានចែង នៅក្នុងព្រះគម្ពីរបរិសុទ្ធផងដែរ ដែលក្នុងនោះ បទចម្រៀងបានដើរតួនាទីដ៏សំខាន់។ គេបានប្រើបទចម្រៀង ដើម្បីអបអរជ័យជម្នះ (និក្ខមនំ ១៥:១-២១) និងសម្រាប់ពិធីសម្ភោតព្រះវិហារ(២កូរិនថូស ៥:១២-១៤) ហើយជាផ្នែកមួយ នៃយុទ្ធសាស្រ្តសង្រ្គាម(២០:២១-២៣)។ នៅកណ្តាលព្រះគម្ពីរមានកណ្ឌបទចម្រៀង(ទំនុកដំកើង ១-១៥០)។ ហើយក្នុងសំបុត្រសញ្ញាថ្មីរបស់សាវ័កប៉ុល ដែលគាត់បានផ្ញើទៅពួកជំនុំនៅក្រុងអេភេសូរ គាត់បានរៀបរាប់ថា ការរស់នៅ ក្នុងព្រះវិញ្ញាណ គឺត្រូវ “និយាយគ្នាទៅវិញទៅមក ដោយបទទំនុកដំកើង ទំនុកបរិសុទ្ធ នឹងចំរៀងខាងឯវិញ្ញាណ”(អេភេសូរ ៥:១៨-១៩)។
នៅក្នុងការប៉ះទង្គិច ឬជម្លោះ ក្នុងជីវិត បទចម្រៀងនៃសេចក្តីជំនឿ ដែលយើងច្រៀងក្នុងការថ្វាយបង្គំ អាចជួយយើង ឲ្យរកឃើញសម្លេងតែមួយ។ នៅក្នុងភាពសុខដុមរវាងអ្នកចាស់ និងអ្នកថ្មី យើងនឹងបានត្រឡប់ថ្មីឡើង មិនមែនដោយអំណាច ឬដោយកម្លាំងអ្វីទេ តែដោយព្រះវិញ្ញាណ និងបទចម្រៀងរបស់ព្រះនៃយើង។—MART DEHAAN