មានពេលមួយ ខ្ញុំនិងមិត្តភក្តិខ្ញុំបានទៅដើរកម្សាន្តជាមួយចៅៗរបស់គាត់។ ខណៈពេលដែលគាត់កំពុងតែរុញរទេះកូនក្មេង គាត់ក៏បាននិយាយថា គាត់បានដើរ ដោយបោះជំហានទៅមុខ តែដូចជាគ្មានប្រយោជន៍សោះ ព្រោះឧបករណ៍រាប់ជំហានដែលគាត់ពាក់នៅកដៃគាត់ មិនបានរាប់ជំហានគាត់ ដោយសារគាត់មិនបានបង់បោយ ពេលគាត់ដើររុញរទេះទៅមុខ។ ខ្ញុំក៏បានរំឭកគាត់ថា ការបោះជំហានដើរនោះ នៅតែមានប្រយោជន៍ចំពោះសុខភាពគាត់។ គាត់ក៏បានអស់សំណើច ហើយប្រាប់ខ្ញុំថា គាត់ដឹងថា វាមានប្រយោជន៍ចំពោះសុខភាពគាត់ តែគាត់ចង់ឲ្យឧបករណ៍នោះរាប់ជំហានគាត់ ដើម្បីឲ្យគាត់បានសន្សំពន្ទុ រហូតបានរង្វាន់ផ្កាយមាស។
ខ្ញុំយល់ពីអារម្មណ៍របស់គាត់! ការខិតខំធ្វើអ្វីមួយ ដោយមិនបានទទួលលទ្ធផលភ្លាមៗ អាចធ្វើឲ្យយើងបាក់ទឹកចិត្ត។ ប៉ុន្តែ យើងមិនតែងតែអាចទទួលរង្វាន់ ឬបានឃើញរង្វាន់ភ្លាមៗឡើយ។ បើយើងចង់បានរង្វាន់ ឬលទ្ធផលភ្លាមៗ នោះយើងងាយនឹងមានអារម្មណ៍ថា ការល្អដែលយើងធ្វើ ហាក់ដូចជាគ្មានប្រយោជន៍ សូម្បីតែការជួយមិត្តភក្តិណាម្នាក់ ឬការបង្ហាញចេញនូវចិត្តសប្បុរសដល់អ្នកដែលយើងមិនស្គាល់ជាដើម។ សាវ័កប៉ុលបានពន្យល់ពួកជំនុំ នៅក្រុងកាឡាទីថា “ពូជណាដែលមនុស្សព្រោះចុះ នោះនឹងច្រូតបានពូជនោះឯងវិញ”(កាឡាទី ៦:៧)។ ប៉ុន្តែ យើងមិនត្រូវ “ណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើមិនរសាយចិត្តទេ នោះដល់កំណត់ យើងនឹងច្រូតបានហើយ”(ខ.៩)។ ការធ្វើអំពើល្អមិនអាចជួយសង្រ្គោះយើងឲ្យរួចពីបាបបានទេ ហើយបទគម្ពីរនេះក៏មិនបាននិយាយឲ្យជាក់លាក់ថា យើងនឹងទទួលផលក្នុងពេលបច្ចុប្បន្ន ឬនៅក្នុងនគរស្ថានសួគ៌នោះឡើយ ប៉ុន្តែ យើងអាចដឹងច្បាស់ថា យើងនឹងច្រូតបានផលជាព្រះពរជាច្រើន(៦:៩)។
ការធ្វើការល្អ គឺពិបាក ជាពិសេស នៅពេលដែលយើងមិនបានមើលឃើញ ឬមិនដឹងថា យើងនឹងទទួលបានលទ្ធផលអ្វីមកវិញ។ តែយើងនៅតែត្រូវបន្តធ្វើការល្អ ព្រោះព្រះពរកំពុងតែរង់ចាំយើងហើយ គឺដូចដែលមិត្តភក្តិខ្ញុំ ដែលនៅតែបានទទួលផលប្រយោជន៍ពីការដើរ ទោះគាត់មិនបានឃើញលទ្ធផលភ្លាមៗក៏ដោយ។—JULIE SCHWAB