មាន​ពេល​មួយ ខ្ញុំ​និង​មិត្ត​ភក្តិ​ខ្ញុំ​បាន​ទៅ​ដើរ​កម្សាន្ត​ជា​មួយ​ចៅ​ៗ​របស់​គាត់។ ខណៈ​ពេល​ដែល​គាត់​កំពុង​តែ​រុញ​រទេះ​កូន​ក្មេង គាត់​ក៏​បាន​និយាយ​ថា គាត់​បាន​ដើរ ដោយ​បោះ​ជំហាន​ទៅ​មុខ តែ​ដូច​ជា​គ្មាន​ប្រយោជន៍​សោះ ព្រោះ​ឧបករណ៍​រាប់​ជំហាន​ដែល​គាត់​ពាក់​នៅ​កដៃ​គាត់ មិន​បាន​រាប់​ជំហាន​គាត់ ដោយ​សារ​គាត់​មិន​បាន​បង់​បោយ ពេល​គាត់​ដើរ​រុញ​រទេះ​ទៅ​មុខ។ ខ្ញុំ​ក៏​បាន​រំឭក​គាត់​ថា ការ​បោះ​ជំហាន​ដើរ​នោះ​ នៅ​តែ​មាន​ប្រយោជន៍​ចំពោះ​សុខ​ភាព​គាត់​។ គាត់​ក៏​បាន​អស់​សំណើច ហើយ​ប្រាប់​ខ្ញុំ​ថា គាត់​ដឹង​ថា វា​មាន​ប្រយោជន៍​ចំពោះ​សុខ​ភាព​គាត់​ តែ​គាត់​ចង់​ឲ្យឧបករណ៍​នោះ​រាប់​ជំហាន​គាត់ ដើម្បី​ឲ្យ​គាត់​បាន​សន្សំ​ពន្ទុ រហូត​បាន​រង្វាន់​ផ្កាយ​មាស។

ខ្ញុំ​យល់​ពី​អារម្មណ៍​របស់​គាត់! ការ​ខិត​ខំ​ធ្វើ​អ្វី​មួយ ដោយ​មិន​បាន​ទទួល​លទ្ធ​ផល​ភ្លាម​ៗ អាច​ធ្វើ​ឲ្យ​យើង​បាក់​ទឹក​ចិត្ត។ ប៉ុន្តែ យើង​មិន​តែង​តែ​អាច​ទទួល​រង្វាន់ ឬ​បាន​ឃើញ​រង្វាន់​ភ្លាម​ៗ​ឡើយ។ បើ​យើង​ចង់​បាន​រង្វាន់ ឬ​លទ្ធ​ផល​ភ្លាម​ៗ នោះ​យើង​ងាយ​នឹង​មាន​អារម្មណ៍​ថា ការ​ល្អ​ដែល​យើង​ធ្វើ ហាក់​ដូច​ជា​គ្មាន​ប្រយោជន៍ សូម្បី​តែ​ការ​ជួយ​មិត្ត​ភក្តិ​ណា​ម្នាក់ ឬ​ការ​បង្ហាញ​ចេញ​នូវ​ចិត្ត​សប្បុរស​ដល់​អ្នក​ដែល​យើង​មិន​ស្គាល់​ជា​ដើម។ សាវ័ក​ប៉ុល​បាន​ពន្យល់​ពួក​ជំនុំ នៅ​ក្រុង​កាឡាទី​ថា “​ពូជ​ណា​ដែល​មនុស្ស​ព្រោះ​ចុះ នោះ​នឹង​ច្រូត​បាន​ពូជ​នោះ​ឯង​វិញ”(កាឡាទី ៦:៧)។ ប៉ុន្តែ យើង​មិន​ត្រូវ “​ណាយ​ចិត្ត​នឹង​ធ្វើ​ការ​ល្អ​ឡើយ ដ្បិត​បើ​មិន​រសាយ​ចិត្ត​ទេ នោះ​ដល់​កំណត់ យើង​នឹង​ច្រូត​បាន​ហើយ”(ខ.៩)។ ការ​ធ្វើ​អំពើ​ល្អ​មិន​អាច​ជួយ​សង្រ្គោះ​យើង​ឲ្យ​រួច​ពី​បាប​បាន​ទេ ហើយ​បទ​គម្ពីរ​នេះ​ក៏​មិន​បាន​និយាយ​ឲ្យ​ជាក់​លាក់​ថា យើង​នឹង​ទទួល​ផល​ក្នុង​ពេល​បច្ចុប្បន្ន ឬ​នៅ​ក្នុង​នគរស្ថាន​សួគ៌​នោះ​ឡើយ ប៉ុន្តែ យើង​អាច​ដឹង​ច្បាស់​ថា យើង​នឹង​ច្រូត​បាន​ផល​ជា​ព្រះ​ពរ​ជា​ច្រើន(៦:៩)។

ការ​ធ្វើ​ការ​ល្អ គឺ​ពិបាក ជា​ពិសេស នៅ​ពេល​ដែល​យើង​មិន​បាន​មើល​ឃើញ ឬ​មិន​ដឹង​ថា យើង​នឹង​ទទួល​បាន​លទ្ធ​ផល​អ្វី​មក​វិញ។ តែ​យើង​នៅ​តែ​ត្រូវ​បន្ត​ធ្វើ​ការ​ល្អ ព្រោះ​ព្រះ​ពរ​កំពុង​តែ​រង់​ចាំ​យើង​ហើយ គឺ​ដូច​ដែល​មិត្ត​ភក្តិ​ខ្ញុំ ដែល​នៅ​តែ​បាន​ទទួល​ផល​ប្រយោជន៍​ពី​ការ​ដើរ ទោះ​គាត់​មិន​បាន​ឃើញ​លទ្ធ​ផល​ភ្លាម​ៗ​ក៏​ដោយ។—JULIE SCHWAB