តុក្កតាខ្លាឃ្មំឈ្មោះ វីនី ដឺភូហ៍(Winnie the Pooh) ធ្លាប់បាននិយាយពាក្យសម្តីដ៏ល្បីល្បាញថា “បើអ្នកនិយាយទៅកាន់នរណាម្នាក់ ហើយគាត់ហាក់ដូចជាមិនស្តាប់អ្នកនិយាយទេ សូមអត់ធ្មត់។ គាត់ប្រហែលជាមានដុំសំឡីតូចមួយជាប់នៅក្នុងត្រចៀកគាត់ហើយ”។ ប៉ុន្មានឆ្នាំក្រោយមក ខ្ញុំក៏គិតថា វីនី ប្រហែលជាចង់មានន័យអប់រំអ្វីមួយហើយ។ ពេលដែលមាននរណាម្នាក់មិនស្តាប់អ្នកនិយាយ ទោះអ្នកកំពុងតែផ្តល់យោបលល្អ ឲ្យគាត់ នោះគាត់ប្រហែលជាចង់មានភាពស្ងាត់ស្ងៀមមិនចង់ស្តាប់អ្នកដទៃនិយាយ គឺគាត់ហាក់ដូចជាមានដុំសំឡីដ៏តូច នៅក្នុងត្រចៀករបស់គាត់។ ពុំនោះទេ គាត់ប្រហែលជាមានបញ្ហាអ្វីផ្សេងទៀត។ អ្នកខ្លះពិបាកស្តាប់អ្នកដទៃនិយាយ ព្រោះពួកគេកំពុងមានចិត្តខ្ទេចខ្ទាំ ឬកំពុងបាក់ទឹកចិត្តជាដើម។
លោកម៉ូសេមានប្រសាសន៍ថា គាត់បាននិយាយទៅកាន់ប្រជាជនអ៊ីស្រាអែល ប៉ុន្តែ ពួកគេមិនព្រមស្តាប់គាត់ ព្រោះវិញ្ញាណរបស់ពួកគេមានភាពខ្ទេចខ្ទាំ ហើយជីវិតរបស់ពួកគេក៏វេទនាណាស់ហើយ(និក្ខមនំ ៦:៩)។ ពាក្យ វេទនា ក្នុងព្រះគម្ពីរដើមជាភាសាហេព្រើរ គឺមានន័យថា “ការដកដង្ហើមដង្កក់” ដោយសារភាពជាទាសករដ៏ជូរចត់ នៅនគរអេស៊ីព្ទ។ ហេតុនេះហើយ បានជាពួកអ៊ីស្រាអែលមានការស្ទាក់ស្ទើរ នៅក្នុងការស្តាប់ការណែនាំរបស់លោកម៉ូសេ បានជាគាត់ត្រូវយល់អំពីស្ថានភាពរបស់ពួកគេ ហើយមានការអាណឹត គឺមិនត្រូវបន្ទោសពួកគេឡើយ។
តើយើងត្រូវធ្វើដូចម្តេច ពេលដែលអ្នកដទៃមិនព្រមស្តាប់យើងនិយាយ? ព្រះជាម្ចាស់មានបន្ទូលថា “សេចក្តីស្រឡាញ់ គឺអត់ធ្មត់ សប្បុរស”(១កូរិនថូស ១៣:៤) មានន័យថា យើងត្រូវស្ម័គ្រចិត្តរង់ចំា ដោយអត់ធ្មត់។ ព្រះអង្គមិនទាន់ឈប់ធ្វើការក្នុងជីវិតគាត់ឡើយ។ ព្រះអង្គកំពុងតែធ្វើការ តាមរយៈទុក្ខព្រួយរបស់ពួកគេ ក៏ដូចជាតាមរយៈសេចក្តីស្រឡាញ់ និងការអធិស្ឋានរបស់យើង។ ប្រហែលជាទ្រង់នឹងបើកត្រចៀកពួកគេឲ្យស្តាប់យើងនិយាយ ក្នុងពេលដែលទ្រង់កំណត់។ ចូរយើងមានចិត្តអត់ធ្មត់។—DAVID H. ROPER