មាន​ស្រ្តី​ជា​ម្តាយ​វ័យ​ក្មេង​ម្នាក់ កំពុង​តែ​ជួប​ការ​លំបាក​តែ​ម្នាក់​ឯង នៅ​ក្នុង​អាកាស​យាន្ត​ដ្ឋាន​ដ៏​មមាញឹក​មួយ។ កូន​តូច​របស់​គាត់​ដែល​ចេះ​ដើរ​តេស​តាស់ បាន​រក​រឿង​ចាប់​មិន​ឈ្នះ ដោយ​វា​ស្រែក​យំឡាំប៉ា ដោយ​មិន​ព្រម​ឡើង​ជិះ​យន្ត​ហោះ។ ដោយសារ​គាត់​មិន​អាច​គ្រប់​គ្រង​ស្ថានការ​នេះ​បាន ហើយ​កំពុង​តែ​មាន​ផ្ទៃ​ពោះ​ស្រាប់​ផង ស្រ្តី​ជា​ម្តាយ​វ័យ​ក្មេង​ម្នាក់​នេះ ក៏​បាន​បោះ​បង់​ការ​ព្យាយាម​របស់​គាត់ ដោយ​លុត​ជង្គង់​នៅ​លើ​កម្រាល​ឥដ្ឋ ដោយ​ចិត្ត​នឿយ​ណាយ។ គាត់​យក​ដៃ​គ្រប​មុខ ហើយ​ក៏​បាន​ចាប់​ផ្តើម​យំ។

ភ្លាម​ៗ​នោះ មាន​អ្នក​ដំណើរ​ស្រី​ៗ​ប្រហែល​៦ ឬ​៧​នាក់ ដែល​សុទ្ធ​តែ​ជា​អ្នក​ដែល​នាង​មិន​ដែល​ស្គាល់ បាន​ឈរ​ជុំវិញ​នាង និង​កូន​របស់​នាង ដោយ​ចែក​អាហារ​សំរន់ ទឹក និង​ឱប​យ៉ាង​ទន់​ភ្លន់ ហើយ​ថែម​ទាំង​ច្រៀង​បទ​ចម្រៀង​កុមារ​ឲ្យ​កូន​នាង​ស្តាប់​ផង​ដែរ។ ការ​ឈរ​ជុំវិញ​ធ្វើ​ជា​រង្វង់​ដ៏​កក់​ក្តៅ​នេះ បាន​ជួយ​សម្រួល​អារម្មណ៌​របស់​ស្រ្តី​ជា​ម្តាយ និង​កូន​របស់​គាត់ ហើយ​បន្ទាប់​មក ពួក​គេ​ក៏​បាន​ឡើង​ជិះ​យន្ត​ហោះ។ ស្រ្តី​ទាំង​នោះ​ក៏​បាន​ត្រឡប់​ទៅ​កាន់​កន្លែង​អង្គុយ​របស់​ខ្លួន​វិញ ដោយ​មិន​បាន​ជជែក​គ្នា​អំពី​ការ​អ្វី​ដែល​ខ្លួន​បាន​ធ្វើ​ឡើយ តែ​បាន​ដឹង​ថា ជំនួយ​របស់​ពួក​គេ​បាន​ជួយ​ឲ្យ​ម្តាយ​វ័យ​ក្មេង​នោះ​មាន​ភាព​រឹង​មាំ​ឡើង ចំ​ពេល​ដែល​នាង​កំពុង​តែ​ត្រូវ​ការ​ជំនួយ។

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​១២៥ ដែល​បាន​ចែង​ថា “មាន​ភ្នំ​នៅ​ព័ទ្ធ​ជុំវិញ​ក្រុង​យេរូសាឡិម​យ៉ាង​ណា នោះ​ព្រះយេហូវ៉ា​ក៏​គង់​នៅ​ជុំវិញ​រាស្ត្រ​ទ្រង់​យ៉ាង​នោះ​ដែរ”(ខ.២)។ ទី​ក្រុង​យេរូសាឡិម ជា​ទី​ប្រជុំ​ជន​ដ៏​ធំ និង​មមាញឹក​មួយ ដែល​បាន​ហុម​ព័ទ្ធ​ដោយ​ភ្នំ​ជា​ច្រើន ដែល​មាន​ដូច​ជា ភ្នំ​ដើម​អូលីវ ភ្នំ​ស៊ីយ៉ូន និង​ភ្នំ​ម៉ូរីយ៉ា​ជា​ដើម។

ដែល​ភ្នំ​ទាំង​នោះ​បាន​ព័ទ្ធ​ជុំវិញ​ទី​ក្រុង​យេរូសាឡិម​ជា​យ៉ាង​ណា នោះ​ព្រះ​ជា​ម្ចាស់​ក៏​ហុម​ព័ទ្ធ​រាស្រ្ត​ទ្រង់​ ដោយ​ទ្រទ្រង់ និង​ការពារ​វិញ្ញាណ​យើង “ក្នុង​ពេល​បច្ចុប្បន្ន ក៏​ដូច​ជា​អស់​កល្ប​ជា​និច្ច”។ ដូច​នេះ នៅ​ថ្ងៃ​ដ៏​ពិបាក ចូរ​យើង “មើល​ទៅភ្នំ” ដូច​ដែល​អ្នក​និពន្ធ​ទំនុក​ដំកើង​បាន​ពោល​ឡើង​នោះ(ទំនុកដំកើង ១២១:១)។ ព្រះ​ជា​ម្ចាស់​បាន​រង់​ចាំ​ជួយ​យើង ដោយ​ជំនួយ​ដ៏​អស្ចារ្យ ក្តី​សង្ឃឹម​ដ៏​ស្ថិត​ស្ថេរ និង​សេចក្តី​ស្រឡាញ់​ដ៏​អស់​កល្ប។—PATRICIA RAYBON