កាលពីរដូវក្តៅ នៅឆ្នាំ២០១៥ ក្រុមការងារមួយក្រុម មកពីព្រះវិហាររបស់ខ្ញុំ បានសញ្ចប់សញ្ចឹង ចំពោះការអ្វីដែលពួកគេបានឃើញ ក្នុងសង្កាត់ម៉ាធែរ ដែលស្ថិតក្នុងចំណោមតំបន់អនាធិបតេយ្យជាច្រើន ក្នុងទីក្រុងណៃរ៉ូប៊ី ប្រទេសគេនយ៉ា។ យើងបានទៅមើលសាលារៀនមួយ ដែលគេបានសង់ផ្ទាល់ដី ដោយគ្មានកម្រាលឥដ្ឋ មានជញ្ជាំងស័ង្កសី ដែលច្រេះស៊ី និងកៅអីវែងធ្វើពីឈើ។ ប៉ុន្តែ មានមនុស្សម្នាក់បានក្រោកឈរឡើង ដើម្បីប្រយុទ្ធប្រឆាំងនឹងភាពអន់ថយ នៅទីនោះ។
គាត់មានឈ្មោះ ប្រ៊ីលាន(Brilliant) ដែលមានន័យថា ភ្លឺថ្លា។ ឈ្មោះនេះសក្តិសមនឹងគាត់ណាស់។ គាត់ជាគ្រូសាលាបឋម ដែលមានពេញដោយក្តីអំណរ និងការប្តេជ្ញាចិត្ត ដែលសមស្រមនឹងបេសកកម្មរបស់គាត់។ ដោយសារគាត់បានស្លៀកពាក់ខោអាវដែលមានពណ៌ចម្រុះ នោះរូបសម្បតិ្ត និងក្តីអំណរដែលគាត់មាននៅក្នុងការបង្រៀន និងលើកទឹកចិត្តក្មេងៗ គឺពិតជាគួរឲ្យស្ងើចសរសើរណាស់។
អ្នកគ្រូប្រ៊ីលានបានបញ្ចេញពន្លឺភ្លឺចិញ្ចាច ទៅដល់មនុស្សដែលនៅជុំវិញខ្លួនគាត់ គឺដូចដែលគ្រីស្ទបរិស័ទនៅក្រុងភីលីព បានធ្វើសម្រាប់សង្គមរបស់ពួកគេ នៅសម័យដែលសាវ័កប៉ុលបានសរសេរសំបុត្រផ្ញើទៅពួកគេ នៅសតវត្សរ៍ទី១។ នៅក្នុងសង្គមដែលកំពុងស្រេកឃ្លានខាងវិញ្ញាណនេះ អ្នកជឿព្រះអម្ចាស់យេស៊ូវ បានបញ្ចេញពន្លឺ “ដូចផ្កាយនៅលើមេឃ”(ភីលីព ២:១៥)។ យើងក៏ត្រូវបញ្ចេញពន្លឺដូចពួកគេផងដែរ ព្រោះនៅទីណា ក៏គេត្រូវការពន្លឺនោះដែរ។ យើងពិតជាមានការកម្សាន្តចិត្តណាស់ ដែលបានដឹងថា គ្រីស្ទបរិស័ទ អាចបញ្ចេញពន្លឺ តាមការបង្រៀនរបស់ព្រះយេស៊ូវ តាមរយៈទ្រង់ “ដែលបណ្តាលចិត្តអ្នករាល់គ្នា ឲ្យមានទាំងចំណងចង់ធ្វើ ហើយឲ្យបានប្រព្រឹត្តតាមបំណងព្រះហឫទ័យទ្រង់”(ខ.១៣)។ ព្រះអង្គនៅតែមានបន្ទូលមកកាន់យើងថា “អ្នករាល់គ្នាជាពន្លឺនៃលោកីយ៍ … ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរដំកើង ដល់ព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌”(ម៉ាថាយ ៥១៤-១៦)។—ARTHUR JACKSON