មុនពេលយើងញាំអាហារថ្ងៃត្រង់រួមគ្នា មិត្តភក្តិរបស់ខ្ញុំ ដែលមានឈ្មោះ ចេហ្វ(Jeff) ក៏បានឱនក្បាលអធិស្ឋានថា “ឱព្រះវរបិតា សូមអរព្រះគុណព្រះអង្គ សម្រាប់ការប្រទានខ្យល់ ឲ្យយើងខ្ញុំដកដង្ហើម ហើយបានប្រទានអាហារឲ្យយើងខ្ញុំបរិភោគ”។ កាលនោះលោកចេហ្វទើបតែបាត់បង់ការងារ ដូចនេះគាត់ក៏បានទុកចិត្តព្រះជាម្ចាស់អស់ពីចិត្ត ហើយពេលដែលគាត់ទទួលស្គាល់ថា អ្វីៗទាំងអស់ជាកម្មសិទ្ធិរបស់ទ្រង់ ខ្ញុំមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង។ ខ្ញុំក៏បានសួរខ្លួនឯងថា តើខ្ញុំបានទទួលស្គាល់ ដោយស្មោះអស់ពីចិត្តទេថា សូម្បីតែរបស់ដែលយើងត្រូវការចាំបាច់បំផុត និងអ្វីៗទាំងអស់ក្នុងជីវិតខ្ញុំ គឺជាកម្មសិទ្ធិរបស់ទ្រង់ ហើយទ្រង់គ្រាន់តែបានអនុញ្ញាតឲ្យខ្ញុំប្រើពួកវាប៉ុណ្ណោះ?
ពេលដែលស្តេចដាវីឌបានទទួលដង្វាយពីប្រជាជនអ៊ីស្រាអែល សម្រាប់ការសាងសង់ព្រះវិហារ នៅទីក្រុងយេរូសាឡិម ទ្រង់បានអធិស្ឋានថា “តើទូលបង្គំជាអ្វី ហើយរាស្ត្ររបស់ទូលបង្គំនេះជាអ្វី ដែលយើងខ្ញុំរាល់គ្នាអាចនឹងថ្វាយដង្វាយយ៉ាងនេះ ដោយស្ម័គ្រពីចិត្តបាន ដ្បិតគ្រប់របស់ទាំងអស់មកពីទ្រង់ យើងខ្ញុំរាល់គ្នាបានយកតែពីព្រះហស្តទ្រង់ ថ្វាយដល់ទ្រង់វិញ” ហើយទ្រង់ក៏បានមានបន្ទូលទៀតថា “អ្វីៗជារបស់ផងព្រះជាម្ចាស់ទាំងអស់”(១របាក្សត្រ ២៩:១៤,១៦)។
ព្រះគម្ពីរបានចែងថា សូម្បីតែ “សមត្ថភាព នៅក្នុងការបង្កើតទ្រព្យសម្បត្តិ” និងប្រកបរបរចិញ្ចឹមជីវិត ក៏មកពីទ្រង់ផងដែរ(ចោទិយកថា ៨:១៨)។ យើងស្គាល់ថា អ្វីទាំងអស់ដែលយើងមាន គឺសុទ្ធតែទ្រង់ឲ្យយើងខ្ចីប្រើ។ ការទទួលស្គាល់បែបនេះ បានលើកទឹកចិត្តយើង កុំឲ្យក្តាប់យករបស់របរ នៅក្នុងលោកិយនេះ ហើយរស់នៅដោយដៃ និងចិត្តដែលបើកទូលាយ ដើម្បីចែករំលែកដល់អ្នកដទៃ ដោយចិត្តជ្រះថ្លា ដោយអរព្រះគុណព្រះជាម្ចាស់ សម្រាប់សេចក្តីសប្បុរសដែលយើងបានទទួលពីទ្រង់ ជារៀងរាល់ថ្ងៃ។
ព្រះជាម្ចាស់ជាអ្នកចែករំលែកដ៏សប្បុរស ដោយសេចក្តីស្រឡាញ់យ៉ាងខ្លាំង បានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់ “មកយើងរាល់គ្នា”(រ៉ូម ៨:៣២)។ ដោយសារទ្រង់បានប្រទានពរយើងច្រើនយ៉ាងនេះ ចូរយើងអរព្រះគុណព្រះអង្គ ដោយអស់ពីចិត្ត សម្រាប់ព្រះពរទាំងតូចធំ ដែលទ្រង់បានប្រទាន។—JAMES BANKS