មុន​ពេល​យើង​ញាំ​អាហារ​ថ្ងៃ​ត្រង់​រួម​គ្នា មិត្ត​ភក្តិ​របស់​ខ្ញុំ ដែល​មាន​ឈ្មោះ ចេហ្វ(Jeff) ក៏​បាន​ឱន​ក្បាល​អធិស្ឋាន​ថា “ឱ​ព្រះ​វរ​បិតា សូម​អរ​ព្រះ​គុណ​ព្រះ​អង្គ សម្រាប់​ការ​ប្រទាន​ខ្យល់ ឲ្យ​យើង​ខ្ញុំ​ដក​ដង្ហើម ហើយ​បាន​ប្រទាន​អាហារ​ឲ្យ​យើង​ខ្ញុំ​បរិភោគ”។ កាល​នោះ​លោក​ចេហ្វ​ទើប​តែ​បាត់​បង់​ការងារ ដូច​នេះ​គាត់​ក៏​បាន​ទុក​ចិត្ត​ព្រះ​ជា​ម្ចាស់​អស់​ពី​ចិត្ត ហើយ​ពេល​ដែល​គាត់​ទទួល​ស្គាល់​ថា អ្វី​ៗ​ទាំង​អស់​ជា​កម្ម​សិទ្ធិ​របស់​ទ្រង់ ខ្ញុំ​មាន​ការ​ប៉ះ​ពាល់​ចិត្ត​យ៉ាង​ខ្លាំង។ ខ្ញុំ​ក៏​បានសួរ​ខ្លួន​ឯង​ថា តើ​ខ្ញុំ​បាន​ទទួល​ស្គាល់ ដោយ​ស្មោះ​អស់​ពី​ចិត្ត​ទេ​ថា សូម្បី​តែ​របស់​ដែល​យើង​ត្រូវ​ការ​ចាំ​បាច់​បំផុត និងអ្វី​ៗ​ទាំង​អស់​ក្នុង​ជីវិត​ខ្ញុំ គឺ​ជា​កម្ម​សិទ្ធិ​របស់​ទ្រង់ ហើយ​ទ្រង់​គ្រាន់​តែ​បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប្រើ​ពួក​វា​ប៉ុណ្ណោះ?

ពេល​ដែល​ស្តេច​ដាវីឌ​បាន​ទទួល​ដង្វាយ​ពី​ប្រជាជន​អ៊ីស្រាអែល សម្រាប់​ការ​សាង​សង់​ព្រះ​វិហារ នៅ​ទីក្រុង​យេរូសាឡិម​ ទ្រង់​បាន​អធិស្ឋាន​ថា “​តើ​ទូលបង្គំ​ជា​អ្វី ហើយ​រាស្ត្រ​របស់​ទូលបង្គំ​នេះ​ជា​អ្វី ដែល​យើង​ខ្ញុំ​រាល់​គ្នា​អាច​នឹង​ថ្វាយ​ដង្វាយ​យ៉ាង​នេះ ដោយ​ស្ម័គ្រ​ពី​ចិត្ត​បាន ដ្បិត​គ្រប់​របស់​ទាំង​អស់​មក​ពី​ទ្រង់ យើង​ខ្ញុំ​រាល់​គ្នា​បាន​យក​តែ​ពី​ព្រះហស្ត​ទ្រង់ ថ្វាយ​ដល់​ទ្រង់​វិញ” ហើយ​ទ្រង់​ក៏​បាន​មាន​បន្ទូល​ទៀត​ថា “អ្វី​ៗ​ជា​របស់​ផង​ព្រះ​ជា​ម្ចាស់​ទាំង​អស់”(១របាក្សត្រ ២៩:១៤,១៦)។

ព្រះ​គម្ពីរ​បាន​ចែង​ថា សូម្បី​តែ “សមត្ថ​ភាព នៅ​ក្នុង​ការ​បង្កើត​ទ្រព្យ​សម្បត្តិ” និង​ប្រកប​របរ​ចិញ្ចឹម​ជីវិត ក៏​មក​ពី​ទ្រង់​ផង​ដែរ​(ចោទិយកថា ៨:១៨)។ យើង​ស្គាល់​ថា អ្វី​ទាំង​អស់​ដែល​យើង​មាន គឺ​សុទ្ធ​តែ​ទ្រង់​ឲ្យ​យើង​ខ្ចី​ប្រើ។ ការ​ទទួល​ស្គាល់​បែប​នេះ បាន​លើក​ទឹក​ចិត្ត​យើង កុំ​ឲ្យ​ក្តាប់​យក​របស់​របរ នៅ​ក្នុង​លោកិយ​នេះ ហើយ​រស់​នៅ​ដោយ​ដៃ និង​ចិត្តដែល​បើក​ទូលាយ ដើម្បី​ចែក​រំលែក​ដល់​អ្នក​ដទៃ ដោយ​ចិត្ត​ជ្រះ​ថ្លា ដោយ​អរ​ព្រះ​គុណ​ព្រះ​ជា​ម្ចាស់ សម្រាប់​សេចក្តី​សប្បុរស​ដែល​យើង​បាន​ទទួល​ពី​ទ្រង់ ជា​រៀង​រាល់​ថ្ងៃ។

ព្រះ​ជា​ម្ចាស់​ជា​អ្នក​ចែក​រំលែក​ដ៏​សប្បុរស ដោយ​សេចក្តី​ស្រឡាញ់​យ៉ាង​ខ្លាំង បាន​ជា​ទ្រង់​ប្រទាន​ព្រះ​រាជ​បុត្រា​ទ្រង់ “មក​យើង​រាល់​គ្នា”(រ៉ូម ៨:៣២)។ ដោយ​សារ​ទ្រង់​បាន​ប្រទាន​ពរ​យើង​ច្រើន​យ៉ាង​នេះ ចូរ​យើង​អរ​ព្រះ​គុណ​ព្រះ​អង្គ ដោយ​អស់​ពី​ចិត្ត សម្រាប់​ព្រះ​ពរ​ទាំង​តូច​ធំ ដែល​ទ្រង់​បាន​ប្រទាន។—JAMES BANKS