ពួកជំនុំដ៏តូចរបស់ខ្ញុំ បានសម្រេចចិត្តធ្វើអំណោយដ៏ភ្ញាក់ផ្អើលមួយ សម្រាប់កូនប្រុសខ្ញុំ នៅថ្ងៃបុណ្យខួបកំណើតរបស់គាត់ នៅអាយុ៦ឆ្នាំ។ សមាជិកព្រះវិហារមួយចំនួន បានតុបតែងបន្ទប់សាលារៀនថ្ងៃអាទិត្យ ដោយចងព្យួរប៉េងប៉ោង និងតម្រៀបតុតូចមួយ ដោយមាននំខួបកំណើតនៅលើនោះ។ ពេលកូនប្រុសខ្ញុំបើកទ្វារបន្ទប់នោះឡើង យើងទាំងអស់គ្នាក៏បានស្រែកឡើងព្រមគ្នាថា “រីករាយថ្ងៃកំណើត”។
ក្រោយមក ពេលខ្ញុំកំពុងកាត់នំខួបកំណើត កូនប្រុសខ្ញុំក៏បានមកក្បែរខ្ញុំ ហើយខ្សិបដាក់ត្រចៀកខ្ញុំថា “ម៉ាក់ ហេតុអ្វី នៅទីនោះ គេទាំងអស់គ្នាសុទ្ធតែស្រឡាញ់ខ្ញុំ?” ខ្ញុំក៏មានសំណួរដូចគាត់ផងដែរ។ ពួកគេបានស្គាល់យើងប្រហែល៦ខែប៉ុណ្ណោះ តែពួកគេបានប្រព្រឹត្តចំពោះយើង ដូចមិត្តភក្តិដែលពួកគេបានរាប់អានតាំងពីយូរមកហើយ។
សេចក្តីស្រឡាញ់ដែលពួកគេមានចំពោះកូនប្រុសខ្ញុំ បានឆ្លុះបញ្ចាំង អំពីសេចក្តីស្រឡាញ់ដែលព្រះជាម្ចាស់ មានចំពោះយើងរាល់គ្នា។ យើងមិនអាចយល់ថា ហេតុអ្វីបានជាទ្រង់ស្រឡាញ់យើង តែទ្រង់បានស្រឡាញ់យើង ហើយទ្រង់បានប្រទានក្តីស្រឡាញ់របស់ទ្រង់ ដោយឥតសំចៃ។ យើងមិនបានធ្វើអ្វី ដែលសមនឹងទទួលសេចក្តីស្រឡាញ់របស់ទ្រង់ឡើយ តែទ្រង់បានស្រឡាញ់យើង ខ្លាំងយ៉ាងនេះ។ ព្រះគម្ពីរបានចែងថា “ព្រះជាសេចក្តីស្រឡាញ់”(១យ៉ូហាន ៤:៨)។ សេចក្តីស្រឡាញ់ជាផ្នែកមួយនៃអត្តសញ្ញាណរបស់ទ្រង់។
ព្រះជាម្ចាស់បានចាក់បង្ហូរសេចក្តីស្រឡាញ់របស់ទ្រង់ មកលើយើង យ៉ាងហូរហៀរ ដើម្បីឲ្យយើងបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ដល់អ្នកដទៃ។ ព្រះយេស៊ូវបានប្រាប់សាវ័ករបស់ទ្រង់ថា “ខ្ញុំឲ្យសេចក្តីបញ្ញត្ត១ថ្មីដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ត្រូវឲ្យស្រឡាញ់គ្នា ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។ គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្តីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក”(យ៉ូហាន ១៣:៣៤-៣៥)។
សមាជិកពួកជំនុំរបស់ខ្ញុំបានស្រឡាញ់ខ្ញុំ និងកូនខ្ញុំយ៉ាងនេះ ដោយសារពួកគេមានសេចក្តីស្រឡាញ់របស់ព្រះ នៅក្នុងពួកគេ។ សេចក្តីស្រឡាញ់ទ្រង់បានបញ្ចេញពន្លឺតាមរយៈពួកគេ ហើយធ្វើឲ្យគេដឹងថា ពួកគេជាអ្នកដើរតាមព្រះយេស៊ូវ ។ យើងមិនអាចយល់អំពីសេចក្តីស្រឡាញ់របស់ព្រះ ឲ្យបានទាំងស្រុងទេ តែយើងអាចចាក់បង្ហូរសេចក្តីស្រឡាញ់នោះដល់អ្នកដទៃ ដោយធ្វើជាគំរូ ឲ្យគេស្គាល់សេចក្តីស្រឡាញ់របស់ទ្រង់ ដែលមិនអាចពិពណ៌នាបាន។—KEILA OCHOA