មាន​ពេល​មួយ ក្រុម​គ្រួសារ​ខ្ញុំ ដែល​មាន​គ្នា​៥​នាក់ បាន​ទៅ​ទីក្រុង​រ៉ូម ដើម្បី​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​រដូវ​បុណ្យ​ណូអែល។ នៅ​កន្លែង​មួយ មាន​មនុស្ស​កក​កុញ​យ៉ាង​ខ្លាំង ដែល​ខ្ញុំ​ដូច​មិន​ធ្លាប់​ឃើញ​មនុស្ស​ច្រើន​យ៉ាង​នេះ​ទេ។ យើង​បាន​ដើរ​បត់​ចុះ​ឡើង​ៗ កាត់​តាម​ហ្វូង​មនុស្ស ដើម្បី​ទៅ​មើល​កន្លែង​ទេស​ចរណ៍ ដូច​ជា​ទីក្រុង​វ៉ាទីកង់ និង​សំណង់​ស្តាត​ខូលីសៀម​ជា​ដើម។ ពេល​នោះ ខ្ញុំ​ក៏​បាន​និយាយ​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត ឲ្យ​កូន​ៗ​របស់​ខ្ញុំ មាន​ការ​ប្រុង​ប្រយ័ត្ន អំពី​ទីតាំង​ដែល​ពួក​គេ​បាន​ទៅ​ដល់ គឺ​ត្រូវ​ដឹង​ថា ពួក​គេ​កំពុង​នៅ​ទីណា មាន​នរណា​ខ្លះ​នៅ​ក្បែរ​ពួក​គេ ហើយ​មាន​រឿង​អ្វី​កំពុង​កើត​ឡើង។ យើង​កំពុង​រស់​នៅ​សម័យ ដែល​ពិភព​លោក​មិន​មាន​សុវត្ថិ​ភាព ទោះ​នៅ​ក្នុង​ផ្ទះ ឬ​នៅ​ក្រៅ​ប្រទេស​ក្តី។ ហើយ​ដោយ​សារ​ក្មេង​ៗ(ក៏​ដូច​ជា​មនុស្ស​ធំ)ចូល​ចិត្ត​ប្រើ​ទូរស័ព្ទ​ចល័ត និង​ពាក់​កាស់​នៅ​ត្រចៀក នោះ​ពួក​គេ​មិន​តែង​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន ចំពោះ​អ្វី​ៗ​ដែល​នៅ​ជុំវិញ​ខ្លួន​ឡើយ។

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ដែល​សាវ័ក​ប៉ុល​បាន​អធិស្ឋាន ​ឲ្យ​គ្រីស្ទ​បរិស័ទ នៅ​ទីក្រុង​ភីលីព សូម​ឲ្យ​ពួក​គេមាន​ការ​ប្រុង​ប្រយ័ត្ន ចំពោះ​អ្វី​ៗ​ដែល​នៅ​ជុំវិញ​ខ្លួន​ពួក​គេ គឺ​ដូច​ដែល​មាន​ចែង​ក្នុង​បទ​គម្ពីរ ភីលីព ១:៩-១១។ ត្រង់​ចំណុច​នេះ គាត់​ចង់​ឲ្យ​ពួក​គេ​បង្កើន​ការ​យល់​ដឹង​អំពី​ មនុស្ស​ និង​អ្វី​ៗ​ដែល​នៅ​ជុំវិញ​ខ្លួន​ពួក​គេ ហើយ​ដឹង​ថា​ ខ្លួនកំពុង​នៅ​ទីណា។ ប៉ុន្តែ សាវ័ក​ប៉ុល​មិន​គ្រាន់​តែ​បាន​ក្រើន​រំឭក​ពួក​គេ ក្នុង​គោល​ដៅ ដើម្បី​ឲ្យ​ពួក​គេ​មាន​សុវត្ថិ​ភាព​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​ឡើយ។ តាម​ពិត គាត់​ចង់​ឲ្យ​រាស្រ្ត​ដ៏​បរិសុទ្ធ​របស់​ព្រះ បាន​ធ្វើ​ជា​អ្នក​ទទួល​សេចក្តី​ស្រឡាញ់​នៃ​ព្រះ​គ្រីស្ទ ហើយ​ប្រើ​ក្តី​ស្រឡាញ់​នោះ​ឲ្យ​បាន​ត្រឹម​ត្រូវ ដោយ​ដឹង​ថា មាន​សេចក្តី​អ្វី​ខ្លះ​ដែល “ល្អ​បំផុត” និង​រស់​នៅ​ក្នុង​សេច​ក្តី “បរិសុទ្ធ និង​ឥត​មាន​កន្លែង​បន្ទោស​បាន” ហើយ​មាន​ពេញ​ដោយ​គុណ​សម្បត្តិ​ដ៏​ល្អ ដែល​មាន​តែ​ព្រះ​យេស៊ូវ​ទេ ដែល​អាច​ប្រទាន​ឲ្យ​បាន។

ការ​រស់​នៅ​ដូច​នេះ គឺ​ត្រូវ​ចាប់​ផ្តើម​ពី​ការ​ដឹង​ថា ព្រះ​ជា​នរណា នៅ​ក្នុង​ជីវិត​យើង ហើយការ​ពឹង​ផ្អែក​ទៅ​លើ​ទ្រង់​កាន់​តែ​ខ្លាំង គឺ​ពិត​ជា​គាប់​ព្រះទ័យ​ដល់​ទ្រង់​ណាស់។ ហើយ​ទោះ​យើង​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ណា​ក៏​ដោយ យើង​នៅ​តែ​អាច​ចែក​រំលែក​សេចក្តី​ស្រឡាញ់​ដ៏​ហូរ​ហៀរបស់​ទ្រង់ ដល់​អ្នក​ដទៃ​ជា​និច្ច។ —JOHN BLASÉ