កម្ម​វិធី​ចែក​ចាយ​បទ​ពិសោធន៍ ស្ថិត​ក្នុង​ចំណោម​សហគមន៍​ធំ​បំផុត ក្នុង​ប្រព័ន្ធ​អ៊ីនធើណិត នៅ​សតវត្សរ៍​ទី​២១។ កាល​ពី​មុន កម្ម​វិធី​នេះគឺ​ជា​វេបសាយ​មួយ ដែល​មនុស្ស​រាប់​សិប​លាន​នាក់​បាន​ប្រើ​ ដើម្បី​ចែក​ចាយ​អំពី​បទ​ពិសោធន៍​ដ៏​ឈឺ​ចាប់ ដែល​ពួក​គេ​បាន​ជួប​ដោយ​ផ្ទាល់។ ខណៈ​ពេល​ដែល​ខ្ញុំ​បាន​អាន​រឿង​ដ៏​ឈឺ​ចាប់​មួយ​ចំនួន ដែល​គេ​បាន​ចែក​ចាយ ក្នុង​វែប​សាយ​នោះ ខ្ញុំ​ក៏​បាន​នឹក​ចាំ​ថា ចិត្ត​មនុស្ស​យើង​ម្នាក់​ៗ​មាន​ការ​ស្រេក​ឃ្លាន ចង់​ឲ្យ​នរណា​ម្នាក់​យល់អំពី​ការ​ឈឺ​ចាប់​របស់​យើង។

កណ្ឌ​គម្ពីរ​លោកុប្បត្តិ​បាន​ចែង​អំពី​រឿង​របស់​ស្រី​បម្រើ​វ័យ​ក្មេង​ម្នាក់ ដែល​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ជីវិត​យើង​មានន័យ​ប៉ុណ្ណា ពេល​ដែល​គេ​យល់​អំពី​ការ​ឈឺ​ចាប់​របស់​យើង។

នាង​ហាកា​គឺ​ជា​ទាសករ​វ័យ​ក្មេង ដែល​ស្តេច​ផារ៉ោន​នៃ​នគរ​អេស៊ីព្ទ​ប្រហែល​ជា​បាន​ប្រទាន​លោក​អាប់រ៉ាម (មើលលោកុប្បត្តិ ១២:១៦ ១៦:១)។ ពេល​ដែល​នាង​សារ៉ាយ​ដែល​ជា​ភរិយ៉ា​របស់​លោក​អាប់រ៉ាម​ជា​ស្រ្តី​អារ​ មិន​អាច​មាន​កូនបាន នាង​ក៏​បាន​ជំរុញ​លោក​អាប់​រ៉ាម ឲ្យ​មាន​កូន​ជា​មួយ​នាង​ហាកា ដែល​ជា​ប្រពៃណីយ​ដ៏​អាក្រក់ នៅ​សម័យ​នោះ។ ប៉ុន្តែ ពេល​ដែល​នាង​ហាកា​មាន​ផ្ទៃ​ពោះ ភាព​តាន​តឹង​ក៏​បាន​កើត​មាន រហូត​ដល់​នាង​ហាកា​រត់​គេច​ខ្លួន​ ទៅ​វាល​រហោស្ថាន ដើម្បី​គេច​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​នាង​សារ៉ាយ(១៦:១-៦)។

ពេលនោះ​នាង​ហាកា​ក៏​បាន​ជួប​ទុក្ខ​លំបាក​កាន់​តែ​ខ្លាំង ដោយ​នាង​មាន​ផ្ទៃ​ពោះ ហើយ​នៅ​តែ​ម្នាក់​ឯង យ៉ាង​លំបាក ក្នុង​វាល​រហោស្ថាន​ដ៏​សោះ​កក្រោះ។ តែ​ទុក្ខ​វេទនា​របស់​នាង មិន​អាច​ជៀស​ផុត​ពី​ព្រះ​នេត្រ​របស់​ព្រះ​ជា​ម្ចាស់​ឡើយ។ បន្ទាប់​មក​ព្រះ​អម្ចាស់​បាន​លើក​ទឹក​ចិត្ត​នាង​ហាកា​(ខ.៧-១២) នាង​ក៏​បាន​ប្រកាស់​ថា “ព្រះ​អង្គ​ជា​ព្រះ​ដ៏​ទត​ឃើញទូល​បង្គំ” (ខ.១៣)។

នាង​ហាកា​កំពុង​តែ​សរសើរ​ដំកើង​ព្រះ ដែល​មិន​គ្រាន់​តែ​បាន​ទត​ឃើញ​រឿង​ពិត​របស់​នាង​ប៉ុណ្ណោះ​ទេ។ ទ្រង់​ជា​ព្រះ ​ដែល​បាន​បង្ហាញ​ព្រះ​អង្គ​ទ្រង់ នៅ​ក្នុង​ព្រះ​អម្ចាស់​យេស៊ូវ ដែល​បាន​ទត​ឃើញ​ហ្វូង​មនុស្ស​ហើយ ​មាន​ព្រះ​ហឫ​ទ័យ​ក្តួល​អាណិត​ដល់​គេ ដ្បិត​គេ​ល្វើយ ហើយ​ខ្ចាត់ខ្ចាយ ដូច​ហ្វូង​ចៀម ដែល​ឥត​អ្នក​គង្វាល(ម៉ាថាយ ៩:៣៦)។ នាង​ហាកា​បាន​ជួប​ព្រះ​ ដែល​យល់​អំពី​ទុក្ខ​លំបាក​របស់​នាង។

ព្រះ​ដែល​ទត​ឃើញ និង​យល់​អំពី​ការ​ឈឺ​ចាប់​របស់​នាង​ហាកា ក៏​ទត​ឃើញ​ទុក្ខ​លំបាក​របស់​យើង​ផង​ដែរ(ហេព្រើរ ៤:១៥-១៦)។ ពេល​ដែល​យើង​បាន​ទទួល​សេចក្តី​អាណឹត​របស់​ព្រះ​ជា​ម្ចាស់ យើង​អាច​មាន​ការ​អត់​ធ្មត់​ច្រើន​ជាង​មុន ចំពោះ​ទុក្ខ​លំបាក​។—JEFF OLSON