មាន​ពេល​មួយ ខ្ញុំ​បាន​ទទួល​ដំណឹង​ដ៏​សោក​សៅ។ ប៉ា​របស់​ខ្ញុំ​មាន​ការ​ឈឺ​ចាប់​នៅ​ក្នុង​ទ្រូង ដូច​នេះ គ្រូ​ពេទ្យ​របស់​គាត់ ក៏​បាន​ចេញ​វេជ្ជ​បញ្ជា​ឲ្យ​គាត់ ទៅ​ស្គែន​បេះ​ដូង។ លទ្ធ​ផល​ក៏​បាន​បង្ហាញ​ថា សសៃ​អាក់ទែ​របស់​គាត់ បាន​ស្ទះអស់​បី​សសៃ។

គេ​ក៏​បាន​កំណត់​ពេល​ឲ្យ​គាត់​ទៅ​វះ​កាត់​សសៃ​អាក់​ទែ​ទាំង​បី នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ។ ប៉ា​របស់​ខ្ញុំ​មាន​ការ​ថប់​បារម្ភ តែគាត់​គិត​ថា កាល​បរិច្ឆេទ​នោះ គឺ​ជា​សញ្ញា​នៃ​សេចក្តី​សង្ឃឹម។ គាត់​ក៏​បាន​និយាយ​ថា គាត់​នឹង​មាន​បេះ​ដូង​ថ្មី​មួយ នៅថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់។ គាត់​ក៏​បាន​ទទួល​លទ្ធ​ផល​ដូច​ចិត្ត។ ការ​វៈ​កាត់​បាន​ប្រព្រឹត្ត​ទៅ យ៉ាង​ល្អ​ឥត​ខ្ចោះ ដោយ​បាន​ធ្វើ​ឲ្យ​ឈាម​ហូរ​ចូល​ទៅ​ក្នុង​បេះ​ដូង​ដ៏​ឈឺ​ចាប់​របស់​គាត់​ដូច​ដើម​វិញ ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ថា ហាក់​ដូច​ជា​មានបេះ​ដូង​ថ្មី​អញ្ចឹង។

ការ​វៈកាត់​របស់​ឪពុក​ខ្ញុំ​បាន​រំឭក​ខ្ញុំ​ថា ព្រះ​ជា​ម្ចាស់​ក៏​បាន​ប្រទាន​ឲ្យ​យើង​មាន​ជីវិត​ថ្មី​ផង​ដែរ។ អំពើ​បាប​បាន​ធ្វើ​ឲ្យ​សសៃ​អាក់ទែ​ខាង​វិញ្ញាណ​របស់​យើង​កក​ស្ទះ ដោយ​ធ្វើ​ឲ្យ​យើង​មិន​អាច​មាន​ទំនាក់​ទំនង​ជា​មួយ​ព្រះ​ជា​ម្ចាស់ បាន​ជា​យើង​ចាំ​បាច់​ត្រូវ​ឆ្លង​កាត់​ការ​វះ​កាត់​ខាង​វិញ្ញាណ ដើម្បី​សម្អាត​វា។

នោះ​ជា​អ្វី​ដែល​ព្រះ​ជា​ម្ចាស់​បាន​សន្យា​រាស្រ្ត​ទ្រង់ នៅ​ក្នុង​បទ​គម្ពីរ អេសេគាល​ ៣៦:២៦។ ទ្រង់​បាន​ធានា​ពួក​អ៊ីស្រាអែល​ថា ទ្រង់​នឹង​ឲ្យ​ពួក​គេ​មាន​ចិត្ត​ថ្មី(ឬ​បេះ​ដូង​ថ្មី) ហើយ​នឹង​ដាក់​វិញ្ញាណ​ថ្មី​នៅ​ក្នុង​ពួក​គេ​ផង​ដែរ។​ ទ្រង់​ក៏​បាន​សន្យា​ផង​ដែរ​ថា ទ្រង់​នឹង​ជម្រះ​គេ​រាល់​គ្នា​ឲ្យ​ស្អាត ពី​គ្រប់​ទាំង​សេចក្តី​ស្មោក​គ្រោក(ខ.២៥) ហើយ ដាក់​វិញ្ញាណទ្រង់ នៅ​ក្នុង​ពួក​គេ​ម្នាក់​ៗ​(ខ.២៧)។ នៅ​ពេល​ដែល​រាស្រ្ត​ទ្រង់​បាត់​បង់​ក្តី​សង្ឃឹម ទ្រង់​ក៏​បាន​សន្យា​ថា នឹង​ប្រទាន​ការ​ចាប់​ផ្តើម​ជា​ថ្មី​ដល់​ពួក​គេ ក្នុង​នាម​ជា​ព្រះ ដែល​អាច​ធ្វើ​ឲ្យ​ជីវិត​ពួក​គេ​ថ្មី​ឡើង។

ទី​បំផុត ការ​សន្យានេះ​បាន​សម្រេច តាម​រយៈ​ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូវ។ ពេល​ណា​យើង​ទទួល​ជឿ​ទ្រង់ យើង​ក៏​បាន​ទទួល​បេះ​ដូង​ខាង​វិញ្ញាណ​ថ្មី​មួយ ដែល​ព្រះ​ទ្រង់​បាន​សម្អាត​បាប និង​ភាព​អស់​សង្ឃឹម ចេញ​ពី​យើង។ ពេល​ដែល​យើង​ពេញ​ដោយ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​គ្រីស្ទ បេះ​ដូង​ថ្មី​របស់​យើង ក៏​បាន​លោត​ឡើង ដោយ​ព្រះ​លោហិត​របស់​ព្រះ ដែល​ផ្តល់​ជីវិត​ខាង​វិញ្ញាណ ដើម្បី​ឲ្យ​យើង​បាន​រស់​នៅ​ក្នុង​ជីវិត​ថ្មី​(រ៉ូម ៦:៤)។—ADAM HOLZ