កម្មវិធីចែកចាយបទពិសោធន៍ ស្ថិតក្នុងចំណោមសហគមន៍ធំបំផុត ក្នុងប្រព័ន្ធអ៊ីនធើណិត នៅសតវត្សរ៍ទី២១។ កាលពីមុន កម្មវិធីនេះគឺជាវេបសាយមួយ ដែលមនុស្សរាប់សិបលាននាក់បានប្រើ ដើម្បីចែកចាយអំពីបទពិសោធន៍ដ៏ឈឺចាប់ ដែលពួកគេបានជួបដោយផ្ទាល់។ ខណៈពេលដែលខ្ញុំបានអានរឿងដ៏ឈឺចាប់មួយចំនួន ដែលគេបានចែកចាយ ក្នុងវែបសាយនោះ ខ្ញុំក៏បាននឹកចាំថា ចិត្តមនុស្សយើងម្នាក់ៗមានការស្រេកឃ្លាន ចង់ឲ្យនរណាម្នាក់យល់អំពីការឈឺចាប់របស់យើង។
កណ្ឌគម្ពីរលោកុប្បត្តិបានចែងអំពីរឿងរបស់ស្រីបម្រើវ័យក្មេងម្នាក់ ដែលបានបង្ហាញឲ្យយើងដឹងថា ជីវិតយើងមានន័យប៉ុណ្ណា ពេលដែលគេយល់អំពីការឈឺចាប់របស់យើង។
នាងហាកាគឺជាទាសករវ័យក្មេង ដែលស្តេចផារ៉ោននៃនគរអេស៊ីព្ទប្រហែលជាបានប្រទានលោកអាប់រ៉ាម (មើលលោកុប្បត្តិ ១២:១៦ ១៦:១)។ ពេលដែលនាងសារ៉ាយដែលជាភរិយ៉ារបស់លោកអាប់រ៉ាមជាស្រ្តីអារ មិនអាចមានកូនបាន នាងក៏បានជំរុញលោកអាប់រ៉ាម ឲ្យមានកូនជាមួយនាងហាកា ដែលជាប្រពៃណីយដ៏អាក្រក់ នៅសម័យនោះ។ ប៉ុន្តែ ពេលដែលនាងហាកាមានផ្ទៃពោះ ភាពតានតឹងក៏បានកើតមាន រហូតដល់នាងហាការត់គេចខ្លួន ទៅវាលរហោស្ថាន ដើម្បីគេចពីការធ្វើទុក្ខបុកម្នេញរបស់នាងសារ៉ាយ(១៦:១-៦)។
ពេលនោះនាងហាកាក៏បានជួបទុក្ខលំបាកកាន់តែខ្លាំង ដោយនាងមានផ្ទៃពោះ ហើយនៅតែម្នាក់ឯង យ៉ាងលំបាក ក្នុងវាលរហោស្ថានដ៏សោះកក្រោះ។ តែទុក្ខវេទនារបស់នាង មិនអាចជៀសផុតពីព្រះនេត្ររបស់ព្រះជាម្ចាស់ឡើយ។ បន្ទាប់មកព្រះអម្ចាស់បានលើកទឹកចិត្តនាងហាកា(ខ.៧-១២) នាងក៏បានប្រកាស់ថា “ព្រះអង្គជាព្រះដ៏ទតឃើញទូលបង្គំ” (ខ.១៣)។
នាងហាកាកំពុងតែសរសើរដំកើងព្រះ ដែលមិនគ្រាន់តែបានទតឃើញរឿងពិតរបស់នាងប៉ុណ្ណោះទេ។ ទ្រង់ជាព្រះ ដែលបានបង្ហាញព្រះអង្គទ្រង់ នៅក្នុងព្រះអម្ចាស់យេស៊ូវ ដែលបានទតឃើញហ្វូងមនុស្សហើយ មានព្រះហឫទ័យក្តួលអាណិតដល់គេ ដ្បិតគេល្វើយ ហើយខ្ចាត់ខ្ចាយ ដូចហ្វូងចៀម ដែលឥតអ្នកគង្វាល(ម៉ាថាយ ៩:៣៦)។ នាងហាកាបានជួបព្រះ ដែលយល់អំពីទុក្ខលំបាករបស់នាង។
ព្រះដែលទតឃើញ និងយល់អំពីការឈឺចាប់របស់នាងហាកា ក៏ទតឃើញទុក្ខលំបាករបស់យើងផងដែរ(ហេព្រើរ ៤:១៥-១៦)។ ពេលដែលយើងបានទទួលសេចក្តីអាណឹតរបស់ព្រះជាម្ចាស់ យើងអាចមានការអត់ធ្មត់ច្រើនជាងមុន ចំពោះទុក្ខលំបាក។—JEFF OLSON