នៅក្នុងការប្រកួតកីឡាអូឡាំពិកក្នុងរដូវរងា ឆ្នំា២០១៨ កញ្ញាអេសធើ លេដេកា(Ester Ledecka) ដែលជាកីឡាករជិះបន្ទះក្តាលើទឹកកកជើងឯកពិភពលោក របស់សាធារណៈរដ្ឋឆេក បានឈ្នះការប្រកួត នៅក្នុងកីឡាមួយផ្សេងទៀត គឺកីឡាជិះស្គីលើទឹកកក។ រឿងនេះប្រហែលជាបានក្លាយជាព្រឹត្តិការណ៍ ដែលគួរឲ្យភ្ញាក់ផ្អើលបំផុត នៅក្នុងការប្រកួតអូឡាំពិកក្នុងរដូវរងាឆ្នាំនោះ។ ហើយគាត់ជាកីឡាករដែលមានលេខរៀងទី២៦ ដែលធ្វើឲ្យគាត់មានការពិបាកយ៉ាងខ្លាំង នៅក្នុងការយកជ័យជម្នះ ដែលគេមិនជឿថា គាត់អាចធ្វើបានឡើយ តែគាត់ឈ្នះបានមេដាយមាស ក្នុងចំណាត់ថ្នាក់លេខមួយ។
អ្វីដែលអស្ចារ្យនោះ គឺកញ្ញាលេដីកាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលរួមក្នុងការប្រកួត សូពើរជី សម្រាប់ស្រ្តី ដែលតម្រូវឲ្យមានការជិះស្គីចុះពីលើទួល តាមផ្លូវក្រវិចក្រវាន។ បន្ទាប់ពីគាត់បានឈ្នះការប្រកួត ដោយមកដល់ទីលឿងជាងគេ ០,០១ វិនាទីប៉ុណ្ណោះ ទាំងគាត់ ទំាងអ្នកសារព័ត៌មាន និងអ្នកប្រកួតដទៃទៀតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយគេគិតថា មានតែកីឡាករជិះស្គីកំពូលៗប៉ុណ្ណោះ ដែលអាចឈ្នះការប្រកួតនេះបាន។
នេះហើយជារបៀបនៃការគិតរបស់លោកិយ។ យើងច្រើនតែសន្ឋិដ្ឋានថា អ្នកឈ្នះនឹងនៅតែបន្តឈ្នះ ខណៈពេលដែលអ្នកដទៃទៀតនឹងបរាជ័យ។ ពួកសាវ័កក៏មានអារម្មណ៍ថា ផែនដីបានក្រឡាប់ចក្រផងដែរ ពេលដែលព្រះយេស៊ូវមានបន្ទូលថា “អ្នកមានពិបាកនឹងចូលនគរព្រះ”(ម៉ាថាយ ១៩:២៣)។ តើអ្នកមាន មានអ្វីដែលរារាំងមិនឲ្យពួកគេអាចចូលនគរស្ថានសួគ៌? ជាការពិតណាស់ បើយើងទុកចិត្តលើអ្វី ដែលយើងមាន(អ្វីដែលយើងអាចធ្វើ និងយើងជានរណា) យើងមិនគ្រាន់តែពិបាកទុកចិត្តព្រះប៉ុណ្ណោះទេ តែថែមទាំងមិនអាចទុកចិត្តទ្រង់ផងដែរ។
យើងមិនអាចចូលនរគព្រះ តាមក្បួនរបស់យើងបានទេ។ ព្រះយេស៊ូវមានបន្ទូលថា “នឹងមានមនុស្សមុន ទៅជាក្រោយជាច្រើន ហើយនិងមានមនុស្សក្រោយ ទៅជាមុនវិញ”(ខ.៣០)។ ហើយទោះអ្នកជាអ្នកមុន ឬអ្នកក្រោយក្តី អ្វីៗដែលយើងបានទទួល គឺសុទ្ធតែដោយសារព្រះគុណព្រះ ដែលយើងមិនសមនឹងទទួល។—WINN COLLIER