ថ្ងៃ​មួយ សមាជិក​ក្រុម​យុវជន​មួយ​ចំនួន បាន​ជួប​ជុំ​គ្នា​នៅ​ពេល​រសៀល​ថ្ងៃ​សៅរ៍ ដើម្បី​ចោទ​ជា​សំណួរ​ដ៏​ពិបាក​ៗ ដល់​គ្នា​ទៅ​វិញ​ទៅ​មក ផ្អែក​ទៅ​លើ​បទ​គម្ពីរ ភីលីព ២:៣-៤ ដែល​បាន​ចែង​ថា  “កុំ​ឲ្យ​ធ្វើ​អ្វី ដោយ​ទាស់ទែង​គ្នា ឬ​ដោយ​សេចក្តី​អំនួត​ឥត​ប្រយោជន៍​ឡើយ តែ​ចូរ​រាប់​អាន​គេ​ឲ្យ​លើស​ជាង​ខ្លួន​ដោយ​ចិត្ត​សុភាព​វិញ។ កុំ​ឲ្យ​គ្រប់​គ្នា​ស្វែង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ ត្រូវ​ស្វែង​រក​ចំពោះ​អ្នក​ដទៃ​ផង”។ សំណួរ​ពិបាក​ៗ​ទាំង​នោះ មាន​ដូច​ជា : ​តើ​អ្នក​រាល់​គ្នាបាន​គិត​ពី​ប្រយោជន៍​អ្នក​ដទៃ នៅ​ពេល​ណា​ខ្លះ? តើ​អ្នក​ដទៃ​គិត​ថា អ្នក​ជា​មនុស្ស​មាន​ការ​បន្ទាប​ខ្លួន ឬ​មាន​អំណួត​? តើ​ហេតុ​អ្វី?

ខណៈ​ពេល​ដែល​ខ្ញុំ​នៅ​ស្តាប់​ពួក​គេ ខ្ញុំ​មាន​ការ​លើក​ទឹក​ចិត្ត ពេល​បាន​ឮ​ពួក​គេ​ឆ្លើយ​សំណួរ ដោយ​ចិត្ត​ស្មោះ​ត្រង់។ ក្មេង​ជំទង់​ទាំង​នោះ​បាន​យល់​ស្រប​ថា យើង​ងាយ​នឹង​ទទួល​ស្គាល់​ចំណុច​ខ្វះ​ខាត​របស់​យើង តែ​យើង​ពិបាក​កែ​ប្រែ ​ឬ​មិន​ងាយ​មាន​ចិត្ត​ដែល​ចង់​កែ​ប្រែ។ មាន​ក្មេង​ជំទង់​ម្នាក់​បាន​ត្អូញ​ត្អែរ​ថា ភាព​អាត្មា​និយម បាន​ជាប់​នៅ​ក្នុង​ឈាម​របស់​គាត់។

យើង​អាច​ឈប់​ផ្តោត​ទៅ​លើ​ប្រយោជន៍​ផ្ទាល់​ខ្លួន ហើយ​ងាក​មក​គិត​ប្រយោជន៍​អ្នក​ដទៃ​វិញ ដោយ​ពឹង​ផ្អែក​លើ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​គង់​នៅ​ក្នុង​យើង។ ហេតុ​នេះ​ហើយ​បាន​ជា​សាវ័ក​ប៉ុល​បាន​ក្រើន​រំឭក​ពួក​ជំនុំ​នៅ​ក្រុង​ភីលីព​ឲ្យ​នឹក​ចាំ អំពី​ការ​អ្វី​ដែល​ព្រះ​ជា​ម្ចាស់​បាន​ធ្វើ និង​បាន​ធ្វើ​ឲ្យ​រឿង​ល្អ​ៗ​ជា​ច្រើន​ អាច​កើត​មាន​ចំពោះ​ពួក​គេ។ ទ្រង់​បានទទួល​ចិញ្ចឹម​ពួក​គេ ដោយ​ព្រះ​គុណ​ទ្រង់ កម្សាន្ត​ចិត្ត​ពួក​គេ​ដោយ​សេចក្តី​ស្រឡាញ់​ទ្រង់ ហើយ​បាន​ប្រទាន​ព្រះវិញ្ញាណ​ទ្រង់ ដើម្បី​ជួយ​ពួក​គេ​(ភីលីព ២:១-២)។ តើ​ពួក​គេ និង​យើង​រាល់​គ្នា​អាច​ឆ្លើយ​តប ចំពោះ​ព្រះ​គុណ​ទ្រង់ ដោយ​ការ​បន្ទាប​ខ្លួន ដោយ​របៀប​ណា?

ជា​ការ​ពិត​ណាស់ ព្រះ​ជា​ម្ចាស់​ជា​ហេតុ​ផល ដែល​យើង​ត្រូវ​ផ្លាស់​ប្រែ ហើយ​មាន​តែ​ទ្រង់​ទេ​ដែល​អាច​កែ​ប្រែ​យើង​បាន​។​ ដោយសារ​ទ្រង់​បាន​ប្រទាន​ឲ្យ​យើង មាន​ចិត្ត និង​អំណាច ដើម្បី​ធ្វើ​ការ​អ្វី​ដែល​ទ្រង់​សព្វ​ព្រះ​ទ័យ​(ខ.១៣) នោះយើង​អាច​កាត់​បន្ថយ​ការ​ផ្តោត​ទៅ​លើ​ប្រយោជន៍​ផ្ទាល់​ខ្លួន ហើយ​បម្រើ​អ្នក​ដទៃ ដោយ​ការ​បន្ទាប​ខ្លួន។—POH FANG CHIA