មានពេលមួយ ខ្ញុំបានសួរសិស្សម្នាក់ដែលជាជនជាតិអ៊ីរ៉ង់ថា “តើអ្នកឈ្មោះអ្វី?” គាត់ឈ្មោះអាម៉ាន(Arman) បន្ទាប់ពីខ្ញុំបានប្រាប់គាត់ថា ខ្ញុំឈ្មោះអេស្ទេរ៉ា(Estera) គាត់ក៏បានងើបមុខឡើង ហើយនិយាយថា “យើងទាំងពីរមានឈ្មោះស្រដៀងនឹងឈ្មោះសេទែ(Setare) ក្នុងភាសាហ្វាស៊ី!”(ភាសាដែលគេប្រើនៅប្រទេសអ៊ីរ៉ង់) ទំនាក់ទំនងដ៏តូចនេះ បាននាំឲ្យយើងមានការសន្ទនាគ្នាដ៏ប្រសើរមួយ។ ខ្ញុំប្រាប់គាត់ថា ឪពុកម្តាយខ្ញុំបានដាក់ឈ្មោះឲ្យខ្ញុំ តាមលំនាំឈ្មោះរបស់តួអង្គក្នុងព្រះគម្ពីរ គឺ “ព្រះនាងអេសធើរ” ដែលជាម្ចាស់ក្សត្រីដើមកំណើតជនជាតិយូដាក្នុងចក្រភពពើរស៊ី(សព្វថ្ងៃនេះ ជាប្រទេសអ៊ីរ៉ង់)។ ខ្ញុំក៏បានចាប់ផ្តើមចែកចាយរឿងព្រះនាងអេសធើរ ឲ្យគាត់ស្តាប់ ហើយក៏បានផ្សាយដំណឹងល្អអំពីព្រះយេស៊ូវ។ ដោយសារការសន្ទនានេះ អាម៉ានក៏បានចាប់ផ្តើមចូលរួមការសិក្សាព្រះគម្ពីរប្រចាំសប្តាហ៍ ដើម្បីសិក្សាបន្ថែមអំពីព្រះគ្រីស្ទ។
លោកភីលីពដែលជាសាវ័ករបស់ព្រះយេស៊ូវ បានទទួលការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធ។ គាត់បានសួរសំណួរមួយ ដែលនាំឲ្យមានការសន្ទនា ជាមួយមន្រ្តីជនជាតិអេធីយ៉ូពីរម្នាក់ ដែលកំពុងធ្វើដំណើរតាមរទេះសេះ។ ពេលគាត់ឮអ្នកនោះកំពុងតែអានមើលគម្ពីរហោរាអេសាយ គាត់ក៏បានសួរថា “លោកមើលយល់ឬទេ?”(កិច្ចការ ៨:៣០)។ កាលនោះ បុរសជនជាតិអេធីយ៉ូពីកំពុងស្វែងរកការយល់ដឹងខាងវិញ្ញាណ នៅក្នុងបទគម្ពីរនោះ។ ពេលលោកភីលីពដឹងថា នេះជាឱកាសល្អ គាត់ក៏បាន “បើកមាត់សំដែងប្រាប់ដំណឹងល្អពីព្រះយេស៊ូវ ចាប់តាំងពីបទគម្ពីរនោះរៀងទៅ”(ខ.៣៥)។
យើងក៏មានដំណឹងល្អដែលត្រូវចែកចាយដល់អ្នកដទៃ ដូចលោកភីលីពផងដែរ។ ចូរយើងស្វែងរកឱកាសជារៀងរាល់ថ្ងៃ នៅកន្លែងធ្វើការ នៅហាងទំនិញ ឬនៅតំបន់ដែលយើងរស់នៅ។ ចូរយើងអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធដឹកនាំជំហានយើង ហើយប្រទានឲ្យយើងមានពាក្យ ដើម្បីចែកចាយអំពីក្តីសង្ឃឹម និងក្តីអំណរក្នុងព្រះយេស៊ូវ។—ESTERA PIROSCA ESCOBAR