មាន​ពេល​មួយ ខ្ញុំ​បាន​សួរ​សិស្ស​ម្នាក់​ដែល​ជា​ជន​ជាតិ​អ៊ីរ៉ង់​ថា “តើ​អ្នក​ឈ្មោះ​អ្វី​?” គាត់​ឈ្មោះ​អាម៉ាន(Arman) បន្ទាប់​ពី​ខ្ញុំ​បាន​ប្រាប់​គាត់​ថា ខ្ញុំ​ឈ្មោះ​អេស្ទេរ៉ា(Estera) គាត់​ក៏​បាន​ងើប​មុខ​ឡើង ហើយ​និយាយ​ថា “យើង​ទាំង​ពីរ​មាន​ឈ្មោះ​ស្រដៀង​នឹង​ឈ្មោះ​សេទែ(Setare) ក្នុង​ភាសា​ហ្វាស៊ី!”(ភាសា​ដែល​គេ​ប្រើ​នៅ​ប្រទេស​អ៊ីរ៉ង់) ទំនាក់​ទំនង​ដ៏​តូច​នេះ បាន​នាំ​ឲ្យ​យើង​មាន​ការ​សន្ទនា​គ្នា​ដ៏​ប្រសើរ​មួយ។ ខ្ញុំ​ប្រាប់​គាត់​ថា ឪពុក​ម្តាយ​ខ្ញុំ​បាន​ដាក់​ឈ្មោះ​ឲ្យ​ខ្ញុំ តាម​លំនាំ​ឈ្មោះ​របស់​តួ​អង្គ​ក្នុង​ព្រះ​គម្ពីរ គឺ “ព្រះ​នាង​អេសធើរ” ដែល​ជា​ម្ចាស់​ក្សត្រី​ដើម​កំណើត​ជន​ជាតិ​យូដា​ក្នុងចក្រ​ភព​ពើរស៊ី(សព្វ​ថ្ងៃ​នេះ ជា​ប្រទេស​អ៊ីរ៉ង់)។​ ខ្ញុំ​ក៏​បាន​ចាប់​ផ្តើម​ចែក​ចាយ​រឿង​ព្រះ​នាង​អេសធើរ ឲ្យ​គាត់​ស្តាប់ ហើយ​ក៏​បាន​ផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះ​យេស៊ូវ។ ដោយសារ​ការ​សន្ទនា​នេះ អាម៉ាន​ក៏​បាន​ចាប់​ផ្តើម​ចូល​រួម​ការ​សិក្សាព្រះ​គម្ពីរ​ប្រចាំ​សប្តាហ៍ ដើម្បី​សិក្សា​បន្ថែម​អំ​ពី​ព្រះ​គ្រីស្ទ។

លោក​ភីលីព​ដែល​ជា​សាវ័ក​របស់​ព្រះ​យេស៊ូវ បាន​ទទួល​ការ​ដឹក​នាំ​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ គាត់​បាន​សួរ​សំណួរ​មួយ ដែល​នាំ​ឲ្យ​មាន​ការ​សន្ទ​នា ជា​មួយ​មន្រ្តី​ជន​ជាតិ​អេធីយ៉ូពីរ​ម្នាក់ ដែល​កំពុង​ធ្វើ​ដំណើរ​តាម​រទេះ​សេះ។ ពេល​គាត់​ឮ​អ្នក​នោះ​កំពុង​តែ​អាន​មើល​គម្ពីរ​ហោរា​អេសាយ គាត់​ក៏​បាន​សួរ​ថា “លោក​មើល​យល់​ឬ​ទេ?”(កិច្ចការ ៨:៣០)។ កាល​នោះ បុរស​ជន​ជាតិ​អេធីយ៉ូពី​កំពុង​ស្វែង​រក​ការ​យល់​ដឹង​ខាង​វិញ្ញាណ នៅ​ក្នុង​បទ​គម្ពីរ​នោះ។ ពេល​លោក​ភីលីព​ដឹង​ថា នេះ​ជា​ឱកាស​ល្អ គាត់​ក៏​បាន “​​បើក​មាត់​សំដែង​ប្រាប់​ដំណឹង​ល្អ​ពី​ព្រះយេស៊ូវ ចាប់​តាំង​ពី​បទ​គម្ពីរ​នោះ​រៀង​ទៅ”(ខ.៣៥)។

យើង​ក៏​មាន​ដំណឹង​ល្អ​ដែល​ត្រូវ​ចែក​ចាយ​ដល់​អ្នក​ដទៃ ដូច​លោក​ភីលីព​ផង​ដែរ។​ ចូរ​យើង​ស្វែង​រក​ឱកាស​ជា​រៀង​រាល់​ថ្ងៃ​ នៅ​កន្លែង​ធ្វើ​ការ នៅ​ហាង​ទំនិញ ឬ​នៅ​តំបន់​ដែល​យើង​រស់​នៅ។​ ចូរ​យើង​អនុញ្ញាត​ឲ្យ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដឹក​នាំ​ជំហាន​យើង ហើយ​ប្រទាន​ឲ្យ​យើង​មាន​ពាក្យ ដើម្បី​ចែក​ចាយ​អំពី​ក្តី​សង្ឃឹម និង​ក្តី​អំណរ​ក្នុង​ព្រះយេស៊ូវ។—ESTERA PIROSCA ESCOBAR