ពេលដែលភរិយារបស់លោកមៃឃល(Michael)មានជម្ងឺ ដល់តំណាក់កាលចុងក្រោយ គាត់ចង់ឲ្យភរិយាគាត់ពិសោធនឹងសន្តិភាព ដែលគាត់បានទទួល តាមរយៈទំនាក់ទំនងជាមួយព្រះជាម្ចាស់។ គាត់ក៏បានចែកចាយអំពីជំនឿរបស់គាត់ ដល់នាង តែនាងមិនចាប់អារម្មណ៍សោះ។ ថ្ងៃមួយ ខណៈពេលដែលគាត់កំពុងដើរ ក្នុងបណ្ណាគារ ប្រចាំតំបន់ គាត់ក៏បានចាប់អារម្មណ៍ចំពោះសៀវភៅមួយក្បាល ដែលមានចំណងជើងថា ព្រះអង្គអើយ តើទ្រង់គង់នៅទីនេះទេ? គាត់មិនដឹងថា ភរិយាគាត់នឹងឆ្លើយតបយ៉ាងណា ចំពោះសៀវភៅនោះទេ បានជាគាត់ដើរចេញចូលៗ ក្នុងបណ្ណាគារនោះជាច្រើនដង ទំរាំតែគាត់សម្រេចចិត្តទិញវា នៅទីបញ្ចប់។ គាត់ក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលនាងទទួលយកសៀវភៅនោះ។
សៀវភៅនោះបានធ្វើឲ្យនាងប៉ះពាល់ចិត្ត ហើយនាងក៏បានចាប់ផ្តើមអានព្រះគម្ពីរផងដែរ។ ពីរសប្តាហ៍ក្រោយមក ភរិយារបស់លោកមៃឃលក៏បានលាចាកលោក ដោយមានសន្តិភាពជាមួយព្រះជាម្ចាស់ ហើយបានសម្រាក ក្នុងការធានាថា ទ្រង់នឹងមិនចាកចេញ ឬបោះបង់ចោលនាងឡើយ។
ពេលដែលព្រះជាម្ចាស់ត្រាសហៅលោកម៉ូសេ ឲ្យដឹកនាំរាស្រ្តទ្រង់ ចេញពីនគរអេស៊ីព្ទ ទ្រង់មិនបានសន្យាថា ទ្រង់នឹងប្រទានអំណាចចេស្តាដល់គាត់ឡើយ។ ផ្ទុយទៅវិញ ទ្រង់បានសន្យាថា “ទ្រង់នឹងគង់នៅជាមួយគាត់ជានិច្ច”(និក្ខមនំ ៣:១២)។ មុនពេលព្រះយេស៊ូវសុគតនៅលើឈើឆ្កាង ទ្រង់បានមានបន្ទូលទៅកាន់ពួកសិស្សទ្រង់ ដោយសន្យាថា នឹងប្រទានព្រះវត្តមានដ៏អស់កល្បរបស់ព្រះ ដែលពួកគេអាចទទួលតាមរយៈព្រះវិញ្ញាណបរិសុទ្ធ(យ៉ូហាន ១៥:២៦)។
មានការជាច្រើនដែលព្រះអាចប្រទានយើង ដើម្បីជួយឲ្យយើងអាចឆ្លងកាត់បញ្ហាប្រឈម ក្នុងជីវិត ដែលមានដូចជា ការកម្សាន្តចិត្តផ្នែកសម្ភារៈ ការប្រោសឲ្យជា និងដំណោះស្រាយភ្លាមៗសម្រាប់បញ្ហារបស់យើងជាដើម។ ប៉ុន្តែ អំណោយល្អបំផុត គឺព្រះវត្តមានរបស់ព្រះអង្គ។ យើងអាចមានការកម្សាន្តចិត្តដ៏ប្រសើរបំផុត ដោយដឹងថា ទោះជាមានអ្វីកើតឡើងក្នុងជីវិតក៏ដោយ ទ្រង់នឹងគង់នៅជាមួយយើងជានិច្ច ដោយមិនចាកចេញ ឬបោះបង់យើងឡើយ។—LESLIE KOH