លោក​អូស ហ្គីណេស(Os Guinness) បាន​និពន្ធ​សៀវភៅ​មាន​ចំណង​ជើង​ថា ការ​ត្រាស​ហៅ ។ ក្នុង​សៀវភៅ​នេះ គាត់​បាន​ពិពណ៌នា អំពី​ពេល​ដែល​លោក​វីនស្ទុន ឆឺឈីល(Winston Churchill) បាន​ទៅ​វិស្សម​កាល​ជា​មួយ​មិត្តភក្តិ​គាត់ នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​បារាំង ដោយ​អង្គុយ​នៅ​ក្បែរ​កន្លែង​ដុត​ភ្លើង ដើម្បី​កម្តៅ​ខ្លួន​គាត់ ក្នុង​ពេល​យប់​ដ៏​រងា។ ពេល​អតីត​នាយក​រដ្ឋ​មន្រ្តី​រូប​នេះ មើល​ទៅ​ភ្លើង​ដែល​កំពុង​តែ​ឆេះ គាត់​ក៏​បាន​ឃើញ​អង្កត់​ឱស​ដើម​ស្រល់ ដែល​កំពុង​តែ “ប្រេះ​បែក ដោយ​បញ្ចេញ​សម្លេង​ឈីត​ៗ ហើយ​ព្រោះ​ជ័រ​ចេញ​មក​ក្រៅ ដូច​មនុស្ស​ស្តោះ​ទឹក​មាត់។ ភ្លាម​ៗ​នោះ គាត់​ក៏និយាយ​ថា គាត់​ដឹង​ថា ហេតុ​អ្វី​បាន​ជា​អង្កត់​ឱស​នោះ​ស្តោះ​ទឹក​មាត់ ព្រោះ​គាត់​ដឹង​ថា ការ​ដែល​ត្រូវ​ភ្លើង​ឆេះ​មាន​ការ​ពិបាក​ប៉ុណ្ណា”។

ទុក្ខ​លំបាក ភាព​អសង្ឃឹម គ្រោះ​ថ្នាក់ ទុក្ខ​ព្រួយ និង​ផល​វិបាក​នៃ​ការ​ប្រព្រឹត្ត​ខុស​របស់​យើង សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​យើងមាន​អារម្មណ៍​ពិបាក​ដូច​ត្រូវ​ភ្លើង​ឆេះ។ កាលៈ​ទេសៈ​ដ៏​ពិបាក​ធ្វើ​ឲ្យ​ចិត្ត​យើង​បាត់​បង់​អំណរ និង​សន្តិភាព​បន្តិច​ម្តង​ៗ។​ ពេល​ដែល​ស្តេច​ដាវីឌ​បាន​ទទួល​ផល​វិបាក នៃ​អំពើ​បាប​ដែល​ទ្រង់​បាន​ប្រព្រឹត្ត ទ្រង់​ក៏​បាន​សរសេរ​នៅ​ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង​ថា “កាល​ទូលបង្គំ​បាន​ស្ងៀម​នៅ នោះ​ឆ្អឹង​ទូលបង្គំបាន​ខ្សោះ​ទៅ ដោយសារ​ដំងូរ​ដែល​ទូលបង្គំ​ថ្ងូរ​ជា​ដរាប​រាល់​ថ្ងៃ… ធាតុ​ទឹក​របស់​ទូលបង្គំ​បាន​ត្រឡប់​ទៅ​ជា​រីង​ហួត ដូច​ជា​រដូវ​ក្តៅ”(ទំនុកដំកើង ៣២:៣-៤)។

ក្នុង​ពេល​ដ៏​ពិបាក​បែប​នេះ តើ​យើង​ត្រូវ​ងាក​ទៅ​រក​ជំនួយ នៅ​ទី​ណា? តើ​យើង​ទៅ​រក​ក្តី​សង្ឃឹម​នៅ​ទី​ណា? សាវ័ក​ប៉ុល​បាន​ជួប​ការ​លំបាក​ជា​ច្រើន នៅ​ក្នុង​ការ​ងារ​បម្រើ​ព្រះ បាន​ជា​គាត់​សរសេរ​ថា​ “ដែល​យើង​ខ្ញុំ​ត្រូវ​គេ​សង្កត់សង្កិន​គ្រប់​ជំពូក តែ​មិន​ទ័ល​ផ្លូវ​ឡើយ មាន​សេចក្តី​វិលវល់ តែ​មិន​ទ័ល​គំនិត​ទេ។ មាន​គេ​ធ្វើ​ទុក្ខ តែ​មិន​មែន​ត្រូវ​ចោល​នៅ​ម្នាក់​ឯង​ទេ ត្រូវ​គេ​វាយ​ដួល​ស្តូក តែ​មិន​ស្លាប់​ទេ”(២កូរិនថូស ៤:៨-៩)។

តើ​យើង​អាច​ជម្នះ​ទុក្ខ​លំបាក​នេះ​ដោយ​របៀប​ណា? កាល​ណា​យើង​សម្រាក​ក្នុង​ព្រះ​យេស៊ូវ ដែល​ជា​អ្នក​គង្វាល​ដ៏​ល្អ ទ្រង់​ក៏​បាន​កែ​ព្រលឹង​យើង​ឡើង​វិញ​(ទំនុក​ដំកើង ២៣:៣) ហើយ​ចម្រើន​កម្លាំង​យើង សម្រាប់​ការ​បោះ​ជំហាន​បន្ទាប់ ក្នុង​ដំណើរ​ជីវិត​របស់​យើង។ ទ្រង់​បាន​សន្យា​ថា នឹង​ដើរ​ជា​មួយ​យើង គ្រប់​ជំហាន(ហេព្រើរ ១៣:៥)។—BILL CROWDER