ថ្ងៃមួយ នៅជាងក្រុងយេរូសាឡិម ផ្ទៃមេឃបានប្រែជាងងឹត។ មានបុរសម្នាក់បាននាំឲ្យមនុស្សទាំងហ្វូងៗ ចង់ដើរតាមគាត់ កាលពីបីរឆ្នាំមុន។ តែនៅថ្ងៃនោះ គាត់ត្រូវបានគេចាប់យកទៅឆ្កាង ដោយភាពអាម៉ាស់ និងការឈឺចាប់បំផុត។ ពេលនោះ មានអ្នកខ្លះបានទួញយំ ដោយទុក្ខសោកជាខ្លាំង។ ពន្លឺថ្ងៃមិនបានបំភ្លឺផ្ទៃមេឃនៅពេលរសៀលនោះទេ។ ហើយការឈឺចាប់ដ៏ខ្លាំងរបស់បុរសនោះ នៅលើឈើឆ្កាងបានបញ្ចប់ ពេលដែលគាត់ស្រែកឡើង ដោយសម្លេងឮៗថា “កិច្ចការបានចប់សព្វគ្រប់ហើយ”(ម៉ាថាយ ២៧:៥០ និង យ៉ូហាន ១៩:៣០)។
នៅពេលនោះ សម្លេងមួយទៀត បានបន្លឺឡើង ចេញពីព្រះវិហារដ៏ធំ នៅក្នុងទីក្រុង គឺសម្លេងក្រណាត់រហែក។ ផ្ទាំងក្រណាត់ដ៏ក្រាស់ដែលបានចែកខណ្ឌទីបរិសុទ្ធ ឲ្យដាច់ពីទីធ្លាខាងក្រៅព្រះវិហារ ក៏បានរហែកជាពីរ ពីលើចុះមកក្រោម ដោយការអស្ចារ(ម៉ាថាយ ២៧:៥១)។
វាំងននដែលបានរហែកនោះ ជានិមិត្តរូបតំណាងឲ្យភាពពិតនៃឈើឆ្កាង ដែលមានន័យថា មានផ្លូវថ្មីមួយ ដែលបានបើកទៅរកព្រះជាម្ចាស់ហើយ! ព្រះយេស៊ូវ គឺជាព្រះ និងជាបុរសដែលបានជាប់ឆ្កាង និងសុគតនៅថ្ងៃនោះ។ ព្រះលោហិតទ្រង់បានហូរ ជាយញ្ញបូជាចុងក្រោយ ជាយញ្ញបូជាដ៏ពិត និងគ្រប់គ្រាន់(ហេព្រើរ ១០:១០) ដែលបានអនុញ្ញាតឲ្យអ្នកដែលជឿទ្រង់ បានអរសប្បាយនឹងការអត់ទោសបាប និងចូលទៅក្នុងទំនាក់ទំនងជាមួយព្រះជាម្ចាស់(រ៉ូម ៥:៦-១១)។
នៅក្នុងភាពងងឹត នៅថ្ងៃសុក្រដ៏ប្រសើរនោះ យើងបានទទួលនូវដំណឹងល្អដែលមិនធ្លាប់មាន ដែលបានប្រកាសថា ព្រះយេស៊ូវបានបើកផ្លូវឲ្យយើង បានទទួលសេចក្តីសង្រ្គោះ រួចពីបាប ហើយបានពិសោធន៍នឹងការប្រកបជាមួយព្រះជាម្ចាស់ អស់កល្បជានិច្ច(ហេព្រើរ ១០:១៩-២២)។ សូមអរព្រះគុណព្រះជាម្ចាស់ សម្រាប់ព្រះរាជសារ អំពីវាំងននដែលបានរហែកជាពីរ។—DAVE BRANON