មាន​ពេល​មួយ​ខ្ញុំ​បាន​ជួប​គ្រោះ​ថ្នាក់។ ពេល​គេ​លើក​ខ្ញុំ​ចូល​ឡាន​សង្រ្គោះ​បន្ទាន់ ហើយ​រៀប​នឹង​បិទ​ទ្វារ​ឡាន កូន​ប្រុស​របស់​ខ្ញុំ កំពុង​តែ​ទាក់​ទង​ទៅ​ភរិយា​ខ្ញុំ​តាម​ទូរ​ស័ព្ទ នៅ​ក្រៅ​ឡាន​សង្រ្គោះ​បន្ទាន់។ ខ្ញុំ​ក៏​បាន​ហៅ​ឈ្មោះ​គាត់ ទាំង​ស្រវាំង​ភ្នែក ដែល​បាន​បណ្តាល​មក​ពី​ការ​ប៉ះ​ទង្គិច​ក្បាល។ កាល​នោះ​គាត់​នៅ​ចាំ​ថា ខ្ញុំ​បាន​និយាយ​យឺត​ៗ​ទៅ​កាន់​គាត់ ដោយ​ឲ្យ​គាត់​ប្រាប់​ម្តាយ​គាត់​ថា ខ្ញុំ​ស្រឡាញ់​នាង​ណាស់។

កាល​នោះ ខ្ញុំ​ប្រហែល​ជា​គិត​ថា ខ្ញុំ​ត្រូវ​លាចាក​លោក​នេះ​ហើយ ហើយ​ខ្ញុំ​ចង់​ឲ្យ​វា​ក្លាយ​ជា​ពាក្យ​ផ្តាំ​ផ្ញើ​ចុង​ក្រោយ។ ស្ថិត​ក្នុង​ពេល​បែប​នោះ ពាក្យ​បណ្តាំ​ចុង​ក្រោយ គឺ​ជា​ពាក្យ​សម្តី​ដែល​សំខាន់​បំផុត​ចំពោះ​ខ្ញុំ។

ខណៈ​ពេល​ដែល​ព្រះ​យេស៊ូវ​ស្ថិត​ក្នុង​ពេល​ដែល​ខ្មៅ​ងងឹត​បំផុត ទ្រង់​មិន​គ្រាន់​តែ​បាន​ប្រាប់​យើង​ថា ទ្រង់​ស្រឡាញ់យើង​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ តាម​របៀប​ដ៏​ជាក់​លាក់។ ទ្រង់​បាន​បង្ហាញ​ក្តី​ស្រឡាញ់​ទ្រង់ ដល់​ទាហាន​ដែល​ចម្អក​ឲ្យ​ទ្រង់ និង​បាន​យក​ដែក​គោល​មក​ដំ​ពី​លើ​ទ្រង់​ជាប់​នឹង​ឈើ​ឆ្កាង។ គឺដូច​ដែល​ទ្រង់​បាន​មាន​បន្ទូល​ថា “ឱ​ព្រះវរបិតា​អើយ សូម​អត់​ទោស​ដល់​អ្នក​ទាំង​នេះ​ផង ដ្បិត​គេ​មិន​ដឹង​ជា​គេ​ធ្វើ​អ្វី​ទេ”(លូកា ២៣:៣៤)។ ទ្រង់​បាន​ប្រទាន​ក្តី​សង្ឃឹម​ដល់​ឧក្រិដ្ឋ​ជន ដែល​បាន​ជាប់​ឆ្កាង​នៅ​ក្បែរ​ទ្រង់​ថា “ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ថ្ងៃ​នេះ អ្នក​នឹង​នៅ​ក្នុង​ស្ថានបរមសុខ​ជា​មួយ​នឹង​ខ្ញុំ​ដែរ”(ខ.៤៣)។ មុន​ពេល​ទ្រង់​ហៀប​នឹង​អស់​ព្រះ​ជន្ម ព្រះយេស៊ូវ​ក៏​ឃើញ​មាតា​ទ្រង់ និង​សិស្ស​ម្នាក់​ដែល​ទ្រង់​ស្រឡាញ់ កំពុង​ឈរ​នៅ​ទី​នោះ រួច​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​មាតា​ថា “មាតា​អើយ នុ៎ះ​ន៏ កូន​របស់​មាតា”។ រួច​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​សិស្ស​នោះ​ថា “នុ៎ះ​ន៏ ម្តាយ​អ្នក”(យ៉ូហាន ១៩:២៦-២៧)។ បន្ទាប់​មក ពេល​ដែល​ទ្រង់​ជិត​អស់​ព្រះជន្ម ទ្រង់​ក៏​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់​ចុង​ក្រោយ ដោយការ​ទុក​ចិត្ត​ព្រះ​វរបិតា ដោយ​អធិស្ឋាន​ថា “ឱ​ព្រះវរបិតា​អើយ ទូលបង្គំ​សូម​ប្រគល់​វិញ្ញាណ​ដល់​ព្រះហស្ត​ទ្រង់​វិញ”(លូកា ២៣:៤៦)។

ព្រះ​យេស៊ូវ​បាន​ជ្រើស​រើស​ការ​សុគត​នៅ​លើ​ឈើ​ឆ្កាង ដោយ​ស្ម័គ្រ​ព្រះ​ទ័យ ដើម្បី​បង្ហាញ​ចេញ​នូវ​ការ​ស្តាប់​បង្គាប់ ដល់​ព្រះ​វរ​បិតា ហើយ​ដើម្បី​បង្ហាញ​ពី​ជម្រៅ​នៃ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ចំពោះ​យើង។ ទ្រង់​បាន​បង្ហាញ​សេចក្តីស្រឡាញ់​របស់​ទ្រង់ ដែល​មិន​ចេះ​ប្រែ​ប្រួល ដល់​យើង​រាល់​គ្នា។ —TIM GUSTAFSON