ខ្ញុំ​បាន​ចូល​រួម​ការ​ប្រកួត​រត់​ម៉ារ៉ាតុន​មីវូគី ពេល​ខ្ញុំ​មាន​អាយុ​៥៤​ឆ្នាំ ដោយ​មាន​គោលដៅ​ពីរ គឺ​ដើម្បី​រត់​ឲ្យ​ដល់​ទី ហើយ​រត់​ឲ្យ​ចប់ ក្នុង​រយៈ​ពេល​ក្រោម​៥​ម៉ោង។ ការ​រត់​ក្នុង​ចម្ងាយ​២០​គីឡូ​ម៉ែត្រ​ដំបូង មាន​ដំណើរ​ការ​ល្អ តែ​បើ​សិន​ជា​ចម្ងាយ​២០​គីឡូម៉ែត្រ​បន្ទាប់ មាន​ភាព​ល្អ​ប្រសើរ​ដូចនេះ​ដែរ នោះ​មិន​ដឹង​ជា​ល្អ​យ៉ាង​ណា​ទេ។ ប៉ុន្តែ ការ​រត់​ប្រណាំង​មាន​ភាព​ហត់​នឿយ​កាន់​តែ​ខ្លាំង ហើយ​កម្លាំង​ទីពីរ​ដែល​ខ្ញុំ​សង្ឃឹម​ថា នឹង​មាន​ឡើង​វិញ ក៏​មិន​បាន​មក​រក​ខ្ញុំ​ដែរ។ នៅ​ពេល​ដែល​ខ្ញុំ​រត់​ទៅ​ដល់​ទី ការ​រត់​ដែល​ធ្លាប់​តែ​នឹង​នរ ក៏​បាន​ប្រែ​ក្លាយ​ជា​ការ​ដើរ​ដ៏​ឈឺ​ចាប់។

មិន​មែន​មាន​តែ​ការ​រត់​ប្រណាំង​ម៉ារ៉ា​តុន​ប៉ុណ្ណោះ​ទេ ដែល​ត្រូវ​ការ​កម្លាំង​ឡើង​វិញ។ ការ​រត់​ប្រណាំង​នៃ​ជីវិត​ក៏​ត្រូវ​ការ​កម្លាំង​ឡើង​វិញ​ផង​ដែរ។ ដើម្បី​អត់​ទ្រំា នៅ​ក្នុង​ការ​រត់​ប្រណាំង​នៃ​ជីវិត អ្នក​ដែល​ហត់​នឿយ និង​ព្រួយ​លំបាក ត្រូវ​ការ​ជំនួយ​របស់​ព្រះ​ជា​ម្ចាស់។ បទ​គម្ពីរ​អេសាយ ៤០:២៧-៣១ ជា​បទ​កំណាព្យ​អាពាហ៍ពិពាហ៍ និង​បទ​ទំនាយ​ដ៏​មាន​ន័យ ដែល​បាន​កម្សាន្ត​ចិត្ត​ និង​លើក​ទឹក​ចិត្ត​មនុស្ស ដែល​ត្រូវ​ការ​កម្លាំង ដើម្បី​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ ព្រះ​បន្ទូល​ដែល​មិន​ចេះ​ហួស​សម័យ​នេះ បាន​ប្រាប់​អ្នក​ដែល​អស់​កម្លាំង និង​បាក់​ទឹក​ចិត្ត​ថា ព្រះ​អម្ចាស់​មិន​ដែល​អស់​ចិត្ត ឬឈប់​ខ្វល់​ពី​ពួក​គេ​ (ខ.២៧) ហើយ​ទ្រង់​មិន​ដែល​មើល​រំលង​ទុក្ខ​លំបាក​របស់​យើង​ឡើយ។ ព្រះ​បន្ទូល​របស់​ទ្រង់ ត្រង់​ចំណុច​នេះ បាន​ប្រទាន​ការ​កម្សាន្ត​ចិត្ត និង​ការ​ធានា ហើយ​បាន​រំឭក​យើង អំពី​អំណាច និង​ប្រាជ្ញា​ដែល​គ្មាន​ដែន​កំណត់​របស់​ព្រះ​ជា​ម្ចាស់​(ខ.២៨)។

កម្លាំង​ទីពីរ ដែល​បាន​រៀប​រាប់​ក្នុង​ខ.២៩-៣១ គឺជា​អ្វី​ដែល​យើង​ត្រូវ​ការ ទោះ​យើង​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ការ​ចិញ្ចឹម ឬផ្គត់​ផ្គង់​គ្រួសារ ឬ​កំពុង​ជួប​បញ្ហា​សុខ​ភាព ឬ​ហិរញ្ញ​វត្ថុ ឬ​ក៏​បាក់​ទឹក​ចិត្ត ដោយ​សារ​ភាព​តាន​តឹង​ក្នុង​ទំនាក់​ទំនង ឬបញ្ហា​ប្រឈម​ខាង​វិញ្ញាណ​ក្តី។ នេះ​ជា​កម្លាំង​ដែល​កំពុង​តែ​រង់​ចំា អ្នក​ដែល​ពឹង​ផ្អែក​ព្រះ​អម្ចាស់ ដោយ​ការ​ជញ្ជឹង​គិតព្រះ​បន្ទូល និង​ការ​អធិស្ឋាន។—ARTHUR JACKSON