ខ្ញុំបានចូលរួមការប្រកួតរត់ម៉ារ៉ាតុនមីវូគី ពេលខ្ញុំមានអាយុ៥៤ឆ្នាំ ដោយមានគោលដៅពីរ គឺដើម្បីរត់ឲ្យដល់ទី ហើយរត់ឲ្យចប់ ក្នុងរយៈពេលក្រោម៥ម៉ោង។ ការរត់ក្នុងចម្ងាយ២០គីឡូម៉ែត្រដំបូង មានដំណើរការល្អ តែបើសិនជាចម្ងាយ២០គីឡូម៉ែត្របន្ទាប់ មានភាពល្អប្រសើរដូចនេះដែរ នោះមិនដឹងជាល្អយ៉ាងណាទេ។ ប៉ុន្តែ ការរត់ប្រណាំងមានភាពហត់នឿយកាន់តែខ្លាំង ហើយកម្លាំងទីពីរដែលខ្ញុំសង្ឃឹមថា នឹងមានឡើងវិញ ក៏មិនបានមករកខ្ញុំដែរ។ នៅពេលដែលខ្ញុំរត់ទៅដល់ទី ការរត់ដែលធ្លាប់តែនឹងនរ ក៏បានប្រែក្លាយជាការដើរដ៏ឈឺចាប់។
មិនមែនមានតែការរត់ប្រណាំងម៉ារ៉ាតុនប៉ុណ្ណោះទេ ដែលត្រូវការកម្លាំងឡើងវិញ។ ការរត់ប្រណាំងនៃជីវិតក៏ត្រូវការកម្លាំងឡើងវិញផងដែរ។ ដើម្បីអត់ទ្រំា នៅក្នុងការរត់ប្រណាំងនៃជីវិត អ្នកដែលហត់នឿយ និងព្រួយលំបាក ត្រូវការជំនួយរបស់ព្រះជាម្ចាស់។ បទគម្ពីរអេសាយ ៤០:២៧-៣១ ជាបទកំណាព្យអាពាហ៍ពិពាហ៍ និងបទទំនាយដ៏មានន័យ ដែលបានកម្សាន្តចិត្ត និងលើកទឹកចិត្តមនុស្ស ដែលត្រូវការកម្លាំង ដើម្បីបន្តដំណើរទៅមុខទៀត។ ព្រះបន្ទូលដែលមិនចេះហួសសម័យនេះ បានប្រាប់អ្នកដែលអស់កម្លាំង និងបាក់ទឹកចិត្តថា ព្រះអម្ចាស់មិនដែលអស់ចិត្ត ឬឈប់ខ្វល់ពីពួកគេ (ខ.២៧) ហើយទ្រង់មិនដែលមើលរំលងទុក្ខលំបាករបស់យើងឡើយ។ ព្រះបន្ទូលរបស់ទ្រង់ ត្រង់ចំណុចនេះ បានប្រទានការកម្សាន្តចិត្ត និងការធានា ហើយបានរំឭកយើង អំពីអំណាច និងប្រាជ្ញាដែលគ្មានដែនកំណត់របស់ព្រះជាម្ចាស់(ខ.២៨)។
កម្លាំងទីពីរ ដែលបានរៀបរាប់ក្នុងខ.២៩-៣១ គឺជាអ្វីដែលយើងត្រូវការ ទោះយើងកំពុងតែស្ថិតនៅក្នុងការចិញ្ចឹម ឬផ្គត់ផ្គង់គ្រួសារ ឬកំពុងជួបបញ្ហាសុខភាព ឬហិរញ្ញវត្ថុ ឬក៏បាក់ទឹកចិត្ត ដោយសារភាពតានតឹងក្នុងទំនាក់ទំនង ឬបញ្ហាប្រឈមខាងវិញ្ញាណក្តី។ នេះជាកម្លាំងដែលកំពុងតែរង់ចំា អ្នកដែលពឹងផ្អែកព្រះអម្ចាស់ ដោយការជញ្ជឹងគិតព្រះបន្ទូល និងការអធិស្ឋាន។—ARTHUR JACKSON