មាន​វីដេអូ​មួយ​បាន​បង្ហាញ​សកម្មភាព​របស់​បុរស​ម្នាក់ ដែល​កំពុង​លត់​ជង្គង់ នៅ​ក្បែរ​ផ្លូវ​សម្រាប់​ការ​ធ្វើ​ដំណើរ​ល្បឿនលឿន ដ៏​មមា​ញឹក ក្នុង​អំឡុង​ពេល​នៃ​ភ្លើង​ឆេះ​ព្រៃ ដែល​មិន​អាច​គ្រប់​គ្រង​បាន។ គាត់​កំពុង​ទះ​ដៃ ហើយ​ស្រែក​ហៅនរណា​ម្នាក់​ឲ្យ​មក​រក​គាត់។ តើ​គាត់​រក​អ្វី? តើ​គាត់​កំពុង​ហៅ​ឆ្កែ​គាត់​ឬ? មួយ​សន្ទុះ​ក្រោយ​មក គេ​ក៏​បាន​ឃើញ​សត្វទន្សាយ​មួយ​ក្បាល លេច​ឡើង​នៅ​ក្នុង​វីដេអូ​នោះ។ បុរស​នោះ​ក៏​បាន​លើក​ពរ​សត្វ​ទន្សាយ​ដែល​កំពុង​មាន​ការ​ភ័យ​ខ្លាច​នោះ ហើយ​ក៏​បាន​រត់​ទៅ​រក​ទី​មាន​សុវត្ថិភាព។​

តើ​ហេតុ​អ្វី​ការ​ជួយ​សង្រ្គោះ​ដ៏​តូច​នេះ អាច​ត្រូវ​គេ​លើក​យក​មក​ផ្សាយ​ក្នុង​ពត៌​មាន​ក្នុង​ប្រទេស? ព្រោះ​ការ​បង្ហាញ​ចេញ​នូវ​ការ​អាណឹត​ដល់​សត្វ​ដ៏​តូច​នេះ គឺ​នាំ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​ទស្សនិក​ជន​យ៉ាង​ខ្លាំង។ មាន​តែ​អ្នក​ដែល​មាន​ចិត្ត​ធំ​ទូលាយ និង​សប្បុរស​ទេ ដែល​មាន​ចិត្ត​អាណឹត​ចំពោះ​សត្វ​ដ៏​តូច​នេះ។

ព្រះយេស៊ូវ​មាន​បន្ទូល​ថា​ នគរ​ព្រះ​គឺ​ប្រៀប​ដូច​បុរស​ម្នាក់ ដែល​បាន​រៀប​ពិធី​ជប់​លៀង ហើយ​ហៅ​មនុស្ស​គ្រប់​គ្នាឲ្យ​មក​ចូល​រួម។ ពិធី​ជប់​លៀង​នេះ គឺ​មិន​គ្រាន់​តែ​សម្រាប់​អ្នក​ដែល​មាន​សុខ​ភាព​ល្អ និង​អ្នក​មាន​ប៉ុណ្ណោះ​ទេ តែ​ក៏​សម្រាប់ “អ្នក​ក្រ ជន​ពិការ​ដៃ​ជើង និង​ជន​ពិការ​ភ្នែក​ផង​ដែរ”(លូកា ១៤:២១)។ ខ្ញុំ​សូម​អរ​ព្រះ​គុណ​ព្រះ​ជា​ម្ចាស់​ដែល​បាន​ហៅ​អ្នក​ដែល​ទន់​ខ្សោយ និង​អ្នក​ដែល​គេ​មិន​ឲ្យ​តម្លៃ ពុំ​នោះ​ទេ ខ្ញុំ​ក៏​គ្មាន​ឱកាស​ទទួល​ការ​អញ្ជើញ​របស់​ទ្រង់​ផង​ដែរ។ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា “ព្រះ​ទ្រង់​បាន​រើស​ពួក​ល្ងង់ល្ងើ​នៅ​លោកីយ៍​នេះ ដើម្បី​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រាជ្ញ​មាន​សេចក្តី​ខ្មាស​វិញ ទ្រង់​បាន​រើស​ពួក​កំសោយ​នៅ​លោកីយ៍​នេះ … និង​ពួក​អ្នក​ដែល​គេ​មើលងាយ … ប្រយោជន៍​កុំ​ឲ្យ​មនុស្ស​ណា​បាន​អួត​ខ្លួន នៅ​ចំពោះ​ព្រះ​ឡើយ”(២កូរិនថូស ១:២៧-២៩)។

តើ​ព្រះ​ទ័យ​របស់​ព្រះ​ជា​ម្ចាស់​ត្រូវ​តែ​ធំ​ទូលាយ​ប៉ុណ្ណា ដើម្បី​ជួយ​សង្រ្គោះ​មនុស្ស​តូច​តាច​ដូច​ខ្ញុំ! ដើម្បី​ឆ្លើយ​តប ចំពោះ​ទ្រង់​វិញ ខ្ញុំ​ត្រូវ​សួរ​ខ្លួន​ឯង​ថា តើ​ចិត្ត​របស់​ខ្ញុំ​បាន​ផ្លាស់​ប្រែ​ទៅ​ជា​ធំ​ទូលាយ ដូច​ទ្រង់​ទេ? ខ្ញុំ​អាច​ដឹង​ថា ចិត្ត​ខ្ញុំ​ធំ​ទូលាយ មិន​មែន​នៅ​ពេល​ដែល​ខ្ញុំ​ផ្គាប់​ចិត្ត “មនុស្ស​សំខាន់”នោះ​ទេ តែ​នៅ​ពេល​ដែល​ខ្ញុំ​បម្រើ​អ្នក​ដែល​សង្គម រាប់​ថា ជា​មនុស្ស​តូច​ទៀប​បំផុត។—MIKE WITTMER