នៅ​តាម​ដង​ផ្លូវ​នៃ​ទីក្រុង​ឡូស អែជែលេស មាន​បុរស​អនាថា​ម្នាក់ ដែល​កំពុង​តែ​មាន​បញ្ហា​ញៀន​ថ្នាំ បាន​បោះ​ជំហានចូល​ទៅ​ក្នុង​ចំណោម​ក្រុម​ការងារ​បេសកម្ម​កណ្តាល​អាធ្រាត ហើយ​ក៏​បាន​សុំ​ឲ្យ​គេ​ជួយ​គាត់។ ចាប់​តាំង​ពី​ពេល​នោះមក លោក​ប្រាយអិន(Brian) ដែល​ជា​ជន​អនាថា​នោះ ក៏​បាន​ចាប់​ផ្តើម​ការ​ធ្វើ​ដំណើរ​ដ៏​វែង​ឆ្ងាយ ឆ្ពោះ​ទៅ​រក​ការ​ជាសៈ​ស្បើយ។

ក្នុង​រយៈ​ពេល​នោះ លោក​ប្រាយអិន​ក៏​បាន​ដឹង​ថា ខ្លួន​ស្រឡាញ់​តន្រ្តី។ ទី​បំផុត គាត់​ក៏​បាន​ចូល​រួម​ជា​មួយ​ក្រុម​តន្រ្តី​តាម​ចិញ្ចើម​ថ្នល់ ដែល​ជា​ក្រុម​តន្រ្តី​ករ​អាជីព ដែល​មាន​ចិត្ត​ស្រឡាញ់​ជន​អនាថា។ ពួក​គេ​ក៏​បាន​ឲ្យ​លោក​ប្រាយអិនលេង​ភ្លេង​ទោល តែ​ម្នាក់​ឯង នូវ​បទ​ទំនុក​ដំកើង​របស់​លោក​ហេនដេល ដែល​មាន​ចំណង​ជើង​ថា ព្រះមែស៊ី ដែលបទ​នេះ​ក៏​ត្រូវ​បាន​គេ​ហៅ​ថា បទ “មនុស្ស​ដែល​ដើរ​ក្នុង​ភាព​ងងឹត”។ ក្នុង​បទ​គម្ពីរ​ដែល​ហោរា​អេសាយ​បាន​និពន្ធ ក្នុងអំឡុង​សម័យ​ដ៏​ខ្មៅ​ងងឹត នៃ​ប្រវត្តិ​សាស្រ្ត​អ៊ីស្រាអែល គាត់​បាន​ច្រៀង​ថា “ឯ​បណ្តាជន​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត គេ​បាន​ឃើញ​ពន្លឺ​យ៉ាង​ធំ ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ក្នុង​ស្រុក​នៃ​ម្លប់​សេចក្តី​ស្លាប់ គេ​មាន​ពន្លឺ​ភ្លឺ​មក​លើ​គេ​ហើយ”(អេសាយ ៩:២)។ អ្នក​ឯក​ទេស​ខាង​រិះគន់​តន្រ្តី បាន​សរសេរ​ក្នុង​ទស្សនា​វត្តី The New Yorker ថា “លោកប្រាយអិន​បាន​ធ្វើ​ឲ្យ​ទំនុក​ច្រៀង​មាន​ន័យ​យ៉ាង​ខ្លាំង គឺ​ហាក់​ដូច​ជា​បាន​ដក​ស្រង់​ចេញ​ពី​ជីវិត​របស់​គាត់​ផ្ទាល់”។

កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​ម៉ាថាយ ក៏​បាន​ដក​ស្រង់​បទ​គម្ពីរ​នេះ​ផង​ដែរ។ ព្រះ​យេស៊ូវ​បាន​ត្រាស​ហៅ​លោក​ម៉ាថាយ ឲ្យ​ចាក​ចេញ​ពី​ជីវិត​នៃ​ការ​កេង​ប្រវ័ញ្ច​ជន​រួម​ជាតិ​គាត់ ហើយ​ឲ្យ​ដើរ​តាម​ទ្រង់​វិញ។ គាត់​បាន​ពិពណ៌​នា​ថា ព្រះយេស៊ូវ​បានសម្រេច​បទ​ទំនាយ​របស់​ហោរា​អេសាយ ដោយ​នាំ​សេចក្តី​សង្រ្គោះ​របស់​ទ្រង់ ទៅ​ដល់​ខាង​នាយ​ទន្លេ​យ័រ​ដាន់ ហើយ​បន្ត​ទៅ​ដល់​ស្រុក​កាលីឡេ​នៃ​សាសន៍​ដទៃ​(ម៉ាថាយ ៤:១៣-១៥)។

តើ​នរណា​នឹង​ជឿ​ថា អ្នក​យក​ពន្ធ​ឲ្យ​ស្តេច​សេសា ដែល​ធ្វើ​បាប​ប្រជាជន​ខ្លួន​ឯង(ម៉ាថាយ ៩:៩) ឬ​អ្នក​ញៀន​ថ្នំា​តាម​ចិញ្ចើម​ថ្នល់ ឬ​ក៏​មនុស្ស​ដូច​យើង​រាល់​គ្នា នឹង​មាន​ឱកាស​បង្ហាញ​ចេញ​នូវ​ការ​ផ្លាស់​ប្រែ​ក្នុង​ជីវិត ដែល​ចេញ​ពី​ភាព​ងងឹត ចូល​ក្នុង​ពន្លឺ? —MART DEHAAN