មានវីដេអូមួយបានបង្ហាញសកម្មភាពរបស់បុរសម្នាក់ ដែលកំពុងលត់ជង្គង់ នៅក្បែរផ្លូវសម្រាប់ការធ្វើដំណើរល្បឿនលឿន ដ៏មមាញឹក ក្នុងអំឡុងពេលនៃភ្លើងឆេះព្រៃ ដែលមិនអាចគ្រប់គ្រងបាន។ គាត់កំពុងទះដៃ ហើយស្រែកហៅនរណាម្នាក់ឲ្យមករកគាត់។ តើគាត់រកអ្វី? តើគាត់កំពុងហៅឆ្កែគាត់ឬ? មួយសន្ទុះក្រោយមក គេក៏បានឃើញសត្វទន្សាយមួយក្បាល លេចឡើងនៅក្នុងវីដេអូនោះ។ បុរសនោះក៏បានលើកពរសត្វទន្សាយដែលកំពុងមានការភ័យខ្លាចនោះ ហើយក៏បានរត់ទៅរកទីមានសុវត្ថិភាព។
តើហេតុអ្វីការជួយសង្រ្គោះដ៏តូចនេះ អាចត្រូវគេលើកយកមកផ្សាយក្នុងពត៌មានក្នុងប្រទេស? ព្រោះការបង្ហាញចេញនូវការអាណឹតដល់សត្វដ៏តូចនេះ គឺនាំឲ្យមានការចាប់អារម្មណ៍ពីទស្សនិកជនយ៉ាងខ្លាំង។ មានតែអ្នកដែលមានចិត្តធំទូលាយ និងសប្បុរសទេ ដែលមានចិត្តអាណឹតចំពោះសត្វដ៏តូចនេះ។
ព្រះយេស៊ូវមានបន្ទូលថា នគរព្រះគឺប្រៀបដូចបុរសម្នាក់ ដែលបានរៀបពិធីជប់លៀង ហើយហៅមនុស្សគ្រប់គ្នាឲ្យមកចូលរួម។ ពិធីជប់លៀងនេះ គឺមិនគ្រាន់តែសម្រាប់អ្នកដែលមានសុខភាពល្អ និងអ្នកមានប៉ុណ្ណោះទេ តែក៏សម្រាប់ “អ្នកក្រ ជនពិការដៃជើង និងជនពិការភ្នែកផងដែរ”(លូកា ១៤:២១)។ ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ដែលបានហៅអ្នកដែលទន់ខ្សោយ និងអ្នកដែលគេមិនឲ្យតម្លៃ ពុំនោះទេ ខ្ញុំក៏គ្មានឱកាសទទួលការអញ្ជើញរបស់ទ្រង់ផងដែរ។ សាវ័កប៉ុលបានមានប្រសាសន៍ថា “ព្រះទ្រង់បានរើសពួកល្ងង់ល្ងើនៅលោកីយ៍នេះ ដើម្បីនឹងធ្វើឲ្យអ្នកប្រាជ្ញមានសេចក្តីខ្មាសវិញ ទ្រង់បានរើសពួកកំសោយនៅលោកីយ៍នេះ … និងពួកអ្នកដែលគេមើលងាយ … ប្រយោជន៍កុំឲ្យមនុស្សណាបានអួតខ្លួន នៅចំពោះព្រះឡើយ”(២កូរិនថូស ១:២៧-២៩)។
តើព្រះទ័យរបស់ព្រះជាម្ចាស់ត្រូវតែធំទូលាយប៉ុណ្ណា ដើម្បីជួយសង្រ្គោះមនុស្សតូចតាចដូចខ្ញុំ! ដើម្បីឆ្លើយតប ចំពោះទ្រង់វិញ ខ្ញុំត្រូវសួរខ្លួនឯងថា តើចិត្តរបស់ខ្ញុំបានផ្លាស់ប្រែទៅជាធំទូលាយ ដូចទ្រង់ទេ? ខ្ញុំអាចដឹងថា ចិត្តខ្ញុំធំទូលាយ មិនមែននៅពេលដែលខ្ញុំផ្គាប់ចិត្ត “មនុស្សសំខាន់”នោះទេ តែនៅពេលដែលខ្ញុំបម្រើអ្នកដែលសង្គម រាប់ថា ជាមនុស្សតូចទៀបបំផុត។—MIKE WITTMER