ខ្ញុំ​មាន​ចៅ​ប្រុស​ម្នាក់​ឈ្មោះ​ចេយ(Jay)។ កាល​គាត់​នៅ​ក្មេង ឪពុក​ម្តាយ​គាត់​បាន​ឲ្យ​អាវ​យឺត​ថ្មី​មួយ ដល់​គាត់ សម្រាប់​ថ្ងៃ​ខួប​កំណើត​របស់​គាត់។ គាត់​ក៏​បាន​ពាក់​អាវ​នោះ​ភ្លាម​ៗ​តែ​ម្តង ហើយ​ក៏​បាន​ពាក់​វា​ជា​រៀង​រាល់​ថ្ងៃ ដោយ​មោទន​ភាព។

ពេល​ស្អែក​ឡើង ប៉ា​របស់​គាត់​ក៏​បាន​ឃើញ​គាត់​ពាក់​អាវ​នោះ​ទៀត ប៉ា​គាត់​ក៏​បាន​សួរ​គាត់​ថា “ចេយ តើអាវ​នោះ​បានធ្វើ​ឲ្យ​កូន​សប្បាយ​ចិត្ត​ទេ?”

ចេយ​ក៏​បាន​ឆ្លើយ​ថា “មិន​សប្បាយ​ចិត្ត​ដូច​ថ្ងៃ​ម្សិល​មិញ​ទេ?”

នេះ​ជា​បញ្ហា​ដែល​កើត​ឡើង​ជា​ធម្មតា ចំពោះ​របស់​ទ្រព្យ​ដែល​យើង​មាន។ បាន​សេចក្តី​ថា សូម្បី​តែ​របស់​ល្អ​ក្នុង​ជីវិត ក៏​មិន​អាច​ផ្តល់​ឲ្យ​យើង​នូវ​សុភមង្គល​ដ៏​ជ្រាល​ជ្រៅ និង​ស្ថិត​ស្ថេរ ដែល​យើង​ចង់​បាន​យ៉ាង​ខ្លាំង។ ទោះ​យើង​មាន​ទ្រព្យសម្បត្តិ​ច្រើន​ក៏​ដោយ ក៏​យើង​នៅ​តែ​មិន​សប្បាយ​ចិត្ត​ដដែល។

លោកិយ​ផ្តល់​ឲ្យ​យើង​នូវ​សុភមង្គល តាម​រយៈ​ការ​ទទួល​បាន​នូវ​របស់​ទ្រព្យ​បន្ថែម ដែល​មាន​ដូច​ជា ខោអាវ​ថ្មី​ៗ យាន្ត​យន្ត​ថ្មី ឬ​បាន​ទូរស័ព្ទ ឬ​ក៏​នាឡិការ​ថ្មី​ជា​ដើម។ ប៉ុន្តែ  របស់​ទ្រព្យ​ដែល​យើង​ទទួល​បាន មិន​អាច​ធ្វើ​ឲ្យ​យើង​សប្បាយចិត្ត នៅ​ថ្ងៃ​នេះ ដូច​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ឡើយ បាន​សេចក្តី​ថា ភាព​សប្បាយ​រីក​រាយ​ដែល​យើង​ទទួល​បាន​ពី​របស់​ទ្រព្យ​ទាំង​នោះ បាន​ថយ​ចុះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ មូល​ហេតុ គឺ​ដោយសារ​ព្រះ​ជា​ម្ចាស់​បាន​បង្កើត​យើង​មក សម្រាប់​ព្រះ​អង្គ គឺ​មិន​សម្រាប់​អ្វី​ផ្សេង​ទៀត​ឡើយ។

ថ្ងៃ​ណា​មួយ ពេល​ដែល​ព្រះ​យេស៊ូវ​បាន​អធិស្ឋាន​តម អស់​ជា​ច្រើន​ថ្ងៃ ដែល​ធ្វើ​ឲ្យ​ទ្រង់​មាន​ការ​ហត់​ហេវ​ខ្លាំង សាតាំង​ក៏​បាន​ចូល​មក​ល្បួង​ទ្រង់ ឲ្យ​បំពេញ​ការ​ស្រេក​ឃ្លាន​របស់​ទ្រង់ ដោយ​ធ្វើ​ថ្ម​ឲ្យ​ក្លាយ​ជា​នំប៉័ង។ ព្រះយេស៊ូវក៏​បាន​ឆ្លើយ​តប ដោយ​ដក​ស្រង់​បទ​គម្ពីរ ចោទិយកថា ៨:៣ ដែល​បាន​ចែង​ថា “មនុស្ស​មិន​មែន​រស់ ដោយសារ​តែ​នំបុ័ង​ប៉ុណ្ណោះទេ គឺ​រស់​ដោយ​សារ​គ្រប់​ទាំង​ព្រះ​បន្ទូល ដែល​ចេញ​ពី​ព្រះ​ឱស្ឋ​នៃ​ព្រះ​មក​ដែរ”(ម៉ាថាយ ៤:៤)។

ព្រះយេស៊ូវ​មិន​បាន​មាន​បន្ទូល​ថា យើង​គួរ​តែ​រស់​នៅ​ដោយ​នំប៉័ង ឬ​បាយ​តែ​ម្យ៉ាង​នេះ​ទេ។ ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​លើក​ឡើង​នូវ​ការ​ពិត​ដែល​ថា យើង​ជា​មនុស្ស​ដែល​មាន​វិញ្ញាណ ដូច​នេះ យើង​មិន​អាច​រស់​នៅ ដោយ​ពឹង​អាង​របស់ទ្រព្យ​ខាង​រូប​កាយ​តែ​ម្យ៉ាង​នោះ​ឡើយ។

ការ​ស្កប់​ចិត្ត​ដ៏​ពិត គឺ​អាច​រក​បាន នៅ​ក្នុង​ព្រះ​ជា​ម្ចាស់ និង​ភាព​បរិបូរ​របស់​ទ្រង់។—DAVID H. ROPER